ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ឃុំ​បឹងប្រាំង​ជាង​១០០​នាក់​ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​តវ៉ា​នៅ​ភ្នំពេញ

ប្រជាពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ១០០​នាក់​តំណាង​ឲ្យ ១៩២​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ពលរដ្ឋ​ឡើង​ទៅ​ភ្នំពេញ​នេះ ដោយសារ​ពួក​គាត់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន កោះ​ប្រជុំ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហើយ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ ដើម្បី​ដាក់​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​សកម្មភាព​របស់​មេ​ឃុំ ថា​ជា​ទង្វើ​បង្ក​ការ​លំបាក​ដល់​អ្នក​ស្រុក និង​មិន​អាច​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​បាន​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដី​ម្នាក់ គឺ​លោក ឆាន មុនី ថ្លែង​មុន​នឹង​ចេញ​ដំណើរ​នៅ​បេនឡាន​ក្រុង​រង្វង់​មូល​ព្រាប​ស ក្រុង​បាត់ដំបង ថា ពួក​គេ​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​នេះ ដោយសារ​ព្រួយ​បារម្ភ​ក្រែង​អាជ្ញាធរ​មូលដ្ឋាន ប្ដឹង​ចាប់​ពួក​គេ​ដាក់​គុក​ច្រវាក់ ដោយ​មិន​បាន​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ លោក​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ មីនា លោក​មេ​ឃុំ​បឹងប្រាំ ឈ្មោះ ឈា នី បាន​កោះ​ប្រជុំ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​កាន់​កាប់​ដី​កន្លះ​ហិកតារ​ក្នុង​មួយ​គ្រួសារ បង្ខំ​ឲ្យ​ផ្ដិត​មេដៃ ដើម្បី​ប្ដឹង​ពួក​គេ​ដែល​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​តុលាការ ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

លោក​បន្ថែម​ថា មេ​ឃុំ​បឹងប្រាំ ធ្វើ​បែប​នេះ​ពុំ​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ ១៩២​គ្រួសារ បាន​ដាំ​ដុះ​នៅ​លើ​ដី​ទំនាស់​ជាង ១​ពាន់​ហិកតារ (.០៨៥​ហិកតារ) នៅ​ឃុំ​បឹងប្រាំ នោះ​តាំង​ពី​ឆ្នាំ​១៩៩៩ រហូត​មក ហើយ​អាជ្ញាធរ​បាន​ធ្វើ​ប្លង់​ជាន់​លើ​ដី​របស់​ពួក​គាត់៖ «»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក អ៊ុល យ៉ាន់ ថ្លែង​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ នៅ​ពេល​មេ​ឃុំ​បឹងប្រាំ កោះ​ហៅ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ប្ដឹង​ពួក​គាត់​នេះ។ លោក​ថា នេះ​ជា​រឿង​មួយ​មាន​ចេតនា​មិន​ល្អ​លើ​ប្រជាពលរដ្ឋ​ជាង ១៩២​គ្រួសារ ដោយសារ​ពួក​គាត់​មិន​ព្រម​ចាក​ចេញ​ពី​ដី​ទំនាស់​នោះ៖ «»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​ពិត​ជា​បាន​កោះ​ប្រជុំ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ផ្ដិត​មេដៃ​ដាក់​ទៅ​តុលាការ​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា ការ​ប្ដឹង​ទៅ​តុលាការ​នេះ ក្នុង​ចេតនា​ល្អ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៖ «»

លោក​បន្ថែម​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ មីនា ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​បាន​ជិត ៤០០​នាក់​ហើយ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាង ១.៣០០​គ្រួសារ​ដែល​មាន​តែ​ប្លង់ ហើយ​មិន​បាន​ទទួល​ដី។ ទោះ​បី​ជា​យ៉ាង​ណា លោក​ពុំ​ទាន់​បញ្ជាក់​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​តុលាការ​ដោះស្រាយ​នៅ​ពេល​ណា​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ពុំ​មែន​ជា​ដំណោះស្រាយ​សមស្រប​ឡើយ។ ផ្ទុយ​ទៅ​វិញ នឹង​បង្ក​ការ​លំបាក​ដល់​ពួក​គាត់​កាន់​តែ​ខ្លាំង​ឡើង។ ការ​លំបាក ដោយសារ​អ្នក​ស្រុក​ត្រូវ​ឡើង​តុលាការ​ញឹកញាប់ ហើយ​ប្រសិន​បើ​ចាញ់​ក្ដី ពួក​គាត់​មួយ​ចំនួន​នឹង​រត់​ចោល​ផ្ទះ​សម្បែង ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច និង​ត្រូវ​ជាប់​ពន្ធនាគារ ធ្វើ​ឲ្យ​បែក​បាក់​គ្រួសារ ជាដើម៖ «»

លោក យិន ម៉េងលី ពន្យល់​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ អាច​ដោះស្រាយ​បាន ប្រសិន​បើ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ហៅ​ភាគី​ទាំង​សង​ខាង​មក​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ភាព​អព្យាក្រឹត និង​មិន​លម្អៀង។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ស្រាវជ្រាវ​រឿង​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល បង្ហាញ​ថា ប្រជាពលរដ្ឋ​ចំនួន ១៩២​គ្រួសារ​ដែល​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ពួក​គាត់​បាន​រស់នៅ​ស្រប​ច្បាប់​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៩។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ជាង ១.៣០០​គ្រួសារ​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ពួក​គាត់​ទាំង​នោះ​មួយ​ចំនួន​ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ និង​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត ដោយ​អ្នក​ខ្លះ​រស់នៅ​ឆ្នាំ​២០០៥ និង​ខ្លះ​ទៀត​រស់នៅ​ឆ្នាំ​២០១២។

កន្លង​មក ទាំង​មន្ត្រី​យោធា និង​ប្រជាពលរដ្ឋ ក៏​ធ្លាប់​ចូលរួម​តវ៉ា​ជាមួយ​ពលរដ្ឋ​ដែល​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាច្រើន​លើក​មក​ហើយ​ដែរ ដើម្បី​ឲ្យ​អាជ្ញាធរ​ឲ្យ​ឃុំ ស្រុក និង​ខេត្ត ដោះស្រាយ​ជូន​ពួក​គាត់ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ប្លង់​អត់​ដី​មួយ​ចំនួន ក៏​គ្រោង​ឡើង​ទៅ​តវ៉ា​ជាមួយ​ប្រជាពលរដ្ឋ ១៩២​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ នៅ​ចុង​ខែ​មីនា នេះ​ដូច​គ្នា។ ការ​ឡើង​ទៅ​ភ្នំពេញ​នេះ ប្រជាពលរដ្ឋ​នឹង​តវ៉ា​មុខ​ក្រសួង​យុត្តិធម៌ រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​មុខ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។