ISIS​ ព្រមាន​ជា​ថ្មី​៖ «សុបិន្ដ​អាក្រក់​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»

ក្រុមរដ្ឋអ៊ីស្លាម បានចេញមុខសារជាថ្មី មកទទួលខុសត្រូវ លើការវាយប្រហារភេរវកម្ម នៅរាជធានី ប្រ៊ុយសែល ដែល​កើត​ឡើ​ង​​កាល​ពី​ដើម​សប្ដាហ៍​មុន។ តែការចេញមុខមកលើកនេះ ក្រុមរដ្ឋអ៊ីស្លាម បាននាំមក​ជាមួយ នូវ​វីដេអូ​ចំនួន​ពីរ។ នេះ​បើតាមការអះអាង របស់ប្រព័ន្ធផ្សាយក្នុងប្រទេសប៊ែលហ្សិក។
ISIS​ ព្រមាន​ជា​ថ្មី​៖ «សុបិន្ដ​អាក្រក់​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»

ការកាត់ក្បាលចំណាប់ខ្មាំងមួយរូប ដោយជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍។ (រូបថតផ្តិតពីវីដេអូ)

គេហទំព័រ របស់សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃឈ្មោះ «Le Soir» នៅរាជាណាចក្រប៊ែលហ្សិក បាន​រាយ​ការណ៍​ថា អង្គការភេរវនិយម​រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) បានចេញមុខសារជាថ្មី កាលពីយប់ថ្ងៃសុក្រនេះ មកទទួលខុសត្រូវ  លើការវាយប្រហារ​ភេរវកម្ម​ទាំងពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល។ ប៉ុន្តែការចេញមុខ មកទទួលខុសត្រូវលើកនេះ ធ្វើឡើង​តាម​រយៈ​វីដេអូ​ចំនួនពីរ។ វីដេអូនោះ ក៏ត្រូវបានអ្នកជំនាញ ខាងការស្រាវជ្រាវ ពីបណ្ដាញភេរវនិយម លោក «Pieter Vanostaeyen» យកមកផ្សាយ នៅលើគេហទំព័រផ្ទាល់ខ្លួន របស់លោកដែរ។

នៅក្នុងវីដេអូទាំងនេះ ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយម បានលើកសរសើរមិនដាច់សូរ ពីការ​វាយ​ប្រហារ នៅរាជធានី ប្រ៊ុយសែល ដែលធ្វើឲ្យមនុស្សស្លាប់ ៣១នាក់ និងរបួសជិត៣០០នាក់។ សកម្មជន​ប្រយុទ្ធ​ពីរនាក់ ដែលនិយាយជាភាសាបារាំង បានទាមទារឲ្យកងកម្លាំងរបស់បស្ចឹមលោក ដកចេញពីប្រទេសស៊ីរី និង​ប្រទេសអៀរ៉ាក់។ ម្នាក់ពីក្នុងចំណោមនោះ បានថ្លែងឡើងថា៖ «អ្នកឯងប្រាប់ពួកគេទៅ ឲ្យដក​យន្ដហោះ​ចេញ! អ្នកឯងប្រាប់ពួកគេទៅ ឲ្យដកកងទ័ពចេញ! ហើយបន្ទាប់មក អ្នកឯងនឹងរស់នៅ ក្នុង​សុខ​សន្តិភាព!»។

ការគម្រាមថ្មីទៀត...

ប៉ុន្តែ ក្រុមភេរវនិយមទាំងនេះ នៅមិនភ្លេចទេ នូវការគម្រាមថ្មីទៀត។ ជនម្នាក់ដដែលនោះ បានថ្លែង​បន្ត​ទៀត​ថា៖ «យើងមិនព្រមជាដាច់ខាត នូវការរស់នៅ ដែលស្ថិតក្រោមការចំអក ម៉ាក់ងាយ និងអោនក្បាល។ យើង​អោន​ក្បាល នៅចំពោះ តែព្រះអាឡាហ៍មួយប៉ុណ្ណោះ។ ថ្ងៃនេះ បងប្អូនយុទ្ធជនរបស់យើង បានឲ្យអ្នកឯងភ្លក្ស នូវរសជាតិមួយ ដែលកើតចេញ ពីព្រឹត្តិការណ៍ដ៏ញាប់ញ័រ។ បេះដូងអ្នកឯង កំពុងលោតខុសចង្វាក់ ដោយ​សារ​ភាព​ភ័យខ្លាច។ ហើយសុបិន្តអាក្រក់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ អ្នកឯងត្រូវដឹងថា អ្វីដែលនឹងកើតឡើង នៅ​ពេល​ក្រោយ នឹង​មាន​សភាព​​កាន់តែញាប់ញ័រជាងមុន។»

បុរសម្នាក់ទៀត បានជួយបន្ទរដែរថា៖ «អ្នកឯងទាំងអស់គ្នា កំពុងស្ថិតក្នុងសម័យកាលសង្គ្រាម។ ជាសម័យ​កាល ដែលឈាមនឹងហូរដាប នៅតាមផ្លូវដែលអ្នកឯងដើររាល់ថ្ងៃ។ ជាសម័យកាល ដែលអ្នកឯងនឹង​ឃើញ អ្នក​ដែល​អ្នកឯងស្រឡាញ់បំផុត ស្លាប់នៅនឹងមុខអ្នកឯង។»៕

» ខាងក្រោមនេះ ជាវីដេអូទាំងពីរ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលទើបនឹងចេញមុខ មកទទួលខុសត្រូវសារជាថ្មី។ ប៉ុន្តែ វីដេអូនេះ មិនត្រូវឲ្យកុមារ ដែលមានអាយុក្រោយ១៦ឆ្នាំ និងមនុស្ស ដែលមានបញ្ហា​ខាង​សុខភាព (ពិសេស បេះដូង និងខួរក្បាល) ទស្សនាឡើយ