លោកហ៊ុន ម៉ាណែត ចេញទៅអាមេរិកនៅថ្ងៃទី8 មេសា

ភ្នំពេញ​:

លោកហ៊ុន ម៉ាណែត និងក្រុមការងារគ្រោងនឹងចេញដំណើរទៅ សហរដ្ឋអានេរិកនៅថ្ងៃទី8
មេសា ខាងមុខនេះ ដើម្បីអញ្ជើញចូលរួម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
ជាមួយប្រជាពលរដ្ឋខ្មែរ នៅតាមរដ្ឋនានានៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោកមិនចូលរួម
ក្នុងព្យុះហយាត្រានៅទីក្រុងឡុងប៊ិចនោះ
គឺដើម្បីបញ្ជៀសកុំអោយមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋខ្មែរនិងខ្មែរនៅទីនោះ។

ទាក់ទងការមិនចូលរួមព្យុហយាត្រានៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកបានធ្វើអោយក្រុមបក្សប្រឆាំងនិង
បណ្តាញសារព័ត៍មានក្នុងស្រុកមួយចំនួនបានផ្សាយមួលបង្កាច់ការពិត
និងប្រាសចាកខុសពីការពិតថា លោកហ៊ុន ម៉ាណែត
លុបចោលគំរោងទៅសហរដ្ឋអាមេរិកទៅវិញ។ ប៉ុន្តែតាមគម្រោងលោកហ៊ុន ម៉ាណែត
និងក្រុមការងារ នឹងធ្វើដំណើរចេញពីកម្ពុជា ទៅសហរដ្ឋអាមេរិកនៅថ្ងៃទី8 ខែមេសា
ខាងមុខនេះ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា
ក្នុងស្មារតីជាកូនខ្មែរមួយរូប លោកមិនចង់ឃើញនូវភាពល្អក់កករ
និងការបែកបាក់រវាងខ្មែរនិងខ្មែរ
ជាពិសេសដើម្បីបញ្ចៀសអំពើហឹង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រ
និងអ្នកមិនគាំទ្រក្នុងពេលព្យុះហយាត្រា ដែលនាំអោយខាត
ប្រយោជន៍ជាតិសាសន៍យើងទាំងមូល
លោកនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ។
លោកបន្តថា សូមបងប្អូនដែលគាំទ្រការចូលរួមរបស់លោកក្នុងពិធីព្យុហយាត្រា មេត្តាយោគយល់អំពីការ
សម្រេចចិត្តនេះ
ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ
ព្យុហយាត្រានេះអោយបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ
ក្នុងនាមជាតិសាសន៍តែមួយ។

លោកហ៊ុន ម៉ាណែត
បានថ្លែងថា"ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនាពេលខាងមុខ
ខ្ញុំនិងបងប្អូនក្រុមការងារនឹងទៅចូលរួមកម្មវិធីផ្សេងៗ
ឆ្លើយតបទៅនឹងការអញ្ជើញរបស់បងប្អូនខ្មែរដែលរស់នៅតាមបណ្តារដ្ឋនានានៅ សហរដ្ឋអាមេរិក
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី
ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ក្នុងពេលទស្សនៈកិច្ចនោះផងដែរ
ខ្ញុំនិងបងប្អូនរួមដំណើរ ក៍ត្រូវបានអញ្ជើញអោយចូលរួម
ក្នុងពិធីព្យុហយាត្រាវប្បធម៌នៅទីក្រុងឡុងបិច ក្នុងគោលបំណងរួមគ្នាដើ
ម្បីលើកស្ទួយវប្បធម៌និងកិត្តយសជាតិរបស់យើង។ ខ្ញុំសម្រេចចិត្តទទួលយល់ព្រម
ចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា
គឺដើម្បីបង្ហាញការគាំទ្រ
យ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៍ល្អរបស់គណៈកម្មាធិការ
ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ (នៅអាមេរិក
នៅស្រុកខ្មែរ ឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយស
ជាតិខ្មែរនៅលើឆាក អន្តរជាតិក្នុងឱកាសដ៍ពិសេសនេះ។ ក្នុងឆ្នាំ២០១០
ក៍ធ្លាប់មានការអញ្ជើញលោក កឹម សុខា ចូលរួមក្នុងពិធីនោះ ហើយឯកឧត្តម
ក៏បានដឹកនាំក្រុមការងារចូលរួមផងដែរ ។

ជាការសោកស្តាយណាស់
ក្រោយពីខ្ញុំនិងក្រុមការងារបានសម្រេចចិត្តទទួលការអញ្ជើញរបស់អ្នករៀបចំកម្មវិធី ព្យុហយាត្រា

ក៍មានការរៀបចំនិងបំផុសប្រឆាំងការចូលរួមនេះ ដោយសកម្មជនពីររូបរបស់គណបក្សសង្គ្រោះជាតិ
គឺលោកទូច វិបុល (Touch Vibol) និងលោក ប្រាឌីណុយ យ៉ាំង (Brady Nuy Young)
ដោយបានបំផុសថា ការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុះហយាត្រានេះ
គឺដើម្បីឃោសនាអោយគណបក្សប្រជាជន ។ 

អ្នកទាំងពីរបានគម្រាមថានឹងរៀបចំបាតុកម្មប្រឆាំងខ្ញុំនិងក្រុមការងារនៅពេល ព្យុហយាត្រាវប្បធម៌
និងរៀបចំគម្រោងដើរតាមធ្វើបាតុកម្មប្រឆាំងនៅគ្រប់ទីកន្លែង
ដែលបងប្អូនសហគមខ្មែរនៅសហរដ្ឋអាមេរិកមានគម្រោងរៀបចំកម្មវិធីជួបជុំគ្នា ដើម្បីសប្បាយ រីករាយ
អបអរសាទរបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរ
ហើយដែលបានអញ្ជើញខ្ញុំនិងក្រុមការងារចូលរួមអបអរសាទរជាមួយគ្នា។
ក្នុងពេលជាមួយគ្នានេះ

ក៍មានប្រជាពលរដ្ឋខ្មែរជាច្រើនបានចេញមកធ្វើការការពារនិងស្វាគមន៍ការចូលរួម របស់ខ្ញុំ
ដោយលោកគិតថាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ជាពេលដែលយើងគួររួបរួមគ្នា មិនយកខ្មែរណាជាសត្រូវ
ទោះមាននិន្នាការនយោបាយខុសគ្នាក៏ដោយដើម្បីរួមគ្នាលើកស្ទួយប្រពៃណី
វប្បធម៌និងកិត្តិយសជាតិខ្មែរយើង។ បងប្អូនបានធ្វើសកម្មភាពតាមច្រើនរូបភាព
ដូចជាការដាក់ញត្តិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង២០០នាក់
ដែលរស់នៅក្នុងទីក្រុងឡងបិច និងតំបន់ជុំវិញទៅជូនលោកចៅសង្កាត់ទី ៦
នៃទីក្រុងឡុងបិច (លោក អាន់ឌ្រូ ឌី) ការចេញឃ្លីបវីឌីអូគាំទ្រ តាម facebook
របស់បងប្អូនខ្មែរដែលរស់នៅទីក្រុងឡុងបិច នៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក
និងបណ្តាប្រទេសមួយចំនួនទៀត។

រហូតដល់មានបងប្អូនមួយចំនួនបានប្រកាសថា
នឹងរៀបចំប្រមូលគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងបាតុកម្ម
ដែលគ្រោងរៀបចំដោយក្រុមលោកទូច វិបុល និង ណុយ យ៉ាំង
នៅក្នុងពិធីព្យុហយាត្រានោះផងដែរ។
ខ្ញុំសូម អរគុណចំពោះបងប្អូនទាំងអស់ដែលបានគាំទ្រចំពោះការចូលរួមរបស់ខ្ញុំនិង ក្រុមការងារក្នុងពិធីព្យុហយាត្រានេះ។
ប៉ុន្តែ
ដូចដែលខ្ញុំបានសរសេរនៅក្នុងសារដែលបានបង្ហោះរួចមកហើយនៅលើទំព័រ facebook
របស់ខ្ញុំកាលពីពេលកន្លងទៅនេះ ដែលបានបញ្ជាក់ថា
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
គឺជាឱកាសពិសេសមួយដែលខ្មែរយើងគួររួបរួមគ្នា
មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិសាសន៍យើង
តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៍ឧត្តុងឧត្តមរបស់ខ្មែរ
អោយប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដ៍ទៃទៀតបានស្គាល់។

វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ
ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំអោយជាតិសាសន៍យើងអាប់អោន។

ក្នុងស្មារតីជាកូនខ្មែរមួយរូប
ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករ និងការបែកបាក់រវាងខ្មែរនិងខ្មែរ
ជាពិសេសដើម្បីបញ្ចៀសអំពើហឹង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា
ដែលនាំអោយខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល
ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ។
សូមបងប្អូនដែលគាំទ្រការចូលរួមរបស់ខ្ញុំក្នុងពិធីព្យុហយាត្រា
មេត្តាយោគយល់អំពីការសម្រេចចិត្តនេះ ហើយសូមបងប្អូនបន្តចូលរួមគាំទ្រ
ព្យុហយាត្រានេះអោយបានច្រើនកុះករដើម្បីបង្ហាញនូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ
ក្នុងនាមជាតិសាសន៍តែមួយ។
ខ្ញុំជឿជាក់ថានឹងបានជួបជាមួយបងប្អូនទាំងអស់នៅក្នុងកម្មវិធីផ្សេងៗទៀត

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្នុងលក្ខណៈជាមហា គ្រួសារខ្មែរតែមួយ
ដូចដែលបានគ្រោងទុក"៕