បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

មិនមែនជាបង្គន់បន្ទោរបង់ នៅក្នុងល្បែង​ដែលធ្វើឲ្យភ័យនោះទេ តែជាបង្គន់ដែលបានសង់​លយ​ចេញ ទៅ​នៅ​ពី​លើ​មាត់​ជ្រោះ ស្ថិត​នៅ​កំពស់​ប្រមាណ ជាង២៦០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រ ក្នុងតំបន់ស៊ីបេរី (Sibérie) ប្រទេស​រ៉ូស្ស៊ី។
បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បង្គន់ដែលជាប់លេខ ថាមានសភាពស្រៀវស្ងើបជាងគេ ក្នុងលោក។ នរណាខ្លះចង់ចូលបន្ទោរបង់? (រូបថត Siberie Time)

បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់​ដោយ​ឡែក​នៅលើឈើពីរបីបន្ទះ ដែលដាក់លយ​ចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយ​នឹង​សីតុណ្ហភាព​ក្រោមសូន្យអង្សា ​សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែល​មាន​កំពស់​ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍​វាស់ស្ទង់​ឧត្តុនិយម​មួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលង​ភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី ដែលគ្រប់ដណ្ដប់ដោយទឹកកក សឹងនៅខួប​ប្រាំង​វស្សា។ ប៉ុន្តែ​គ្មាន​បុគ្គលិក​ណា​ម្នាក់ មកធ្វើការជាប្រចាំនៅទីនេះទេ ព្រោះមានភ្នាក់ងារតែម្នាក់ប៉ុណ្ណោះ ដែលបាន​ឡើង​មក​កាន់​ទីនេះ ដើម្បីស្រង់យកទិន្នន័យឧត្តុនិយម នៅជារៀងរាល់ខែម្ដង។ ហើយជារៀងរាល់មួយឆ្នាំម្ដង គឺនៅ​និទាឃរដូវ (គឺរដូវផ្ការីក តែគ្មានអ្វី«រីក»ទេ នៅលើភ្នំទឹកកកនេះ) ឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះ​ឡើង​មក​កាន់​ទីនេះ ដើម្បី​នាំ​យកគ្រឿងឧបភោគបរិភោគ ដែលទុកបានយូរ និងទឹកផឹក មកផ្ទុកបម្រុងទុក សម្រាប់ពេលពេញមួយឆ្នាំ។

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

ដូច្នេះ គេប្រាកដជាមិនពិបាកយល់ទេ ថាហេតុអ្វីបានជាគេ មិនសង់បង្គន់ ដែលមានប្រព័ន្ធបង្ហូរកាកសំណល់ ដ៏ស្មុគ្រស្មាញ នៅពីលើភ្នំថ្ម សម្រាប់ឲ្យមនុស្ស​តែម្នាក់​ប្រើប្រាស់នោះ? មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះ​បន្ទប់​បង្គន់​មួយ​នេះ ថែមទាំងបានជាប់លេខខ្ពស់ជាងគេ នៅក្នុងបញ្ជីរចំណាត់ថ្នាក់ ឆ្នាំ២០១៣ របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉ូស្ស៊ី ឈ្មោះ «Interfax» ដែលនិយាយពីបង្គន់ ដែលអស្ចារ្យជាងគេ ក្នុងពិភពលោកនោះផងទៀត៕

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក