កូរ៉េ​ខាង​ជើង​ចេញ​វីដេអូ គម្រាម​ពី​សំណាង​ចុង​ក្រោយ​ទៅ​អាមេរិក

«សំណាងចុងក្រោយ» ជាចំណង់ជើង នៃវីដេអូឃ្លីបបែបឃោសនា ដែលចេញផ្សាយ​ដោយប្រទេសកូរ៉េខាងជើង ដើម្បីគម្រាមសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។
រូបភាពដកស្រង់​ពីវីដេអូឃោសនា របស់កូរ៉េខាងជើង បង្ហាញពីការបំផ្ទុះ​​កាំជ្រួចនុយក្លេអ៊ែរ នៅមុខវិមាន «Lincoln Memorial» កណ្ដាល​រដ្ឋធានី វ៉ាស៊ីនតោន។

របបកុម្មុយនីសកូរ៉េខាងជើង បានផ្សាយវីដេអូឃោសនានេះ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ដោយបានបង្ហាញ នៅ​នាទីចុងក្រោយបង្អស់ នូវការវាយប្រហារ«នុយក្លេអ៊ែរ» ទៅលើរដ្ឋធានីវ៉ាស៊ីនតោន និងបានគម្រាមប្រទេស ជាប់​ព្រំដែនខាងត្បូង​របស់ខ្លួន ពីការវាយប្រហារដោយគ្មានអាសូរមួយ តាមផ្លូវយោធា ក្រោមមូលហេតុថា ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំងពីរនេះ តែងតែធ្វើការ​«លាបពណ៌» ទៅឲ្យមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន (Kim Jong-un)។

ជាមួយនឹងចំណងជើង «សំណាងចុងក្រោយ» វីដេអូដែលមានរយៈពេល៤នាទី និងដែលផ្សាយចេញ នៅលើ​គេហទំព័រឃោសនា ឈ្មោះ «DPRK Today» បានបង្កើតឈុតឆាក ដ៏ពិសេស៖ នោះគឺការបាញ់កាំជ្រួច​នុយក្លេអ៊ែរ ចេញពីនាវាមុជទឹកមួយ សំដៅកំទេចរដ្ឋធានី វ៉ាស៊ីនតោន ឲ្យក្លាយជាកំទេចផេះ ជាពិសេស​កាំជ្រួច​បាន​ធ្លាក់ នៅចំពីមុខវិមានរូបចម្លាក់ «Lincoln Memorial» ដែលសម្រាប់ឧទ្ទិសឲ្យប្រធានាធិបតី ទី១៦ របស់​អាមេរិក​តែ​ម្ដង។

បន្ទាប់មក គេឃើញសារមួយ បានពន្លេចខ្លួនឡើង នៅលើអេក្រង់ ដែលសរសេរជាភាសាកូរ៉េ មានន័យថា៖ «បើសិន​ជាបនចក្រពត្តិអាមេរិក ហ៊ានកម្រើមេដៃតែបន្ដិច ដាក់យើង នោះយើងនឹងបើក​ការវាយប្រហារភ្លាម ជាមួយនឹងកម្លាំងនុយក្លេអ៊ែររបស់យើង»។

សូមជម្រាបជូនថា ប្រទេសកុម្មុយនីសក៏បានផ្សាយវីដេអូ ដែលមានទម្រង់ប្រហាក់ប្រហែលគ្នានេះ កាលពី​ឆ្នាំ​មុនៗ​កន្លងទៅដែរ។ នៅក្នុងវីដេអូ ដែលចេញផ្សាយ ក្នុងឆ្នាំ២០១៣ គេឃើញសេតវិមាន ដែលជាវិមាន​ប្រធានា​ធិបតី​​អាមេរិក ស្ថិតក្នុងកែវយិត​ពីចំងាយ របស់ទាហាន​បាញ់ស៊ីបមួយរូប។ បន្ទាប់មក គេឃើញ​​ដំបូល​​សេត​វិមាន ត្រូវ​បាន​​បំផ្ទុះ​ឡើង ដែលជាលទ្ធផល ចេញពីបច្ចេកទេសកាត់ត ដ៏ពិសេស។

ឱសានវាទ ទៅកាន់ប្រទេសកូរ៉េខាងត្បូង...

ភាពតានតឹងក្នុងឧបទ្វីបកូរ៉េ មិនបានថមថយសោះឡើយ គិតចាប់តាំង​ពីការសាកល្បង​គ្រាប់បែក «នុយក្លេអ៊ែរ» លើក​ទីបួន របស់ក្រុងព្យុងយ៉ាង ក្នុងដើមខែមករា​​ បន្ថែមដោយការបាញ់កាំជ្រួច រយៈឆ្ងាយ​មួយ​ទៀត នៅ​ក្នុង​ខែ​កុម្ភៈ​នោះមក។ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំវ័យក្មេង របស់ប្រទេសកុម្មុយនីស បានប្រកាសគម្រាម​ក្នុង​ពេល​ថ្មីៗ​នេះ​ទៀតថា នឹងធ្វើការសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ ជាថ្មីទៀត ដើម្បីជាការឆ្លើយតប ទៅនឹង​សមយុទ្ធ​រួម​គ្នា រវាង​កងទ័ព​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញដដែល កងទ័ព«ប្រជាជនកូរ៉េ (ឈ្មោះ របស់កងទ័ពកូរ៉េខាងជើង)» បានដាក់​ឱសានវាទ​​មួយ ទៅកាន់អ្នកស្រី ប៉ាក ជនហេ (Park Geun-hye) ដោយទាមទារឲ្យអ្នកស្រី «សុំទោស» ទាក់ទង​នឹង​​សេចក្ដី​ប្រកាស​មួយ​របស់​អ្នកស្រី ដែលបានលើកឡើង ពី«ឱកាស ក្នុងការជំរុញ​ឲ្យមានការផ្លាស់ប្ដូរ នូវ​របប​កូរ៉េ​​ខាង​​ជើង»។ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ របស់កងទ័ពកុម្មុយនីស ដែលចេញផ្សាយ តាមរយៈទីភ្នាក់ងារ​ព័ត៌មាន​​ផ្លូវការ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា៖ «ប្រសិនបើជនក្បត់ ប៉ាក ជនហេ និងបក្ខពួក មិន​ធ្វើការ​ឆ្លើយ​តប​ទេ... នោះកាំភ្លើងធំ ដែលបាញ់បានរយៈឆ្ងាយ របស់កងទ័ពកូរ៉េ (ខាងជើង) នឹង​បញ្ចេញ​សកម្មភាព តាម​​ផ្លូវ​យោធា ដោយ​គ្មានអាណិតអាសូរ»។

ខិត្តប័ណ្ណជាង ៥០ពាន់សន្លឹក បានចាក់សាំងបន្ថែម...

ស្ថានការណ៍ដ៏ទំជោរនេះ កាន់តែបោះជំហានទៅមុខ កាន់តែជ្រាលជ្រៅបន្ថែមទៀត បន្ទាប់ពីខិត្តប័ណ្ណចំនួន​ជាង ៥០ពាន់សន្លឹក ត្រូវបានក្រុមសកម្មជនកូរ៉េខាងត្បូង បង្ហោះតាមប៉េងប៉ោង ចេញពីទឹកដីខាងត្បូង កាល​ពី​ថ្ងៃ​សៅរ៍ (ថ្ងៃតែមួយ នឹងការចេញផ្សាយវីដេអូ និងការដាក់ឱសានវាទ របស់កូរ៉េខាងជើង) ហោះចូល​ទៅក្នុង​ទឹកដី​ខាង​ជើង។ ក្នុងនោះ មានខិត្តប័ណ្ណជាច្រើន ដែលបង្ហាញពីរូបលោក គីម ជុងអ៊ុន កំពុងឈរសើច​នៅពីមុខ​គ្រាប់​បែក នុយក្លេអ៊ែរ ដែលកំពុងត្រូវបានតម្លើង និងមានពាក្យស្លោកជាច្រើន ដែលសរសេរជាភាសាកូរ៉េ មានន័យ​រិះគន់ ទៅ​លើ​របប​កុម្មុនីស៕