មិន​ថា​ផ្លូវគោក ផ្លូវទឹក ទោះបី​ផ្លូវអាកាស​ក៏​គេច​មិន​រួច​ដែរ

ខេត្តសៀមរាប ៖ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ចំនួន​៤៧១​គ្រឿង​ត្រូវ​បាន​ជនជាតិ​កូរ៉េ​៣​នាក់​លួច​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​គេចពន្ធ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ជើង​យន្ត​ហោះ BX721 និង OZ9755 ចូល​មក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ចាប់​បាន​ភ្លាម​ៗ ។

ហេតុការណ៍​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​៣​នាក់ និង​វត្ថុ​តាង​ទូរស័ព្ទ​ស៊េរី​ទំនើប​ដល់​ទៅ​៤៧១​គ្រឿង​នេះ​ធ្វើ​ឡើង​កាលពី​វេលា​​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​គយ​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២៧​មីនា​ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ខាងលើ​ថា ដោយ​មានការ​សហការ​ល្អ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន អាវុធហត្ថ​ប្រចាំការ​ក្នុង​ព្រ​លាន និង​នគរបាល​ដែល​ឈរជើង​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​នោះ ទើប​កម្លាំង​មន្ត្រី​គយ​របស់​យើង​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​អត់​មាន​បិត​តែម​ពន្ធ​ចំនួន​៤៧១​គ្រឿង ដែល​បាន​លួច​នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ តាម​ជើងហោះហើរ BX721 និង OZ9755 ​ពី​ប្រទេស​កូរ៉េ​ចូល​មក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ។

មន្ត្រី​គយ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឆែកឆេរ និង​ដកហូត​បាន​វត្ថុ​តាង​រួច​មក កម្លាំង​មន្ត្រី​ជំនាញ​បាន​នាំ​ជនសង្ស័យ​ទាំង​៣​នាក់​យក​មក​ធ្វើការ​សួរនាំ​នៅ​កន្លែង​គយ​ប្រចាំការ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​តែ​ម្តង​។ 

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ Kim Namgyu ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​, ២-​ឈ្មោះ Kang Donghwo ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង ៣-​ឈ្មោះ Kong Sangmooon ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ពន្ធគយ ៕