បង​ឮ​នឹង​ត្រចៀក អូន​នៅ​តែ​ប្រកែក ស្អែក​ឡើង​ចាក់​សាំង​ដុត​

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ស្រោច​ប្រេងសាំង​ដុត​ទាំង​រស់ ខណៈ​កំពុង​ដេក​ក្នុង​អង្រឹង ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​២៧ ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​អ្នក​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់ និង​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ត្រូវ​ប្តី​របស់​ខ្លួន​ស្រោច​ប្រេងសាំង ហើយ​កេះ​ដែកកេះ​ដុត​។

មន្ត្រី​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ មន្ទា​ប់​ពី​ព្យាយាម​ប្រើ​ហិង្សា​លើ​គ្រួសារ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ។ មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យ​ប្រើ​ហិង្សា​លើ​គ្រួសារ​នោះ​ឈ្មោះ ផេង វិចិត្រ អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ខ្សាច់​ប្រផេះ​កណ្តាល ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ចំណែក​ប្រពន្ធ​ជា​ជន​រង​គ្រោះ​ឈ្មោះ ចៅ ហ៊ាន អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ចំបក់​ឬ​ស្សី​កែ ស្រុក​ព្រៃ​ប្រសប់ ខេត្តក្រចេះ អ្នក​ទាំង​ពីរ​ជា​កម្មករ បច្ចុប្បន្ន​ស្នាក់​នៅ​ឡឥដ្ឋ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី  ក្រុង​ស្ទឹង​ត្រែង​។

តាម​ការ​រៀបរាប់​របស់​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខ្លួន​ខឹង​នឹង​ប្រពន្ធ​លួច​ទាក់ទង​ជាមួយ​ប្រុស​ក្មេង​តាម​ទូរស័ព្ទ នាង​ជា​ប្រពន្ធ​បាន​ប្រកែក​រហូត​ដល់​ថ្ងៃ​ទី​២៦ មីនា ខ្លួន​បាន​ឆក់​ចាប់​ទូរស័ព្ទ និង​បើក​សំឡេង ខណៈ​នាង​សាសង​ស្នេហា​ជាមួយ​ប្រុស​ក្មេង​នោះ នាង​ក៏​ស្ទុះ​ឆក់​យក​ទូរស័ព្ទមក​វិញ​ ហើយ​​រត់គេច​ទៅ​សម្ងំ​ក្នុង​បន្ទប់​របស់​អ៊ុំ​ស្រី​ក្បែរ​នោះ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ មីនា ខ្លួន​បានឃើញ​ប្រពន្ធ​នៅ​ដេក​ក្នុង​អង្រឹង​មុខ​ផ្ទះ ខ្លួន​ក៏​ដើរទៅ​ទិញ​សាំង​កន្លះ​លី​ត្រ​ចាក់​ស្រោច​លើ​ខ្លួនរបស់​ប្រពន្ធ ពេល​នោះ​នាង​ដឹងខ្លួនទាន់​ក៏​​ស្ទុះ​រត់​ចេញពី​អង្រឹង ខ្លួន​ក៏​បាន​រត់​ដេញ​តាម​ពីក្រោយ រួច​កេះ​ដែកកេះ​ដុត​ឆាបឆេះ​ពេញ​ខ្លួន​តែ​ម្តង ។ គ្រានោះ​ដែរ​អ្នក​ក្បែរ​ខាង​ក៏​បាន​ជួយ​ពន្លត់ភ្លើង និង​នាំ​ទៅ​មន្ទីរពេទ្យ ។ ក្រោយ​ពី​​ដុត​ប្រពន្ធ​ហើយ ខ្លួន​ក៏​មិន​បាន​រត់គេច​នោះ​ទេ ដោយនៅ​កន្លែង​កើតហេតុ​រង់ចាំ​សមត្ថកិច្ច​មក​នាំ​ខ្លួន​ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​នគរបាល​អធិការ​ក្រុង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចំណែក​ស្ត្រី​ជា​ប្រពន្ធ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​៕