បុក​មនុស្ស​ស្លាប់​ទាំង​ថ្ងៃ​បើក​រត់គេច ប៉ូ​លី​ស​ក្របួច​ជាប់

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ ឃុ​ត ខុ​ម  អាយុ​៥៥​ឆ្នាំ   មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ បាន​ស្លាប់​ភ្លាម​ៗ  ដោយសារ​តែ​រថយន្ត​ប្រភេទ​ធុន​យក្ស​១​គ្រឿង  ម៉ាក​ហ៊ី​ណូ​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9118 បុក​នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៧១  ។ 

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​តា​អុង   ឃុំ​តា​អុង ស្រុក​ចំការលើ  ។ រថយន្ត​បាន​បើក​រត់គេច​ច្រើន​គីឡូម៉ែត្រ   រហូត​មក​ដល់​ជិត​សាលា ស្រុក​ចំការលើ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន   រួម​នឹង​អ្នកបើកបរ​រថយន្ត​ផង​ដែរ ។ តាម​នគរបាល ចរាចរ​ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ  បុរស​ចំណាស់​ខាងលើបាន​ជិះ​ម៉ូតូ​ម៉ាក C 125 ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-9257  តែ​ម្នាក់ឯង​បាន​ជិះ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ដោយ​មានការ​ធ្វេសប្រហែស​មិន​បាន​ពិនិត្យ មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ  ស្រប​ពេល​នោះ​ត្រូវ​បាន​រថយន្ត​ធុន​ធំ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង   ក៏​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​ហើយ​រថយន្ត​មិន​បាន​ឈប់​នោះ​ទេ  ដោយ​បាន​បើក​រត់គេច​ទៅ​ខាង​មុខ​ទៀត​។

នគរបាល​ចរាចរ​ស្រុក​ចំការលើ ប្រាប់​បន្ត​ទៀត​ថា  ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​រាយ​ការ​ណ៏​មក​លោក​អធិការ​នគរបាល​ស្រុក​ចំការលើ​នោះ  ក៏​បាន​បញ្ជារ​ដល់​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ជាតិ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចាំ​ស្ទាក់​រថយន្ត បង្ក​។ នៅ​ពេល​ដែល​រថយន្ត​បើក​មក​ដល់​ត្រង់​ម្តុំ​សាលាស្រុក​ចំការលើ​នោះ​ត្រូវ​បាន​សមត្ថកិច្ច ស្ទាក់​ចាប់​ជាប់ ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ឈ ណា​ក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ  ត្រូវ​បាន បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​សួរនាំ ។ សូម​បញ្ជាក់​ថា​សាកសព បុរស​អ្នក​ជិះ​ម៉ូតូ ត្រូវ​បាន​ជំនាញ​នគរបាល​ចរាចរ ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ៕