បាញ់២គ្រាប់ ដើម្បីការពារខ្លួន និងឃាត់ខ្លួនក្មេងទំនើងម្នាក់​ ក្រោយជម្លោះវាយគ្នានៅក្លឹបអារីណា

ភ្នំពេញ៖ ក្រោយជម្លោះវាយតប់គ្នា​ នៅក្លឹបអារីណា​ មិនអស់ចិត្ត​ ហើយនាំគ្នីគ្នាមកវាយគ្នាម្តងទៀត​ ដើម្បីការពារខ្លួន​ ក្រុមសមត្ថកិច្ច បានបាញ់ពីរគ្រាប់​ កនុងនោះយុវជនទំនើងម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ដោយសារតែផឹកស៊ីស្រវឹង បង្កជម្លោះវាយតប់គ្នា​ នៅវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៤៨៤ កែងនឹងផ្លូវលេខ១០៣ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ 

មូលហេតុដល់ការផ្ទុះអាវុធនេះ​ ក៏ព្រោះតែ​ នៅពេលសមត្ថកិច្ចទៅណែនាំ ក្រុមក្មេងទំនើងទាំងនេះ បានទាញដំបង និងខ្សែក្រវ៉ាត់ដេញ វាយរបួស២នាក់ ទើបសមត្ថកិច្ចបាញ់ឡើងលើមេឃចំនួន២គ្រាប់ ដើម្បីការពារខ្លួន និងបន្ថយស្ថានការណ៍​។

មន្ត្រីនគរបាល​ បានឱ្យដឹងថា ជនទំនើងខាងលើនេះ និងមិត្តភក្តិបាននាំគ្នាចូលផឹកស៊ី នៅក្នុងក្លឹបកំសាន្ត អារីណា ហើយក៏បានបង្ក ជម្លោះវាយតប់គ្នាជាមួយភាគីម្ខាងទៀត ហើយពេលនោះសន្តិសុខក្លឹបក៏បានឃាត់ និងឱ្យចេញមកក្រៅ រួចទំនាក់ទំនងទៅសមត្ថកិច្ច មូលដ្ឋាន ឱ្យមកជួយអន្តរាគមន៍ ។​ បន្ទាប់ពីធ្វើការសម្របសម្រួលភាគីម្ខាងទៀត បានចូលទៅក្នុងក្លឹបវិញ ចំណែកភាគីជនទំនើង មិនអស់ចិត្ត ក៏បានហៅបក្ខពួកជាច្រើននាក់ទៀត មកបន្ថែមចាំវាយពេលចេញមកវិញ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច៤នាក់បានទៅ ធ្វើការណែនាំ ប៉ុន្តែក្មេងទំនើងស្រវឹងស្រាជោកជាំ បានស្រែកខ្លាំងៗមកលើសមត្ថកិច្ច បានទាញដំបង និងខ្សែក្រវ៉ាត់ដេញវាយបណ្តាល ឱ្យរបួស២នាក់ ដោយម្នាក់ត្រូវជើង និងម្នាក់ទៀតបែកមាត់ សមត្ថកិច្ចក៏សម្រេចចិត្តបាញ់ឡើងលើមេឃ២គ្រាប់ ដើម្បីការពារខ្លួន ។
មន្ត្រីនគរបាល​ បានបញ្ជាក់បន្ថែមថា​ ពេលបាញ់ការពារខ្លួនហើយនោះ ពួកក្រុមក្មេងទំនើង​ បែរជាមិនខ្លាចហើយដេញវាយ សមត្ថកិច្ច ដើម្បីដណ្តើមកំាំភ្លើង ប៉ុន្តែត្រូវបានសន្តិសុខតាមក្បែរនោះ និងប្រជាពលរដ្ឋនាំគ្នាជួយ ទើបក្រុមនោះ​ រត់ចែកជើងគ្នា ភ្លាមនោះ សមត្ថកិច្ចដេញតាម ហើយជនទំនើងខាងលើថែមទាំងធាក់ម៉ូតូសមត្ថកិច្ច រួចក៏ធ្លាក់ជង្ហុកខ្លួនឯងដួល និងព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បាន និងទប់កំហឹងមិនបានវាយម្នាក់មួយដៃមួយជើង របួសបែកមុខបែកមាត់ ។​ ក្រោយមកសមត្ថកិច្ច បាននាំខ្លួនជនទំនើងរូបនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីសួរនាំបន្តចាត់ការតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត