ប្រធាន​មណ្ឌល​សុខភាព​ឃុំ​មេសប្រចាន់​ ត្រូវ​ជន​​សង្ស័យ​មួយ​ក្រុម​ កាប់​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ

ប្រធាន​មណ្ឌល​សុខភាព​ឃុំ​មេសប្រចាន់​ ត្រូវ​ជន​​សង្ស័យ​មួយ​ក្រុម​ កាប់​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ



កណ្ដាល​ ៖ ​បុរស​ម្នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ បន្ទាប់ពី​បាន​ឌុប​ប្រពន្ធ​ និង​កូន​ចេញពី​​មើល​ល្ខោន​​ ហើយ​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​កាប់​ចំ​ថ្ងាស​រយះ​ដល់​លលាដ៍ក្បាល។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​គល់​ស្ពាន​ក្បាលជ្រោយ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី​ ឃុំ​ជ័យធំ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល ​វេលា​ម៉ោង​១២​និង​៣០​នាទី។

សមត្ថកិច្ច​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​​កម្ពុជា​ថ្មី​ដឹង​ថា ​៖ ​ជនរងគ្រោះ ​មាន​ឈ្មោះ​កែវ​ សា​រិទ្ធ ​ភេទ ​ប្រុស ​អាយុ​៤៦​ឆ្នាំ ​មាន​មុខរបរ​ជា​ប្រធាន​មណ្ឌល​សុខភាព​ ឃុំ​មេសប្រចាន់ ​ក្នុង​ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​(​ជា​មនុស្ស​ស្លូតបូត)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​បើ​តាម​សម្តី​ក្រុម​គ្រួសារ​ ជនរងគ្រោះ​បាន​និយាយ​ថា​ នៅ​យប់​កើតហេតុ​​ ជនរងគ្រោះ ​​​បាន​ឌុប​ប្រពន្ធ​ កូន​ និង​ក្មួយ​ចេញពី​​មើល​ល្ខោន​ លុះ​មកដល់​ចំណុច​​កើតហេតុ ​ក៏​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម ​មាន​គ្នា​៤​ទៅ​៥​នាក់ ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ បាន​មក​ស្ទាក់​​ម៉ូតូ​របស់​ពួកគាត់ ហើយ​ជនរងគ្រោះ​បម្រុង​សួរ​ទៅ​ក្រុម​ជន​​សង្ស័យ ​តែ​មិនទាន់​នឹង​បាន​សួរ​ផង​ ស្រាប់តែ​ជន​​សង្ស័យ​ម្នាក់​ បាន​យក​ចម្ពាម​កៅស៊ូ​បាញ់​មក​លើ​ជនរងគ្រោះ ហើយ​ភ្លាម​នោះ​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​ទាញ​កាំបិត​​ចេញពី​កែបម៉ូតូ​ កាប់​មក​​លើ​​ជនរងគ្រោះ​ចំ​ថ្ងាស ​ដាច់​រយះ​ដល់​លលាដ៍ក្បាល ​ហូរ​ឈាម​ដូច​គេ​អារ.ក​​​មាន់ ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ បន្ទាប់មក ​ក្រុម​ជនសង្ស័យ ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ។

ក្រោយ​​មក​ ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ។ ចំណែក​ឯ​ជន​សង្ស័យ ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​តែ​ក្មួយ​ជនរងគ្រោះ​ម្នាក់​ បាន​ស្គាល់​ស្លាក​លេខ​ម៉ូតូ ​ក្រុម​​ជន​សង្ស័យ​មួយ​គ្រឿង​ម៉ាក​​ស្មាស់ ​ពណ៌​ខ្មៅ ​មិន​​ដឹង​​​ ស៊េរី​​​​​នោះ​ទេ​ តែ​មាន​ស្លាក​លេខ​7004។ ជនរងគ្រោះ​ និង​ក្រុម​គ្រួសារ​សង្ឃឹម​ថា ​សមត្ថកិច្ច ​នឹង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​​សង្ស័យ​​​ទាំង​នោះ​មក​ផ្ដន្ទាទោស​​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន៕