ទាហាន​ម្នាក់ ​​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ ​ស្លាប់​ភ្លាម​មួយ​រំពេច

ទាហាន​ម្នាក់ ​​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ ​ស្លាប់​ភ្លាម​មួយ​រំពេច



ឧត្តរមានជ័យ​ ៖ ​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥៦A ស្ថិតនៅ​ភូមិ​តា​នេស ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត នៅ​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ពីក្រោយ។

សមត្ថកិច្ច​ ប៉ូលិស​សណ្ដាប់ធ្នាប់​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ដែល​ស្លាប់​បាត់​បង់ជីវិត​នោះ ​មានឈ្មោះ​ចាន់ គ្រាស ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​ទាហាន​កងពលតូច​លេខ​៤២ ស្នាក់នៅ​ភូមិ​ច្រក​ធំ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។ នៅ​កន្លែង​កើតហេតុ​ បន្សល់ទុក​​​នៅ​ ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​១៩៩៨ គ្មាន​ស្លាក​លេខ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក បាន​បន្ត​ទៀត​ថា រយៈពេល​ប្រហែល​៤០​នាទី​ក្រោយមក​ ទើប​មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក ​ហើយ​កម្លាំង​ជំនាញ​យើង​បាន​ចេញ​ទៅធ្វើ​ការវាស់វែង​ និង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា។

សមត្ថកិច្ច បាន​សន្និដ្ឋាន​​​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ប្រហែល​ជិះ​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ ទើប​បណ្ដាល​ឲ្យ​ស្លាប់​ដូច្នេះ។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕