អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​សហគមន៍​នៅ​ខេត្ត​ពីរ​មាន​សមត្ថភាព​ទាប​ក្នុង​ការ​ការពារ​ព្រៃ​ត្រូពិច

អ្នក​ស្រាវជ្រាវ​រក​ឃើញ​បញ្ហា​សំខាន់​ចំនួន​បី ទាក់ទិន​ចំណេះ​ដឹង ផ្នត់​គំនិត និង​ការ​ប្រព្រឹត្ត​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នៃ​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៧ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ពាក់ព័ន្ធ​គម្រោង​ការពារ​ព្រៃ​ត្រូពិច និង​ជីវចម្រុះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។

សមត្ថភាព​ការពារ​ជីវភាព​រស់នៅ និង​សមត្ថភាព​ការពារ​ព្រៃ​ត្រូពិច រួម​ទាំង​ភាព​រឹងមាំ​នៃ​ការ​សម្រេច​ចិត្ត​របស់​សហគមន៍ ឋិត​នៅ​កម្រិត​ទាប​នៅ​ឡើយ ខណៈ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​៧ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​សិទ្ធិ​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

ការ​វាយ​តម្លៃ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​រៀបចំ​ដោយ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា (SCW) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា តាម​រយៈ​បទ​បង្ហាញ​របស់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ដែល​បាន​សិក្សា​ធ្វើ​បទសម្ភាសន៍​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន មន្ត្រី​ជំនាញ​ប្រមាណ ៩០​នាក់​ក្នុង​ភូមិ​ចំនួន​១៥ ឃុំ​ចំនួន​៧ និង​ស្រុក​ចំនួន​៥ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក ឃី អាន ថ្លែង​បញ្ជាក់​ថា នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដំបូង​នៃ​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​គម្រោង​ការពារ​ព្រៃ​ត្រូពិច និង​ជីវចម្រុះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់៖ «ជាទូទៅ រឿង​សិទ្ធិ​ប្រជាពលរដ្ឋ​យល់​ដឹង​តិច​នៅ​ឡើយ អ៊ីចឹង​ហើយ​យើង​សិក្សា​ឲ្យ​ឃើញ ដើម្បី​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​គាត់​បង្រៀន ឬ​ផ្ទេរ​ចំណេះ​ដឹង​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​បាន​យល់​ដឹង»

អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា បាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា និង​លើក​កម្ពស់​សិទ្ធិ​រស់នៅ​របស់​សហគមន៍​តាំង​ពី​ឆ្នាំ​២០០៦។ ចាប់​ពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន អង្គការ​នេះ​កំពុង​អនុវត្ត​សកម្មភាព​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។

ប្រធាន​គម្រោង​នៃ​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា លោក ចាន់ វិចិត្រ កត់​សម្គាល់​ដែរ​ថា ការ​ពង្រឹង​ចំណេះ​ដឹង​សហគមន៍​ពាក់ព័ន្ធ​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ ទាមទារ​ពេលវេលា និង​ការ​ចូលរួម​របស់​ដៃគូ​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ៖ «ព្រោះ​ការ​បង្រៀន​របស់​យើង​ត្រឹម​បុគ្គលិក​គម្រោង មិន​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ធំ​ធេង​ក្នុង​រយៈពេល​ខ្លី​បាន​ទេ។ ខ្ញុំ​សូម​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​កិច្ច​ការពារ​ព្រៃ និង​ធនធាន​ធម្មជាតិ»

ក្រសួង​បរិស្ថាន ទទួល​ស្គាល់ និង​កាត់​ចេញ​ដី​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លើ​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ (២០.៨២០​ហិកតារ) ប្រគល់​ទៅ​ឲ្យ​សហគមន៍​ការពារ​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី និង​នៅ​ខេត្ត​ស្ទឹងត្រែង។

តំណាង​សហគមន៍​តំបន់​អូរ​គគីរ លោក ផាត់ សាវុធ កត់​សម្គាល់​ដែរ​ថា សហគមន៍​លោក​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣ រហូត​ពេល​នេះ សហគមន៍​បាន​រៀបចំ​បោះ​បង្គោល​ព្រំ​ដី​សហគមន៍ បោះ​ស្លាក​សញ្ញា​តំបន់​ព្រៃ​ការពារ និង​រៀបចំ​តំបន់​ទេសចរណ៍​រក​ប្រាក់​ចំណូល​បង្កើន​ជីវភាព​អ្នក​ភូមិ។ លោក​បន្ត​ថា សហគមន៍​នៅ​មាន​តម្រូវ​ការ​បង្កើន​សមត្ថភាព​យល់​ដឹង និង​ការ​ចូលរួម​បន្ថែម​ទៀត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី រួម​ទាំង​បណ្ដា​ក្រុមហ៊ុន​សម្បទាន​មាន​ទីតាំង​ក្បែរ​ព្រៃ​ការពារ សហការ​គ្នា​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «កន្លែង​តំបន់​ណា​មាន​ក្រុមហ៊ុន ផ្តាំផ្ញើ​គាត់​ហាម​ឃាត់​គាត់​កុំ​ឲ្យ​ចូល​ដី​សហគមន៍»

យ៉ាង​ណា​ក៏ដោយ ​អភិបាល​ស្រុក​វ៉ឺនសៃ លោក ជុំ ងិល មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ គាំទ្រ​ការ​បង្កើត​សហគមន៍​តំបន់​ធម្មជាតិ ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ និង​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​សហគមន៍​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រៀបចំ​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​សហគមន៍ ដាក់​បញ្ចូល​ក្នុង​ផែនការ​សមាហរណកម្ម​ថ្នាក់​ឃុំ ដើម្បី​អាជ្ញាធរ​គាំទ្រ​ជា​ប្រចាំ​ជាមួយ​សហគមន៍៖ «ក្រោយ​ពី​យើង​ណែនាំ​ឃើញ​ថា គាត់​ធ្វើ​សកម្មភាព​គាត់​សហការ​ធ្វើ​បាន​ល្អ​ដែរ»

អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា មាន​គោលដៅ​ចូលរួម​អភិរក្ស​ព្រៃ​ឈើ​ត្រូពិច រក្សា​ឲ្យ​មាន​មុខងារ​ជា​កន្លែង​រក្សា និង​ផ្ទុក​កាបូន និង​ជា​ជម្រក​ពពួក​សត្វ និង​រុក្ខជាតិ​ជិត​ផិត​ពូជ ជាពិសេស​ជំរុញ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ចេះ​ប្រើ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ព្រៃ​ឈើ និង​ចេះ​ការពារ​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។