លោក​ជំទាវ​ ម៉ែន​ សំអន ​សាទរ​ចំពោះ​កម្មវិធី​លើកទឹកចិត្ត​សិស្ស​គំរូ​ក្នុង​សមាគម​​អី​គ័ន​តាវ​

លោក​ជំទាវ​ ម៉ែន​ សំអន ​សាទរ​ចំពោះ​កម្មវិធី​លើកទឹកចិត្ត​សិស្ស​គំរូ​ក្នុង​សមាគម​​អី​គ័ន​តាវ​



ភ្នំពេញ ៖ ​លោកជំទាវ ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ បាន​សម្ដែង​ការ​អបអរសាទរ ​ក្នុង​កម្មវិធី “​លើក​សរសើរ​សិស្ស​គំរូ មាន​ក្រមសីលធម៌​ល្អ និង​គោរព​ឱវាទ​គ្រូបង្រៀន​”​ រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ ​ដែល​ពិធី​នេះ​មាន​ការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ឧត្ដមឧបជ្ឈាយ៍ ឡែ​វ យ៉ុង​ខាង នៃ​សមាគម​អ៊ី​គ័ន​តាវ អ្នកគ្រូ​ឧបជ្ឈាយ៍​ឡាយ ឆាយ​ចិន​អគ្គលេខាធិការ​សមាគម​អ៊ី​គ័ន​តាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ទាំង​អស គ្រូ​ធម្មទេសនា ក្មួយ​ៗ​សិស្សានុសិស្ស រៀន​នៅ​សមាគម​ទាំងអស់។

លោកជំទាវ​ម៉ែន​ សំអន ​បាន​សម្ដែង​នូវ​ក្ដី​រំភើប​សប្បាយរីករាយ ដោយ​បាន​ចូលរួម​ជាមួយ​លោក​លោកស្រី ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ក្នុង​កម្មវិធី​លើក​សរសើរ​សិស្ស​គំរូ មាន​ក្រមសីលធម៌​ល្អ និង​គោរព​ឱវាទ​គ្រូបង្រៀន របស់​សមាគម​អ៊ី​គ័ន​តាវ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកជំទាវ​សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ និង​បណ្ដា​សាខា​ទាំងអស់​ទូទាំង​ប្រទេស​របស់​សមាគម ដែល​បាន​ផ្ដួចផ្ដើម​ប្រារព្ធ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នា​ពេល​នេះ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង កំពុង​មាន​ការ​អភិវឌ្ឍ​​​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​អប់រំ​ការ​កសាង​ធនធានមនុស្ស និង​មូលធន​បញ្ញា​ ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការកែទម្រង់​យ៉ាង​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​គុណភាព​ចំណេះដឹង​របស់​សិស្ស និស្សិត​ឲ្យ​ឡើង​ដល់​ស្ដង់ដារ ដែល​អាចធ្វើ​សមាហរណកម្ម​ជាមួយ​តំបន់ និង​ពិភពលោក​បាន​។ ជាមួយ​ការ​លើកតម្លៃ​គុណភាព​អប់រំ​នេះ​ក្រសួង​អប់រំ​បាន​កំណត់​ចតុស្តម្ភ នៃ​ការអប់រំ​គឺ (១).​រៀន​ដើម្បី​មានចំណេះដឹង (២).​រៀន​ដើម្បី​មានចំណេះ​ធ្វើ (៣).​រៀន​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​(៤).​រៀន​ដើម្បី​ចេះ​រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា​។​

ជា​អភិក្រម​នៃ​ការអប់រំ​គឺ​៖ គ្មាន​ការអប់រំ​គឺ​គ្មាន​អរិយធម៌ គ្មាន​ព្រលឹង​វប្បធម៌​ការអប់រំ​គឺជា​គ្រឹះ​នៃ​ការអភិវឌ្ឍន៍ និង​ជា​ប្រៀប​ខ្លាំង​របស់​ជាតិ៕