ចាប់​បញ្ជូន​ ជន​សង្ស័យ​បាញ់​ជំរិត​យក​លុយ​ពី​​អ្នក​ដឹក​អុស​តាម​គោយន្ត​កន្ត្រៃ​ម្នាក់​ ទៅ​ស្នងការ

ចាប់​បញ្ជូន​ ជន​សង្ស័យ​បាញ់​ជំរិត​យក​លុយ​ពី​​អ្នក​ដឹក​អុស​តាម​គោយន្ត​កន្ត្រៃ​ម្នាក់​ ទៅ​ស្នងការ



ពោធិ៍សាត់ ​៖​ នគរបាល ​រដ្ឋបាល​មូលដ្ឋាន​ប៉ុស្តិ៍​ឈើតុំ​ បាន​តាម​ស្រាវជ្រាវ​​យ៉ាង​ក្ដៅ​គគុក ​ចាប់​ជន​ដៃដល់​ ដែល​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ជំរិត​ទារ​លុយ​ពី​អ្នក​ដឹក​អុស​តាម​គោយន្ត​កន្ត្រៃ​ បណ្ដាល​ឲ្យ​រង​របួស​ប្រអប់ជើង​ បញ្ជូន​ទៅ​កាន់​ស្នងការ​ភ្លាមៗ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ហើយ​​ជន​សង្ស័យ​នេះ​​​គ្រាន់តែ​ជា​អ្នក​ ដែល​គេ​ជួល​ឲ្យ​យាម​ដី​អភិវឌ្ឍន៍​របស់​យោធា​ ក្រសួង​ការពារ​ជាតិ​ប៉ុណ្ណោះ។

ហេតុការណ៍​គំរាម​បាញ់​ជំរិត​យក​លុយ​ ពី​អ្នក​ដឹក​អុស​នេះ បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​១​​​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​អូរ​ដំរី ភូមិ​ព្រងិល​ ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក​អែម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់​ថា​ ៖ ​ជន​សង្ស័យ​ ​ឈ្មោះ មិន ខន អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​មាន​មុខរបរ ​ជា​​អ្នក​ធ្វើស្រែ ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​យាម​ដី​ត្រង់​ចំណុច​កើតហេតុ​ខាងលើ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ ជន​សង្ស័យ​បញ្ជូន​ទៅ​ស្នងការ​​នេះ ដោយសារ​តែ​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាង​លើ ​រូប​គេ​បាន​ប្រើប្រាស់​អាវុធ​ប្រភេទ​អាកា​បត់​មួយ​ដើម​​របស់​ម្ចាស់​ដី​ ជា​មន្ត្រី​យោធា​ ​ទៅ​ជំរិត​ទារ​លុយ​ពី​អ្នក​ដឹក​អុស​តាម​គោយន្ត​កន្ត្រៃ​ ដែល​ឆ្លង​កាត់​ចំណុច​ភូមិ​សាស្ត្រ ​ដែល​គេ​យាម​​​ខាងលើ​ ក្នុង​មួយ​គោយន្ត​​​​​​​​​ចំនួន​៣០០០​រៀល។ លុះ​ជនរងគ្រោះ​ឈ្មោះ ញន វុ​ធ អាយុ​៣៨​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​ មាន​លុយ​តែ​ចំនួន​២០០០​រៀល ជនសង្ស័យ​មិន​ព្រម​ ក៏​បាញ់​គំរាម​ឡើងលើ​មួយ​គ្រាប់​ជំរិត​យក​លុយ​ឲ្យ​គ្រប់​ចំនួន រួច​ក៏​បាញ់​មួយ​គ្រាប់​ទៀត​ផ្ចុច​ទៅ​ដី​ ក៏​ត្រូវ​ប្រអប់​ជើង​ខាង​​​ឆ្វេង​​របស់​ជន​រងគ្រោះ​តែម្ដង។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​នេះ​ភ្លាម​ ក៏​មាន​មន្ត្រី​យោធា​ម្នាក់​យាម​ដី​នោះ​ដែរ​ ​ឈ្មោះ សុខ ហឿន ក៏បាន​ដក​អាវុធ​ពី​ជនសង្ស័យ​នេះ​ យក​ទៅ​ប្រគល់​ឲ្យ​មេ​គេ​ជា​ម្ចាស់​ដី​វិញ។ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឈើតុំ ក៏បាន​ចុះ​ស្រាវជ្រាវ ​ក្រោម​ការ​បញ្ជា​ដោយ​រូបលោក​ផ្ទាល់​ រហូតដល់​វេលា​​ម៉ោង​៥​​​ល្ងាច​ថ្ងៃ​ដដែល​ ក៏​ចាប់​ខ្លួន​​​ជន​សង្ស័យ​នេះ​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នៅ​ព្រឹក​ ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦​នេះ​តែម្ដង ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
​​