ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ឡាអ័រ (ប៉ាគីស្ដង់) ស្លាប់​៥៦នាក់​យ៉ាង​តិច

យ៉ាងហោច មនុស្ស៥៦នាក់ បានស្លាប់ និងច្រើនរយនាក់ទៀត បានរងរបួស នៅក្នុងភេរវកម្ម​អត្តឃាត​មួយ ដែលបាន​កើត​ឡើង ក្នុង​យប់​ថ្ងៃ​អាទិត្យ​នេះ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគ​ខាង​កើត​នៃ​ប្រទេស​ប៉ាគីស្ដង់។
ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ឡាអ័រ (ប៉ាគីស្ដង់) ស្លាប់​៥៦នាក់​យ៉ាង​តិច

ទិដ្ឋភាពពីទីកន្លែងបំផ្ទុះគ្រាប់បែក នៅក្បែរសួនកំសាន្ដ ដែលបង្កឲ្យមនុស្សស្លាប់ កើនឡើងជាង​៥០នាក់។ (រូបថត AFP)

ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា បានកើតឡើង នៅយប់ថ្ងៃអាទិត្យនេះ ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» និងនៅចំងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីលានកំសាន្ដសម្រាប់កុមារ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃ​ប្រទេស​​ប៉ាគីស្ដង់។ ហេតុការណ៍បានកើតឡើង ខណៈមនុស្សជាច្រើន ជាពិសេស​ក្រុម​អ្នក​កាន់​សាសនា​គ្រឹស្ទ៍ បាន​ជួបជុំ​គ្នា​មីដេដាស នៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យ «ប៉ាក (Pâques)»។

តុល្យភាពបណ្ដោះអាសន្ន នៃអ្នកស្លាប់ និងអ្នករបួស បានកំពុងកើនឡើង ជាបន្តបន្ទាប់។ រហូតមកដល់នាទីនេះ មាន​ប្រមាណជា៥៦នាក់ បានស្លាប់ និងមិនតិចជាង១០០នាក់ បានរងរបួស។ ប៉ុន្តែតួលេខទាំងនេះ នឹង​ត្រូវ​បញ្ជាក់​សារ​ជាថ្មី ដោយអាជ្ញាធរ ឬដោយប្រភពច្បាស់លាស់ នៅពេលក្រោយទៀត។

ប៉ុន្តែលោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុង ឡាអ័រ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «តុល្យភាពនៅពេលនេះ មានមនុស្សស្លាប់  ឡើងចំនួនដល់ទៅ ៥៦នាក់។ យុទ្ធនាការជួយសង្គ្រោះ កំពុងប្រព្រឹត្តិទៅមុខ»។ លោកបានបញ្ជាក់បន្ថែមថា កងទ័ពត្រូវបាន​ស្នើ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និងត្រូវបានបញ្ជូន​​មក​ដាក់​ពង្រាយភ្លាមៗ នៅ​ជុំវិញ​តំបន់​កើត​ហេតុ​នោះ។

អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹង នៅ​ក្នុង​ពេលមុននេះបន្តិចថា៖ «ភាគច្រើននៃអ្នកស្លាប់ និងរបួស សុទ្ធសឹងជាស្ត្រី និងកុមារ»៕