ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ហូប​ការ​ចង.ក​សម្លាប់​ខ្លួន​នៅ​ធ្នឹម​ផ្ទះ

ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ហូប​ការ​ចង.ក​សម្លាប់​ខ្លួន​នៅ​ធ្នឹម​ផ្ទះ



កំពត ​៖​ បុរស​ចំណាស់​ម្នាក់​ ​គ្រាន់​តែ​ខឹង​ប្រពន្ធ​រឿង​ហាម​ឃាត់​មិន​ឲ្យ​ទៅ​ហូប​ការ​គេ​ ក៏​​​គិត​ខ្លី​ចង.ក​ធ្វើ​អត្តឃាត​​ ​ដោយ​យក​ក្រមា​ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះបាយ​ស្លាប់​ភ្លាមៗ​តែ​ម្ដង។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​ ​ថ្ងៃ​ទី​២៥​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​មីនា ​ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត។

បើ​តាម​ស្ត្រី​ឈ្មោះ​ហ៊ុល គឹម​ហេង អាយុ​៥០​ ជា​ប្រពន្ធ​បាន​ប្រាប់​​សមត្ថកិច្ច​ថាៈ មុនពេល​កើតហេតុ​ពី​ក្បាល​ព្រលប់​ប្តី​បាន​និយាយ​ជាមួយ​ខ្លួន​ថាៈ ​ស្អែក​នេះ​ខ្ញុំ​នឹង​ទៅ​ហូប​ការ​គេ ​ឯង​មិនបាច់​ទៅ​ទេ ខ្លួន​ក៏​និយាយ​តប​ជាមួយ​ប្តី​ថា​ខ្ញុំ​ មិន​ចង់​ឲ្យ​ខ្លួនឯង​ទៅ​ទេ ​បើ​ទៅ​ម្នាក់ឯង ពីព្រោះ​ខ្លួនឯង​បើ​បានតែ​ហូប​ស្រា​ហើយ​ ពុំបាន​គិត​ពី​សុខភាព​ខ្លួន​ និង​សុវត្ថិភាព​នៅ​ពេល​បើកបរ​ម៉ូតូ​មក​ផ្ទះ​វិញ​នោះទេ។ ដូច្នេះ​កុំទៅ​ហូប​អី គ្រាន់តែ​និយាយ​គ្នា​ប៉ុណ្ណឹង ខ្លួន​មិន​ដឹង​ថា​ប្តី​ខឹង​ និង​អន់ចិត្ត​ជាមួយ​ខ្លួន​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថាៈ ក្រោយពី​និយាយ​គ្នា​ចប់​ខ្លួន​ ក៏​ចូលដេក​ក្នុង​បន្ទប់ រីឯ​ប្តី​គាត់​សម្រាក​នៅក្រៅ​បន្ទប់​ក្នុង​ផ្ទះ​ដែរ ស្រាប់តែ​នៅ​ម៉ោង​ខាងលើ ក្មេងប្រុស​ម្នាក់​ដែល​ដេក​ក្នុង​កញ្ចុះ​ក្រៅ​ផ្ទះ​ ឮសូរ​សំឡេង​ធ្លាក់​ប្រាវ​នៅផ្ទះ​បាយ ​ព្រមទាំង​ឮ​សំឡេង​ថ្ងូរ​មួយ​ហ៊ឹស ក្មេងប្រុស​នោះ​ក៏​ស្រែក​ដាស់​ខ្លួន​ដែល​កំពុង​ដេក​ក្នុង​បន្ទប់ ខ្លួន​ក៏​ចេញពី​បន្ទប់​ដើរ​ទៅ​បន្ទប់​ផ្ទះបាយ ស្រាប់តែ​ឃើញ​ប្តី​ចងក​ព្យួរ​ស្ដាក​នៅ​កណ្ដាល​ផ្ទះបាយ។ ពេល​នោះ​ខ្លួន​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​ទេ ក៏​រត់ចេញ​ក្រៅ​ផ្ទះ​ទៅ​ប្រាប់​អ្នកជិតខាង​ និង​លោក​មេភូមិ​ឲ្យ​មកជួយ​កាត់​ខ្សែ​ចំណង​ក្រមា​នោះ​ចេញ ​ប៉ុន្តែ​ប្តី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថាៈ បុរស​ជា​ជនរងគ្រោះ​ឈ្មោះ រ័​ត្ន រ៉ា​ឌូ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន។ ក្រោយពី​ពិនិត្យ​រួចរាល់​ ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។ សូម​បញ្ជាក់​ថា​ ៖ ​បុរស​ស្ត្រី​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ ស្រី​៣​នាក់ ​ប៉ុន្តែ​កូនៗ​មាន​ប្រពន្ធ​មានកូន​អស់ហើយ​ ពួកគេ​ចេញទៅ​ធ្វើការ​នៅ​ឯ​ខេត្ត​ឆ្ងាយ​ ខ្លះ​ទៅ​ធ្វើការ​នៅឯ​ប្រទេស​ថៃ​ ឯណោះ​ដូច្នេះ​ពួកគាត់​នៅតែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទេ៕

​​ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ហូប​ការ​ចង.ក​សម្លាប់​ខ្លួន​នៅ​ធ្នឹម​ផ្ទះ