​វិស័យ​អាជីវកម្ម​តាម​អន​ឡាញរីក​ចម្រើន តែ​ប្រឈមការ​បរាជ័យ

វិស័យ​ព័ត៌​មាន ក៏​ដូច​ជា​អាជីវកម្ម​តាម​អន​ឡាញ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដោយ​មនុស្ស​ភាគ​ច្រើន​មាន​ទំនោរ​ចំណាយ​ពេល​វេលា​តាម​ដាន​ព័ត៌មាន​ឬ​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​តាម​អន​ឡាញ​ជា​ជាង​ការ​អាន​កាសែត ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍។ តែ​យ៉ាង​ណា អ្នក​ជំនាញ​ជឿ​ថា អាច​បរាជ័យ​បាន​បើ​ម្ចាស់​អាជីវកម្ម​មិន​បាន​ច្នៃប្រឌិត​លើ​មាតិកា​របស់​​ខ្លួន​ឲ្យ​ស្រប​តាម​​តម្រូវការ​របស់​អ្នក​អាន​។

 

​វិស័យ​អាជីវកម្ម​តាម​អន​ឡាញរីក​ចម្រើន តែ​ប្រឈមការ​បរាជ័យ

 

លោក បេ ចន្ទ្រា អ្នក​ធ្វើការ​ផ្នែក​យុទ្ធសាស្ត្រ​ឌីជីថល​មួយ​រូប​បាន​គូស​បញ្ជាក់​នៅ​ក្នុង​កម្មវិធី E Business in Cambodia ថា សព្វថ្ងៃ​សូម្បី​លោក​ក៏​មិន​មាន​ពេលវេលា​ច្រើន​ដើម្បី​មើល​កម្មវិធី​ផ្សេង​ៗ​លើ​ទូរទស្សន៍​ដែរ តែ​លោក​អាច​ដឹង​ដំណឹង​នានា​តាម​រយៈ​អនឡាញ និង​នៅ​តាម​បណ្តាញ​សង្គម។

 

លោក​សង្កេត​ឃើញ​ មនុស្ស​ភាគ​ច្រើន​មាន​ទំនោរ​ចំណាយ​ពេល​លើ​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​ការ​បោះពុម្ភ​ធ្លាក់​ចុះ​។ ​សូម្បី​តែ​ទូរទស្សន៍​ក៏​ដូច​វិទ្យុ​ក៏​មាន page ​ផ្ទាល់​ខ្លួន​នៅ​លើ​អន​ឡាញ​ផង​ដែរ​។

 

កញ្ញា យ៉ាណា និស្សិត​នៃ​សាកលវិទ្យាល័យ​មេគង្គ ប្រាប់​ថា នាង​មិន​ដែល​មើល​ទូរទស្សន៍​ទេ ចាប់​តាំង​ពី​ផ្លាស់​មក​រៀន​នៅ​ភ្នំពេញ​ជាង ​២ ឆ្នាំមក​នេះ។ អ្នក​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះបន្ត​ថា នាង​អាន​ដំណឹង​ឬ​ទស្សនា​កម្មវិធី​លើ​បណ្តាញ​សង្គម និង youtube តាម​ទូរសព្ទ​ដៃ​ដោយសារ​លឿន​​និង​មាន​ភាពងាយ​ស្រួល។

 

កុសល និស្សិត​ផ្នែក IT មក​ពី​សាកលវិទ្យាល័យ​ខាង​លើ​ដែរ ថា ទោះ​វេប​សាយ​ឬ Page តាម​អន​ឡាញ​ច្រើន​សំបូរ​បែប​យ៉ាងណា តែខ្លួនមិ​នចុច like ទាំង​អស់​នោះ​ដែរ លុះ​ត្រាតែ​វា​មើល​ទៅ​មាន​អត្ថប្រយោជន៍​​។

 

លោក​ បេ ចន្រ្តា​បានបន្ត​ថា ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន​បាន​ងាក​មក​ពង្រីក​វិសាលភាព​​របស់​​ខ្លួន​តាម​រយៈ​អន​ឡាញ។  តែ​យ៉ាងណា​វា​នៅ​តែ​អាច​ជួប​បរាជ័យ​បាន បើ​ម្ចាស់​អាជីវកម្ម​មិនបាន​គិត​គូ​ពង្រឹង​​លើ​មាតិកា​របស់​ខ្លួន​​​ឲ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា។

 

លោក បេ ចន្ទ្រា ថា យុទ្ធសាស្រ្ត​ដែល​អាច​ឲ្យ​អាជីវកម្ម​តាម​អនឡាញ​ទទួល​បាន​ជោគជ័យគឺ​ត្រូវ​បង្កើត​ភាព​ច្នៃប្រឌិត​​លើ​មាតិកា​ទាំង​អត្ថបទ រូបភាព វីដេអូ​ ​ធ្វើ​យ៉ាង​ណា​មាន​ប្រយោជន៍​ដែល​អាច​ឆ្លើយតប​តម្រូវការ​ដើម្បី​​អាច​ទាក់ទាញ​ចិត្ត​អ្នក​ទស្សនា​។

 

អត្ថបទ៖ លឹម សុនា