សត្វសមុទ្រ​ដែល​​រស់រាន​​ពី​គ្រោះ​រលកយក្សស៊ូណាមិ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សួនត្រី​ក្នុង​ស.រ.អា

សត្វសមុទ្រ​ដែល​​រស់រាន​​ពី​គ្រោះ​រលកយក្សស៊ូណាមិ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សួនត្រី​ក្នុង​ស.រ.អា

ត្រី Beakfish ​ខ្លួន​ឆ្នូត​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​តាម​រយៈ​កម្ទេចកម្ទី​សេសសល់​ពី​រលកយក្ស​ស៊ូណាមិ​ កំពុង​ហែល​នៅ​ក្នុង​សួនត្រី Oregon Coast។ ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ជីវវិទូ​ផ្នែក​ភាវៈ​ក្រោម​ទឹក​នៅ​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​ បន្ត​ឃ្លាំ​មើល​កម្ទេចកម្ទី​ពី​រលកយក្ស​ស៊ូណាមិ និង​ពពួក​សត្វ​ដែល​រសាត់​អណ្តែត​មក​ជាមួយ។
ញូូវផត (ស.រ.អា)—

នៅ​ក្នុង​ខែ​មីនា​កាល​ពី​ប្រាំ​ឆ្នាំ​មុន​ ប្រទេស​ជប៉ុន​បាន​រង​ការ​រង្គោះរង្គើ​ដោយ​គ្រោះ​រញ្ជួយដី​យ៉ាង​ធំ​បំផុត​ដែល​មិន​ធ្លាប់កើត​មាន​មក​លើ​ប្រទេស​ដី​កោះ​មួយ​នេះ។ គ្រោះរញ្ជួយដី​នោះ ដែល​បង្ក​ឲ្យកើត​មាន​រលកយក្ស​ស៊ូណាមិ​ ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ​១៥.០០០នាក់​ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រេអាក់ទ័រ​នុយក្លេអ៊ែរ​មួយ​ចំនួន​ទៀត។​ នៅ​ស្រប​ពេល​ដែល​ទឹក​បាន​ហូរ​ត្រឡប់​ទៅ​សមុទ្រ​វិញ វា​ក៏​បាន​បោកបក់​នាំ​យក​កម្ទេចកម្ទី​រាប់​សិប​លាន​តោន​មក​ទើរ​លើ​ច្រាំង​របស់​ស.រ.អា​ផងដែរ​ ចាប់តាំងពី​ពេល​នោះ​មក។ នៅ​ពេល​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​ចាប់ផ្តើម​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​កម្ទេចកម្ទី​ទាំង​នោះ​ ពួកគេ​បាន​រក​ឃើញសត្វត្រី​ក៏ដូចជា​ពូជ​សត្វសមុទ្រដទៃ​ទៀត ដែល​មាន​លក្ខណៈ​មិន​ធម្មតា និង​អាច​មាន​គ្រោះថ្នាក់ទៀត​ផង។

កម្ទេចកម្ទី​សល់​ពី​រលកយក្សស៊ូណាមិ​ពី​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​បោកបក់​មក​លើ​តំបន់​ឆ្នេរ​ភាគខាង​លិច​របស់​ ស.រ.អា ​នៅ​ក្នុង​ឆ្នាំ​ ២០១២ ហើយ​កម្ទេចកម្ទី​ទាំង​នោះ​នៅ​តែ​បន្ត​បោកបក់​មក​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ពពួក​សត្វ​មាន​ជីវិត​មួយ​ចំនួន​ក៏​បាន​បោកបក់​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មក​ជាមួយ​ដែរ។ សត្វត្រី និង​ពូជ​សត្វ​សមុទ្រ​ដទៃ​ទៀត​ពី​ដែន​ទឹក​ប្រទេស​ជប៉ុន​ បាន​រសាត់​មក​ជាមួយ​កម្ទេចកម្ទី​ធំៗ​មួយ​ចំនួន​ដែល​អណ្តែត​លើ​ទឹក។ ​សត្វ​សមុទ្រ​ទាំង​នោះមួយ​ចំនួន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ នៅ​ឯ​សួនត្រី​ Oregon Coast Aquarium ទី​ដែល​នាង​ Evonne Mochon Collura ធ្វើ​ជា​ជំនួយ​ការ​នៃ​អ្នកគ្រប់គ្រង​សួនត្រី​មួយ​នេះ។

នាង Mochon Collura បាន​និយាយ​ថា៖ «ពួកត្រី​ទាំង​នេះ​កំពុង​តែ​ហែល​យ៉ាង​ព្រងើយ​នៅ​ក្នុងគុម្ព​សារ៉ាយ​សមុទ្រ​នា​ពេល​នេះ»។

លោក Tom Banse និយាយ​ថា៖ «ពួកវា​មើល​ទៅ​ដូច​មាន​អារម្មណ៍​កំពុង​នៅ​ក្នុង​កន្លែង​ដែល​ពួកគេ​ធ្លាប់​រស់នៅ​អញ្ចឹង។ ចូរមើល​ទៅ​ពួកវា​ចុះ ពួកវា​មើល​ទៅ​រាង​ចម្លែក​បន្តិច។ មើល​ទៅ​មិនដូច​ត្រី​នៅ​តំបន់​ត្រូពិច​ប៉ុន្មាន​ទេ ប៉ុន្តែ​មើលទៅ​គួរ​ឲ្យ​ទាក់​ទាញ ហើយមើល​ទៅ​មាន​សុខភាព​ល្អ​ទៀត»។

នាង Mochon Collura បាន​បន្ត​ថា៖ «ពួកវា​មាន​បណ្តុំ​ខ្សែ​ឆ្នូត​ដ៏​ស្អាត​លើ​ដង​ខ្លួន​របស់​វា ​គឺ​បណ្តុំ​ខ្សែ​ឆ្នូត​វែង​បញ្ឈរ​ត្រង់​ ដែល​ប្តូរ​ពី​ពណ៌​ទឹកប្រាក់ ទៅ​ពណ៌​ខ្មៅ»។

តាម​លក្ខណៈ​សណ្ឋាន​របស់​ពួកវា ត្រី​សមុទ្រ​ទាំង​នោះ​ត្រូវ​បាន​ហៅ​ថា ​ប្រភេទ​ត្រី ​Beakfish​ ដែល​មាន​បណ្តុំ​ខ្សែ​ឆ្នូត។

នៅ​ក្នុង​អាង​ទឹក​ «Open Sea» ​ដែល​មាន​ទំហំធំ​ជាង ​មាន​សត្វសមុទ្រមួយ​ចំនួន​ដែល​ទើប​តែ​មក​ដល់​ថ្មី។ ពួកវា​ជា​ប្រភេទ​ត្រី​រាង​មូល​វែង ​មាន​ទំហំ​ធំ ​ខ្លួន​ពណ៌​ទឹកប្រាក់​ និង​មាន​កន្ទុយ​ញែក​ចេញ​ពី​គ្នា​ពណ៌​លឿង។

នាង​ Mochon Collura បាន​និយាយ​ថា «...អ្នក​នឹង​ឃើញ​ហ្វូងត្រីមាន​ចំនួន​តិច​ជាង​នេះ​ តែ​ពួក​វា​មាន​ទំហំ​ធំ​ជាង ដែល​ពួកគេ​កំពុង​តែ​ស្ថិត​នៅ​កៀក​ជិត​គ្នា។ ត្រី​ទាំង​នោះ​ជា​ប្រភេទ​ត្រីធូណា​ពណ៌​លឿង»។

បុគ្គលិក​សួនត្រី​បាន​ជួយ​សង្រ្គោះ​សត្វ​ត្រី​ប្រភេទ ​Jacks ​ជាង​ដប់​ក្បាល​ និង​ត្រី​ប្រភេទ​ Beakfish ​មួយ​ក្បាលចេញ​ពី ​ទូកដ៏​រិចរិល​មួយ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។ បំណែក​ទូក​មាន​កញ្ចក់​ការពារ​ដែល​បាន​លិច​ពាក់​កណ្តាល​ និងគ្រប់ដណ្តប់​ដោយ​សារ៉ាយ​សមុទ្រ​ គឺ​ជា​ផ្នែក​ខាង​មុខ​នៃ​ទូកនេសាទ​ដែល​មាន​ប្រវែង​ប្រហែល​១៥ ម៉ែត្រ។ បំណែក​នេះ​ហាក់​ដូចជា​បាន​អណ្តែត​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ និង​រលកយក្ស​ស៊ូណាមិ​នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​បាន​នាំ​មក​ជាមួយ​នូវ​ត្រី​មាន​ជីវិត​នៅ​ក្នុង​នោះ។

«យើង​មិន​ដឹង​ថា ពួក​ត្រី​ទាំង​នោះ​មាន​អាយុ​ប៉ុន្មាន​ទេ។ យើង​ក៏​មិន​ដឹង​ថា ពួកវា​ស្ថិត​នៅ​ក្នុង​តួ​ទូក​នោះ​យូរ​ប៉ុណ្ណាដែរ។ ​ពួកវា​ប្រហែល​ជា​បាន​ជាប់​នៅ​ក្នុង​តួ​ទូក​នោះ​ នៅ​ពេល​ដែល​ពួកវា​នៅ​តូច​នៅ​ឡើយ»។

នាង​ Mochon Collura និយាយថា​ តាម​ការ​ធ្វើ​តេស្ត​ឌីអ៊ិនអេ (DNA) ទៅ​លើ​ពួកត្រី​ដែល​កំពុងលូតលាស់​ពេញ​រូបរាង គេ​បាន​រក​ឃើញ​កំណត់​វិជ្ជមាន​ថា​ ពួកត្រី​ទាំង​នោះមាន​ប្រភព​ដើម​ពី​តំបន់​ដែន​សមុទ្រ​អាស៊ី​នៅ​ភាគ​ខាងកើត។​ ត្រី​ទាំង​នោះ​ប្រហែល​ជា​អាច​រស់​រាន​មាន​ជីវិត​បាន​ដោយការ​ចឹក​ស៊ី​រុក្ខជាតិ​សមុទ្រ​ដែល​ដុះ​នៅ​ក្នុង​ទូក​ឬស៊ី​អ្វីៗ​ដែល​ត្រូវ​បាន​បោក​បក់​ចូល​ក្នុង​ទូក​នោះ។

ពួកត្រី​ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មក​ទី​នេះ​ត្រូវ​បាន​ទុក​ដោយ​ឡែក​អស់​រយៈពេល​ប្រាំមួយ​ខែ​ មុន​ពេល​ត្រូវ​បាន​វិនិច្ឆ័យ​ថា ពួក​វា​ជា​ត្រី​មាន​សុវត្ថិភាព​ និង​សមស្រប​សម្រាប់​ការ​ដាក់​បង្ហាញ​នេះ។ អ្នក​ទៅ​ទស្សនា​សួនត្រី​នេះ​ គឺ​លោក Nicole Chason មក​ពី​ក្រុង Portland រដ្ឋ Oregon មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ពី​រឿងរ៉ាវ​របស់​ពពួក​ត្រី​ទាំង​នេះ។

«ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ទែន​ ដែល​ដឹង​ថា​ត្រី​ទាំង​នេះ​អាច​ធ្វើ​ដំណើរ​មក​ដល់​ទី​នេះ​បាន​។ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​នឹង​សប្បាយ​រីករាយ​នៅ​ទី​នេះ​ ហើយ​ពួកវា​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ដូចភ្ញៀវមក​ទស្សនា​សួន​ត្រី​នេះ​ដែរ»។

ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ជីវវិទូ​ផ្នែក​ភាវៈ​ក្រោម​ទឹក​នៅ​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​ បន្ត​ឃ្លាំ​មើល​កម្ទេចកម្ទី​ពី​រលកយក្ស​ស៊ូណាមិ និង​ពពួក​សត្វ​ដែល​រសាត់​អណ្តែត​មក​ជាមួយ។

លោក​ John Chapman​ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ភាវៈ​ក្រោម​ទឹក​នៅ​ឯ​មហាវិទ្យាល័យ​រដ្ឋ Oregon។ លោក​និយាយ​ថា ដែន​ទឹក​នៅ​តំបន់​ឆ្នេរ​ភាគ​ពាយព្យ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប្រហែល​មាន​សភាព​ត្រជាក់​ខ្លាំង​សម្រាប់​សត្វ​ត្រី​ទាំង​នោះ​បង្កាត់​ពូជ។ ប៉ុន្តែ លោក​បាន​និយាយ​តាម​បណ្តាញ​ទំនាក់​ទំនង​ Skype ​ថា មាន​ប្រភេទ​សត្វ​ដែល​មាន​លទ្ធភាព​លុកលុយ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ។

«បាទ! មាន​ពពួក​ភាវៈ​ដែល​មាន​សណ្ឋាន​មិន​ល្អ​នៅ​ក្នុង​កម្ទេចកម្ទីទាំង​នោះ»។

នៅ​ក្នុង​កម្ទេចកម្ទីទាំង​នោះ​រួមមាន​ទាំង​ ផ្កាយ​សមុទ្រ​ សារ៉ាយសមុទ្រ ​និង​បរាសិត​ ដែល​អាចវាទី​យក​កន្លែង​របស់​ពពួក​ភាវៈ​ដែល​មាន​តាំង​ពី​ដើម​មក។

​សំណាង​ល្អ​ ទំហំ​នៃ​កម្ទេចកម្ទី​ដែល​គេ​សង្ស័យ​ថា​មក​ពី​រលកយក្ស​ស៊ូណាមិ​ ដែល​បោក​មក​ទើរ​លើ​តំបន់​ឆ្នេរ​ភាគ​ពាយព្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ថមថយ​កាល​ពី​ឆ្នាំមុន។ អ្វី​ដែល​នៅ​សេសសល់​នៅទី​នោះកំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ញែក​ឲ្យ​ដាច់​ពី​សំណល់​ដទៃ​ទៀត​នៅ​ក្នុង​មហាសមុទ្រ។ លោក Chapman និយាយ​ថា តំបន់​នេះហាក់​ដូចជា​មាន​សំណាង​ខ្លាំង​ណាស់។

«យើង​មិន​មាន​ចម្លើយ​ចុងក្រោយ ដែល​ថាយើង​បាន​គេច​ផុត​ពី​គ្រោះ​អាក្រក់​មួយ​នៅ​ឡើយ​ទេ។ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។ ប៉ុន្តែ ​ខ្ញុំ​គិត​ថា តាម​ការ​ប៉ាន់​ស្មាន​ត្រួសៗ​យើង​ប្រហែល​ជា​បាន​គេច​ផុត​ហើយ»។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺថា​ ពេលខ្លះពពួក​សត្វ​ដែល​វាយ​លុក​លើ​ភាវៈ​ដទៃ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បីបង្ក​លក្ខណៈ​សម្បត្តិ​របស់​ពួក​វា​ឲ្យ​បាន​គ្រប់គ្រាន់។ ដូច្នេះ ​អ្នកវិទ្យាសាស្រ្ត​ផ្នែក​ភាវៈ​ក្រោម​ទឹក​នឹង​មាន​ការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន។ មធ្យោបាយ​ចម្បង​មួយ​នៃ​ការ​តាមដាន​នោះ​គឺ ការ​ដាក់​លោហៈ​ធាតុ​ ឬ​បន្ទះ​ផ្លាស្ទិច​នៅ​ក្នុង​ទឹក​ដើម្បី​ឲ្យ​ឃើញ​ថា ​តើ​មាន​អ្វី​ខ្លះ​លូតលាស់​នៅលើ​លោហៈ ឬ​បន្ទះ​ផ្លាស្ទិច​ទាំង​នោះ។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​សង្កេត​ការណ៍​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​កំពុង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ទៀត​ទាត់​ទៅ​លើ​ភាវៈរស់​ក្នុង​សមុទ្រ​ ដែល​ស្ថិត​នៅ​ខុស​ទីតាំង​នៅ​តាម​បណ្តោយ​ឆ្នេរ ឬ​គំនរ​ផ្សេងៗ។ រដ្ឋាភិបាល​ជប៉ុន​បាន​ឧបត្ថម្ភ​ប្រាក់​បី​លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​ទៅ​លើ​ការ​ធ្វើ​គំរូ​ម៉ូដែល​លើ​ការ​សាយភាយ​កម្ទេចកម្ទី​លើ​ផ្ទៃ​សមុទ្រ និង​ការ​ត្រួតពិនិត្យ​តាម​បណ្តោយ​ឆ្នេរ​នៅ​ជុំវិញ​ជាយ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា