កងកម្លាំង​ស៊ីរី​ដណ្ដើម​ទីក្រុង Palmyra បាន​ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ

កងកម្លាំង​ស៊ីរី​ដណ្ដើម​ទីក្រុង Palmyra បាន​ពី​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ

នៅ​ក្នុង​រូបភាព​ដែល​បញ្ចេញ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ស៊ីរី SANA ទាហាន​ស៊ីរី​ប្រមូលផ្តុំ​ជុំវិញ​ទង់ជាតិ​ប្រទេស​ស៊ីរី​នៅ​ក្រុង Palmyra កាលពី​ថ្ងៃ​អាទិត្យ ទី២៧ ខែមិនា ឆ្នាំ២០១៦។

សកម្មជន​និង​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ស៊ីរី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​បាន​ត្រួតត្រា​ទីក្រុងPalmyra ​វិញ​ហើយ គឺ​ ១០​ខែ​ បន្ទាប់​ពី​ក្រុម​រដ្ឋ​ឥស្លាម​បាន​ក្តោបក្តាប់​ទីក​ក្រុង​បុរណ​នេះ ហើយ​បាន​បំផ្លាញ​រូប​សំណាក​និង​វិមាន​នានា ដែល​បាន​ស្ថិត​នៅក្នុង​ទីក្រុង​នេះ អស់​ជិត​២​.០០០​ឆ្នាំ​មក​ហើយ​នោះ។

ការ​វាយប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង Palmyra បាន​កើនឡើង​កាន់​តែ​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅពេល​ដែល​កងកម្លាំង​ស៊ីរី ដែល​គាំទ្រ​ដោយ​កងទ័ព​អាកាស​រុស្សី បាន​រុញច្រាន​ក្រុម​រដ្ឋឥស្លាម​ចេញ​ពី​ទីក្រុង​នេះ ក្នុង​រយៈពេល​៣សប្តាហ៍​កន្លង​មក​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ីរី (​Syrian Observatory for Human Rights) ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា កងកម្លាំង​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​សល់​ បាន​ភៀស​ទៅ​ប៉ែក​ខាងកើត​ប្រទេស​ស៊ីរី​គឺ​ ទៅ​ទីក្រុង Deir Ezzor។ កងកម្លាំង​ទាំង​នេះ​បាន​ក្តោបក្តាប់​ដែនដី​មួយ​ភាគ ដែល​លាតសន្ធឹង​ពី​ទីក្រុង​ Deir Ezzor. កាត់តាម​រដ្ឋធានី បណ្ដោះអាសន្ន​របស់​ពួកគេគឺ​ ក្រុង Raqqa ទៅដល់​ព្រំដែន​តួកគី ហើយលាត​សន្ធឹង​ដល់​ប៉ែក​ខាងត្បូង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទៀត។

បន្ទាប់​ពីដណ្ដើម​បាន​ទីក្រុងPalmyra មក​វិញ​នោះ រដ្ឋាភិបាល​ស៊ីរី បាន​បើក​ចំហ​វាល​ខ្សាច់​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​នេះ​ទៅកាន់​ទីក្រុងDeir Ezzor។

ទីក្រុងPalmyra ដែល​គេ​ហៅ​ថា​ជា «កូន​ក្រមុំ​នៅ​ក្នុង​វាល​ខ្សាច់»​នេះ ធ្លាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ក្រុម​រដ្ឋ​ឥស្លាម​បាន​វាយដណ្តើម​ត្រួតត្រា​ទីក្រុង​បុរាណ​នេះ​ពី​កងកម្លាំង​រដ្ឋាភិបាល តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ហើយ​បន្ទាប់​មក ក្រុម​នេះ ក៏​បាន​បំផ្លាញ​រូបសំណាក​ជាច្រើន​ក្នុង​រជ្ជកាល​រ៉ូម៉ាំង ដោយសារ​ពួកគេ​ព្យាយាម​បំផ្លាញ​អ្វី​ដែល​ពួក​ចាត់​ទុក​ជា​ការ​គោរព​ទេវរូប៕