គេ​វាយ​ប្តី​បែកក្បាល​ហូរ​ឈាម​ឡើង​សន្លប់​ហើយ ប្រពន្ធ​មក​ឃើញ​វាយ​ប្តី​ថែម​ទៀត

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បុរស​ម្ចាស់ផ្ទះ​យក​ដប​ស្រា​វាយ​ក្បាល​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​បែក​​ហូរ​ឈាម​ជោក​ខ្លួន​រហូត​ដល់​សន្លប់ លុះ​ងើប​ពី​សន្លប់​វិញ​ក៏​ត្រូវ​ប្រពន្ធ​វាយ​ក្បាល​នឹង​ប៊ីដុង​ទឹក​២​លី​ត្រ​បន្ថែម​ទៀត ហើយ​​ទើប​ហៅ​អាជ្ញាធរ​ភូមិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​ទាស់ផឹក​ស៊ី​សម្តី​គ្នា​រហូត​វាយ​បែកក្បាល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៦ ​នៅផ្ទះ​ជន​ដៃដល់​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៤០០​ម៉ែត្រ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹ ង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភុ​ន ផេ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​កសិករ រង​របួស​បែកក្បាល​ចំហៀង​ខាងក្រោយ​ផ្នែក​ខាងឆ្វេង មានស្រុក​កំណើត​នៅ​ភូមិ​អំពិល​ព្រៃ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ជន​ដៃដល់​ឈ្មោះ ចក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កសិករ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជួបជុំ​មិត្តភក្តិ​ចំនួន​៤-៥​នាក់​អង្គុយ​ផឹកស៊ី​ក្រោមផ្ទះ​ជន​ដៃដល់ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​ម្ចាស់ផ្ទះ​មក​ចូលរួម​ផឹកស៊ី​ជាមួយ​គ្នា​ដែរ ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​៧​យប់ ស្រាប់តែ​ម្ចាស់ផ្ទះ​ស្តីឲ្យ​ជន​រង​គ្រោះ​ថា ដើរ​ផឹកស៊ី​ផ្ទះ​គេឯង​រាល់​យប់​ មិន​ព្រម​ផឹក​នៅផ្ទះ​របស់​ខ្លួន​ទេ ។ ពេល​នោះ​ជន​រង​គ្រោះ​តប​វិញ​ថា រូប​គាត់​ទើបតែ​មក​ផឹកស៊ី​ផ្ទះ​មួយ​នេះ​ប៉ុណ្ណោះ មិន​ធ្លាប់​ទៅ​ផឹកស៊ី​នៅផ្ទះ​នរណា​ម្នាក់​នោះ​ទេ ។ ​ប្រកែក​គ្នា​ចុះឡើង​ៗ ជន​ដៃដល់​ទាញ​យក​ដប​ស្រា​នៅ​នឹង​មុខ​វង់​ផឹកស៊ី​វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​តែ​ម្តង ។ លុះ​ប្រពន្ធ​ជន​រង​គ្រោះ​មក​ដល់​ឃើញ​ប្តី​ងើប​ពី​សន្លប់​ដោយ​ខឹង​ខ្លាំង​ពេក​ក៏ទាញ​យក​ប៊ីដុងទឹក​២​លី​ត្រ​វាយ​​ក្បាល​ប្តី​បន្ថែម​ទៀត រួច​ទើប​ឱ្យ​អាជ្ញាធរ​ភូមិ​ដឹក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​សួរនាំ និង​ដោះស្រាយ​តាម​នីតិវិធី ៕