ចាប់​​​អតីត​ភរិយា​ រំលោភ​មិនបាន​សម្រេច​ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន

ចាប់​​​អតីត​ភរិយា​ រំលោភ​មិនបាន​សម្រេច​ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន



សៀមរាប​ ៖ ​បុរស​ម្នាក់​​ បាន​ចាប់​​អតីត​ភរិយា​របស់​ខ្លួន​ រំលោភ​មិនបាន​សម្រេច​ត្រូវ​បាន​អ្នកជិតខាង​ជួយ​ និង​ប្ដឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​ជីក្រែង។

ហេតុការណ៍​ឃាត់ខ្លួន​នោះ​ដែរ​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប។

លោក​វរសេនីយ៍ត្រី​សុខ សុទ្ធា​វុ​ធ អធិការ​ស្ដីទី​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា​ ៖ ​មូលហេតុ ​ដែល​កើតឡើង ​មុនដំបូង​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ទិញ​មី​ឲ្យ​កូន​នៅ​ជិត​ផ្ទះ។ ពេល​នោះ​ជន​សង្ស័យ​បាន​ឃើញ​ស្ត្រី​រងគ្រោះ ហើយ​បាន​ធ្វើ​ការ​តាម​ពី​ក្រោយ ​ ពេល​ដែល​ស្ត្រី​រងគ្រោះ​ដល់​មុខ​ផ្ទះ ​​​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​រងគ្រោះ​អូស​ចូល​ក្នុង​បន្ទប់​បម្រុង​នឹង​រំលោភ​ តែ​ស្ត្រី​រងគ្រោះ​បាន​រើ​បម្រាស់​រួច​រត់​ឲ្យ​អ្នកជិតខាង​ជួយ។ បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច ហើយ​​ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ។

លោក​បន្ត​ថា ៖​ បន្ទាប់មក​កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​។ លោក​បន្ថែម​ថា​ ៖ ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ម​.​ស​.​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​ខេត្តសៀមរាប​។ ជនសង្ស័យ​មានឈ្មោះ ចាន់ ជឿន ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​ស្ត្រី​រងគ្រោះ។

លោក​អធិការ​ស្តីទី បាន​បន្ថែមទៀតថា ​៖ ​ស្ត្រី​រងគ្រោះ​ និង​ជនសង្ស័យ​ពីមុន​ធ្លាប់​ជា​ប្តី​ប្រពន្ធ​និង​គ្នា ក្រោយមក​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជាង​០១​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕