មក​ពី​លក់​ននោង​វិញ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​ព្រលឹម

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​បន្ទាប់​ពី​ត្រូវ​រថយន្ត​​បុក​យ៉ាង​ពេញទំហឹង​ខណៈ​ដែល​ស្ត្រី​រូប​នោះ​បាន​ជិះ​កង់​ឆ្លងថ្នល់​ជាតិ ។ ហេតុការណ៍​ដ៏​អាណោចអាធ័ម​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ស្រី្ត​រង​គ្រោះ​ឈ្មោះ ម៉ា​ន់ លឺ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ល្បើក ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរណ៍ ។ មុន​ពេល​កើតហេតុ ស្ត្រី​ចំណាស់​រង​គ្រោះ​ខាងលើ​បាន​ជិះ​កង់​ទៅ​លក់​ផ្លែ​ននោង​នៅ​ផ្សារ​បរិបូរណ៍ ពេល​លក់​រួច​ហើយ​បាន​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបំបែក​ស្ត្រី​រង​គ្រោះ​បាន​បត់​កង់​ឆ្លងផ្លូវ​ជាតិ ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បុក​ស្ត្រី​រង​គ្រោះ​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរប្រភេទ វី​អាយ​ភី បើក​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ចំណែក​ស្ត្រី​រង​គ្រោះ​ជិះ​ពី​ជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​តែ​ម្តង ។

សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បុរស​ជា​ប្តី​ដែល​ជា​អាចារ្យវត្ត​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​អ្វី​ជា​ការ​សោកស្តាយ​នោះ​គឺ​រថយន្ត​បង្ក​សមត្ថកិច្ច​មិន​អាច​ចាប់​បាន​ឡើយ ៕