ក្រសួង​ធនធាន​ទឹក​ស្តារ​អូរ​ព្រែកជីក ស្ថិតនៅ​ឃុំ ពាម​មន្ទារ ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង​

ក្រសួង​ធនធាន​ទឹក​ស្តារ​អូរ​ព្រែកជីក ស្ថិតនៅ​ឃុំ ពាម​មន្ទារ ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង​



ព្រៃវែង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ ​២០១៦ លោក ចាន់ រ៉ា​ន់ អភិបាលស្រុក កំពង់ត្របែក បាន​មាន​ប្រសាសន៍​ថា ដោយ​នៅ​រដូវប្រាំង អូរ​ព្រែក ស្ថិតនៅ​ឃុំ ពាម​មន្ទារ គ្រប​ដណ្តប់​លើ​ភូមិ ៣ គឺ ភូមិ​ក្រចាប់​លើ ក្រចាប់​ក្រោម និង​ភូមិ​ចំណង​ទាក មាន​សភាព​រាក់ មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ស្រូវប្រាំង​បាន​នោះទេ ដូច្នេះ ប្រជាពលរដ្ឋ អាជ្ញាធរ​ឃុំ បាន​ស្នើ​តាមរយៈ​អាជ្ញាធរ ស្រុក ឲ្យ​ជួយ​អន្តរាគមន៍ បន្ត​​ទៅ​ក្រសួង​ធនធាន​ទឹក។ ដោយ​ផ្អែក​តាម​សំណូមពរ របស់​ប្រជាពលរដ្ឋ ក្រសួង​ធនធាន​ទឹកបាន​ចាត់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង ចុះមក​សិក្សា​ដើម្បី​ស្តារ​ឲ្យ​បាន​ឆាប់​ទៅតាម​តម្រូវ​ការ​របស់​ប្រជាកសិករ។ បន្ទាប់ពី​សិក្សា​រួច អូរ​ព្រែកជីក​នេះ ត្រូវ​ស្តារ​គឺ​ពី​ចំណុច​ព្រែកជីក ដល់​ព្រំដែន​វៀតណាម មាន​ប្រវែង ៧ ០០០​ម៉ែត្រ អាច​ស្រោចស្រព​ស្រូវប្រាំង​លើ​ផ្ទៃដី​១ ៧០០ ហិកតា។

លោក​អភិបាល​បន្ត​ថា គម្រោង​នេះ​គឺជា​ប្រភេទ​គម្រោង​អន្តរាគមន៍​បន្ទាន់ តាម​សំណើ​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្របែក​ទៅ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ក្រសួង​បាន ដាក់​គ្រឿងចក្រ​ស្តារ រហូតដល់​ពេលនេះ​គឺ​បាន​ជាង​៧៥% ហើយ​ប្រហែល ៣​ឬ ៤​ថ្ងៃ​ទៀត​រួចរាល់។ ចាប់ពី​ពេល​នេះ​តទៅ ប្រជាពលរដ្ឋ​អាច​បង្ក​​បង្កើន​ផល​ស្រូវ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ។

ក្នុង​នាម​លោក​ជា​អភិបាលស្រុក ​ដែល​ជា​អាជ្ញាធរ​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​មន្ទីរ​ធនធាន​ទឹក និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បាន​យកចិត្តទុកដាក់ ដល់​ប្រជាកសិករ ដែល​រស់នៅ​ ដោយ​ការ​ប្រកបមុខរបរ​កសិកម្ម​ដំណាំ​ស្រូវ៕

ក្រសួង​ធនធាន​ទឹក​ស្តារ​អូរ​ព្រែកជីក ស្ថិតនៅ​ឃុំ ពាម​មន្ទារ ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង​