វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន រវាង​តែ​«មេ​ដឹកនាំ»

មេដឹកនាំ នៃប្រទេសគូសត្រូវទាំងពីរ កំពុងគម្រាមគ្នាទៅវិញទៅមក ដោយម្នាក់ៗ គិតធ្វើយ៉ាងណា ត្រូវតែ​ឈ្នះ​លើ​ម្នាក់​ទៀត ឲ្យខាង​តែបាន។
វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន រវាង​តែ​«មេ​ដឹកនាំ»

ការហ្វឹកហាត់បាញ់កាំភ្លើងធំ របស់ទាហានកូរ៉េខាងត្បូង។ (រូបថត AFP)

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះមកត្រួតពិនិត្យផ្ទាល់ នូវការហាត់​បាញ់​កាំភ្លើង​ធំ ដែលធ្វើទំនង ដូចជាការវាយប្រហារទៅលើលំនៅដ្ឋាន របស់ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ជនហេ (Park Geun-hye) ខណៈអ្នកស្រីខ្លួនឯង បានតបតរទៅវិញ ដោយបានចោទបុរសខ្លាំង របស់​របប​កុម្មុយនីស ថា«កំពុងដឹកនាំប្រទេសកូរ៉េខាងជើង ស្ថិតនៅលើផ្លូវមួយ ដែលឈានទៅរកការរលំរលាយ ដោយ​ខ្លួនឯង»។

អ្នកស្រីបានប្រកាសទៀតថា៖ «នៅថ្ងៃនេះ យើងមានឱកាសហើយ ក្នុងការជំរុញ​ឲ្យមានការផ្លាស់ប្ដូរ នូវ​របប​កូរ៉េ​ខាងជើង»។

ភាពតានតឹង មិនបានបញ្ឈប់ការកើនឡើងឡើយ គិតចាប់តាំង ពីការសាកល្បងគ្រាប់បែក «នុយក្លេអ៊ែរ» លើក​ទីបួន របស់ក្រុងព្យុងយ៉ាង ក្នុងដើមខែមករា​​មកនោះ។ គ្រាប់បែក «នុយក្លេអ៊ែរ» មួយគ្រាប់នេះ នៅ​មិនទាន់​គ្រប់​គ្រាន់ទេ តែប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយមួយគ្រាប់ទៀត នៅក្នុងខែកុម្ភៈ។ ភាព​តាន​តឹង ក៏កាន់តែកើនឡើងដល់កំពូល នៅខណៈពេលសមយុទ្ធយោធា បានធ្វើរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ កូរ៉េ​ខាង​ត្បូង និង​​សហរដ្ឋ​អាមេរិក ដែលត្រូវបានរបបកុម្មុយនីសចាត់ទុក ជាការបង្ករឿងធ្ងន់ធ្ងរ។

បង្ហោះខិត្តប័ណ្ណ ជាង៥០ពាន់សន្លឹក...

កាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅក្បែរក្រុង «Paju» ក្បែរព្រំដែននៃប្រទេសទាំងពីរ បណ្ដាជនកូរ៉េខាងត្បូង​មួយ​ក្រុម បានបង្ហោះខិត្តប័ណ្ណ ប្រមាណជាង ៥០ពាន់សន្លឹក ទៅតាមប៉េងប៉ោងធំៗជាច្រើន ដែលត្រូវបានបង្ហោះ​ចូល​​ទៅ​ក្នុង​ទឹកដី របស់ប្រទេសកូរ៉េខាងជើង។ គេឃើញនៅក្នុងខិត្តប័ណ្ណទាំងនោះ មានរូប​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ឈរសើច នៅពីមុខគ្រាប់បែក ដែលកំពុងតម្លើង និងមានពាក្យស្លោក ក្នុងន័យរិះគន់​មេ​ដឹកនាំ​រូបនេះ ដែលគិតកសាងតែសព្វាវុធ។

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក្លាយ​ជា​ជម្លោះ​ផ្ទាល់​ខ្លួន រវាង​តែ​«មេ​ដឹកនាំ»

អតីតជនជាតិកូរ៉េខាងជើងម្នាក់ ដែលបានរត់មករស់នៅ ក្នុងកូរ៉េខាងត្បូង និងដែលបានចូលរួម​ក្នុង​សកម្មភាព​បង្ហោះ​ខិត្តប័ណ្ណនោះ បានថ្លែងថា ក្រុមរបស់លោក គ្រោងនឹងបង្ហោះខិត្តប័ណ្ណ សរុបប្រមាណជា១០លាន​សន្លឹក សម្រាប់រយៈពេល៣ខែខាងមុខ ដើម្បីធ្វើការថ្កោលទោស ការសាកល្បងអាវុធនុយក្លេអ៊ែរ របស់របបក្រុងព្យុងយ៉ាង។

ដុតសេអ៊ូល...

ក្រុមអ្នកឃ្លាំមើលស្ថានភាព បានសម្ដែងការព្រួយបារម្ភថា សកម្មភាពទាំងអម្បាលម៉ានខាងលើ អាចបង្ក​ឲ្យ​ស្ថានភាព ដែលកំពុងទំជោរស្រាប់ ផ្ទុះធ្លាយមកក្នុងពេលណាមួយ។ ប្រទេសកូរ៉េខាងជើងខ្លួនឯង ក៏ទំនង​ជា​បាន​ត្រៀម​ជើងការ រួចជាស្រេចដែរ។ នៅក្នុងសេចក្ដីប្រកាសមួយ របស់លោក គីម ជុងអ៊ុន តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា៖ «បើខ្មាំងសត្រូវបង្ករឿងដាក់យើង ការតបតរ​ដ៏​ខ្លាំង ដែល​មិន​បាន​គិត​ជា​មុន នៃកាំភ្លើងធំរបស់យើង នឹងដុតរដ្ឋធានី សេអ៊ូល (Séoul) ឲ្យខ្ចេចខ្ចី និងឲ្យ​ទៅ​ជា​ផេះ»៕