ខុន​ដូ និង​សណ្ឋាគារ​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​កោះ Phu Quoc

ប្រទេស​វៀតណាម ៖ សណ្ឋាគារ ខុន​ដូ​អា​ផាត​មិន និង​រី​សត នៅ​កោះ Phu Quoc (​កោះត្រល់​) កំពុង​តែ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ប្រភព​ពី​ខាង​វិស័យ​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា អគារ​ខុន​ដូ​ត្រូវ​បាន​ពិចារណា​ឡើង​សម្រាប់​ការ​វិនិយោគ ដោយសារ​តែ​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​បំផុត និង​មាន​អ្នក​អភិវឌ្ឍន៍​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ។

ក្រៅពី​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ពី​ប្រទេស​រុ​ស្ស៊ី សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ថៃ កោះ​Phu Quoc​ក៏​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​សហគមន៍​អឺរ៉ុប​ផង​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ជា​ច្រើន​បាន​បង្កើត និង​ពង្រីក​ជើងហោះហើរ​កាន់តែ​ច្រើន​មក​កាន់​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ផង​ដែរ ចាប់តាំងពី​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ត្រូវ​បាន​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​មក ជា​ពិសេស ការ​បង្កើត​កន្លែង​ស្នាក់​នៅ​ដូច​ជា សណ្ឋាគារ ជាដើម ។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ TUI Nordic Jetliner បាន​ដឹក​ភ្ញៀវ​ទេសចរ​ជាង​១០០​នាក់​មក​ពី​សហគមន៍​អឺរ៉ុប ។ អ្នកតំណាង​ក្រុមហ៊ុន​នេះ​និយាយ​ថា ៖ « ខ្លួន​នឹង​បង្កើត​ជើងហោះហើរ​មក​កាន់​កោះ​នេះ​ជា​រៀង​រាល់​ស​ប្តា​ហ៍​នៅ​ដំណាច់ឆ្នាំ​២០១៦ » ។

ក្នុង​នោះ​ដែរ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Sun Group បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ស្វែងរក​ការ​វិនិយោគ​សាងសង់​គម្រោង​នៅ​លើ​កោះ Phu Quoc នេះ​យ៉ាង​ជោគជ័យ ។

យោង​តាម​វិនិយោគិន​សិង្ហ​បុរី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ៖ « ភ្ញៀវ​ទេសចរ​សិង្ហ​បុរី​បាន​ធ្វើ​ដំណើរ​មក​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ជា​ទៀងទាត់ ។ ពួក​គេ​បាន​ជួល​អា​ផាត​មិន​ដើម្បី​ស្នាក់​នៅ​សម្រាប់​លំហែកាយ​អស់​ជាង​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ហើយ​ពួក​គេ​ស្ម័គ្រ​ចិត្តនឹង​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​ធ្វើ​ជា​ម្ចាស់​សណ្ឋាគារ​ខុន​ដូ​នៅ​តំបន់​មាត់សមុទ្រ​ទៀត​ផង » ។

នៅ​សិង្ហ​បុរី សណ្ឋាគារ​ខុន​ដូ​ដែល​មាន​បន្ទប់​គេង​៣ មាន​តម្លៃ​ក្នុង​ចន្លោះ​ពី​៥០០.០០០​ដុល្លារ ទៅ​៨៤០.០០០​ដុល្លារ ខណៈ​ដែល​សណ្ឋាគារ​ខុន​ដូ​នៅ​កោះ Phu Quoc មាន​តម្លៃ​ត្រឹមតែ​២៥%​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​បានជា​វិនិយោគិន​ជ្រើសរើស​បោះទុន​វិនិយោគ​សាងសង់​ជា​សណ្ឋាគារ ខុន​ដូ​នៅ​លើ​កោះ Phu Quoc ជាទី​តាំង​ដ៏​ស្រស់បំព្រង​នេះ ។

លោក Leong Boon Hoe អគ្គនាយក​ទូទៅ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហ​បុរី ថ្លែង​ថា ៖ « មាន​កត្តា​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​នៅ​វៀតណាម​អាច​ទាក់ទាញ​វិនិយោគិន​សិង្ហ​បុរី​បាន ពោល​គឺ​ដោយសារ​មាន​តម្លៃ​ប្រកួតប្រជែង​ទីតាំង​ល្អ និង​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ល្បីល្បាញ » ។

ចំណែក​លោក Jonathan Tizzard អគ្គនាយក​ស្រាវជ្រាវ និង​វាយតម្លៃ​ប្រចាំ​ក្រុមហ៊ុន បាន​លើក​ឡើង​ថា ៖ « កោះ Phu Quoc មិន​ត្រឹមតែ​ទាក់ទាញ​វិនិយោគិន​សិង្ហ​បុរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ផង​ដែរ​។ ជា​ពិសេស វិស័យ​សណ្ឋាគារ គឺ​កំពុង​តែ​ទាក់ទាញ​វិនិយោគិន​មក​ពី​ជុំវិញ​ពិភពលោក ។ កោះ Phu Quoc គឺជា​ទីតាំង​ទាក់ទាញ​វិនិយោគិន​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​កន្លែង​ដទៃ​ទៀត » ។

ក្រុមហ៊ុន​ដែល​បាន​អភិវឌ្ឍន៍​ផ្នែក​សណ្ឋាគារ​ខុន​ដូ​នៅ​លើ​កោះ​នេះ​ឲ្យ​ដឹង​ថា ទីផ្សារ​សណ្ឋាគារ​ខុន​ដូ​កំពុង​តែ​មានការ​ទាក់ទាញ​វិនិយោគិន ពីព្រោះ​វា​មា​នទី​តាំងនៅ​ជិត​មាត់សមុទ្រ ជាមួយនឹង​ដើមឈើ​ជុំវិញ និង​ធ្វើ​ឲ្យ​វា​ក្លាយជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ប្រាក់​ចំណេញ​យ៉ាង​ហោច​ណាស់​៩% ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​៩​ឆ្នាំ ដោយ​ផ្តល់​ការ​ស្នាក់​នៅ​មិន​គិតថ្លៃ​សម្រាប់​អ្នកបញ្ជា​ទិញ​សណ្ឋាគារ​ខុន​ដូ​នេះ ។

គួរ​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល​វិនិយោគ​ដ៏​ខ្លាំងក្លា​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដទៃ​ទៀត​ដូច​ជា ក្រុមហ៊ុន Vingroup និង​ក្រុមហ៊ុន LDG Group ក៏​បាន​សាងសង់​សណ្ឋាគារ​ខុន​ដូ​នៅ​លើ​កោះ​ដ៏​ស្រស់​ស្អាត​នេះ​ផង​ដែរ ។ ដូច្នេះ ការ​អភិវឌ្ឍ​សណ្ឋាគារ​ខុន​ដូ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​វាយលុក​ទីផ្សារ​នៅ​ក្នុងឆ្នាំនេះ​ហើយ ៕