ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្ស៊ី​កងទ័ព​ស៊ី​រី​កំពុង​ឈាន​ទៅ​រំដោះ​ក្រុង​បុរាណ​PALMYRE

កងទ័ព​ស៊ី​រី​បាន​រួមរឹត​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​បុរាណ PALMYRE ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កងទ័ព​រុ​ស្ស៊ី​ដែល​ហាក់​ចូលរួម​ដៃ​ប្រយុទ្ធ​កាន់តែ​ខ្លាំង​ដែល​ការ​ជួយ​ទ្រទ្រង់​នេះ​ឈាន​ទៅ​ដណ្តើម​យក​បាន​ទីក្រុង​នេះ​ស្ថិត​នៅ​ភាគ​កណ្តាល​ស៊ី​រី ។

នៅ​ប្រទេស​អុ​ី​រ៉ា​ក់​ជិតខាង ក្រុម​ជី​ហា​ដ​នេះ ក៏​រង​ការ​គាបសង្កត់ រួច​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គ្រោង​ពង្រឹង​ការ​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល​អុ​ី​រ៉ា​ក់ ដែល​នា​ពេល​ថ្មី​ៗ​នេះ​ធ្វើការ​វាយលុក​មួយ​ប៉ុនប៉ង​ដណ្តើម​យក​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​តាំង​សំខាន់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ប្រទេស ។

នៅ​ស៊ី​រី កងកម្លាំង​រដ្ឋាភិបាល​បាន​បើក​ធ្វើ​ពី​ថ្ងៃ​ទី​៧ មីនា មក នូវ​ការ​វាយលុក​មួយ ដើម្បី​រំដោះ​ក្រុង PALMYRE ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ដណ្តើម​យក​ទីក្រុង​នេះ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ រួច​បំផ្លាញ​បណ្តា​វត្ថុ​បុរាណ​នៅ​ទីនោះ ។

នាយទាហាន​ស៊ី​រី​ម្នាក់​នៅ​លើ​ទីលានប្រយុទ្ធ​អះអាង​ប្រាប់ AFP ថា ការ​ប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង PALMYRE ឈាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ ហើយ​ការ​ប្រយុទ្ធ​យ៉ាង​សាហាវ​នានា​កើត​មាននៅ​ទីនោះ ។

កាលពី​ថ្ងៃ​ទី​២៦ មីនា កងទ័ព​រដ្ឋាភិបាល​វាយ​យក​បាន​ពី​ពួក​ជី​ហា​ដ​នូវ​មូលដ្ឋាន AL-AMARIYAH ភាគ​ខាងជើង​ក្រុង PALMYRE ។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី SANA រៀបរាប់​ពី​ការ​វាយលុក​មួយ​នា​ព្រឹក​ព្រលឹម​របស់​កងទ័ព​លើ​ភាគ​ខាងត្បូង​ក្រុង​បុរាណ​នេះ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ក៏​ប្រព្រឹត្ត​ទៅ​ផង​ដែរ​ក្នុង​ព្រ​លាន​យន្តហោះ​ភាគ​ខាងកើត​ក្រុង ។

កងទ័ព​ស៊ី​រី​ជួយ​ទ្រទ្រង់​ដោយ​បណ្តា​ពួក​ជីវពល ពួក​យុទ្ធ​ជន​ស៊ី​អុ​ី​ត​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​បណ្តា​កងឯកភាព​ពិសេស​នៃ​កងទ័ព​រុ​ស្ស៊ី ។ នាយទាហាន​ស៊ី​រី​អះអាង​ថា យើង​អាច​និយាយ​ថា យើង​បាន​ឡោម​ព័ទ្ធ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ពី​ភាគ​និរតី ភាគ​ខាងលិច និង​ភាគ​ពាយ័ព្យ​ក្រុង ។ ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ក៏​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ ហើយ​គេ​ស្តាប់​ឮ ស្នូរ​ផ្ទុះ​ខ្លាំង​ៗ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​សំដៅ​បណ្តា​ទីតាំង​ពួក​ជី​ហា​ដ ។

នាយទាហាន​ស៊ី​រី​រៀបរាប់​ទៀត​ថា ពួក​រុ​ស្ស៊ី​បាន​ចូលរួម​ប្រយុទ្ធ​នៅ​លើ​ដី តាម​អាកាស ហើយ​ក៏​ទទួល​បន្ទុក​ផង​ដែរ ចាប់​ការ​ទាក់ទង​គ្នា​រវាង​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​ចូលរួម​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី​មាន​លក្ខណៈ​ខ្លាំងក្លា​ពេល​ចាប់​វាយលុក​ជាមួយ​ការ​ទម្លាក់​គ្រាប់បែក​ដល់​ទៅ​១៥០​លើក​ដែល​អាច​ឱ្យ​យើង​វាយ​ដណ្តើម​​យក​កូនភ្នំ​ទាំងឡាយ​នៅ​ជុំវិញ​ក្រុង ការ​វាយប្រហារ​តាម​អាកាស​ត្រូវ​កាត់​បន្ថយ​យ៉ាងច្រើន ព្រោះ​ឈាន​ចូល​ដល់​ការ​ប្រយុទ្ធ​នៅ​តាម​វិ​ថី​នានា ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា កង​យន្តហោះ​រុ​ស្ស៊ី​ហោះ​ចេញ​វាយប្រហារ​ជាង​៤០​លើក រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​សំដៅលើ​ទីតាំង​ជាង​១៥០​កន្លែង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ អ្នកកាសែត AFP ចុះ​ដល់ទី​លាន​បានឃើញ​កងកាំភ្លើងធំ​រុ​ស្ស៊ី និង​ស៊ី​រី​បាញ់​ដាក់​ទីតាំង​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពី​ទី​ខ្ពស់​មួយ ។ កង​ទាហាន​រុ​ស្ស៊ី​នៅ​លើ​ទីលាន​មាន​សម្ភារ​ទំនើប​ៗ ពិសេស​កែវ​យឺត​ទំនើប ។

តាម​នាយទាហាន​ស៊ី​រី​រូប​នេះ​ថា ជំហរ និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ខុស​ពី​អង្គការ​ឯទៀត​ៗ ។ ពួក​ជី​ហា​ដ​ក្រាញ​នៅ​លើ​ទីលាន​ពុំ​ព្រម​ដកថយ​នាំ​ឱ្យ​ការ​ប្រយុទ្ធ​មានការ​លំបាក​ខ្លាំង ហើយ​ប្រើ​ពេល​យូរ ។ ម្យ៉ាងទៀត ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​ពួក​អត្តឃាត ព្រមទាំង​ឧបករណ៍​ទំនើប ។ ប្រសិនបើ​យើង​ឈ្នះ​នោះ​នឹង​ជា​បរាជ័យ​ដ៏​ធំ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។ បែប​នេះ​នាំ​ឱ្យ​មាន​ទំនុកចិត្ត​លើ​កងទ័ព ហើយ​កងទ័ព​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការ​វាយប្រហារ​រំដោះ​ទីក្រុង​រ៉ា​កា ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស ព្រមទាំង​ចាត់ទុកជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕