ប្តី​លួច​រៀបការ​ជាមួយ​ស្រី​ផ្សេង តើ​គួរ​ប្តឹង​លែងលះ​ឬ​អត់ ?

6 Videos


នាង​ខ្ញុំ​ដឹងថា​ប្តី​របស់​នាង​ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់​ដែល​ពេលនោះ​នាង​ខ្ញុំ​កំពុងមានផ្ទៃពោះ​ប្រហែល ២ ខែ ។ រឿងរ៉ាវ​នេះ​នាង​ខ្ញុំ​បានឃើញ​ដោយ​ចៃដន្យ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​នាង ។ នាង​ខ្ញុំ​អាយុ ៣៤ ឆ្នាំ មានកូន​ប្រុស ២ នាក់ ម្នាក់​អាយុ ១០ ឆ្នាំ និង កូន​ម្នាក់ទៀតអាយុ ២ ឆ្នាំ ។ នាង​ខ្ញុំ​ជា​គ្រូបង្រៀន​ភាសាបរទេស​ចំណែក​ប្តី​ជា​អ្នកជំនួញ ។ កាលពី​បួន​ឆ្នាំមុននាង​ខ្ញុំ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់ថា​ទារក​ក្នុង​ផ្ទៃ​មាន​បញ្ហា​ដូច្នេះ​នាង​ខ្ញុំ​ក៏ពិភាក្សា​ជាមួយ​ប្តីនិងឪពុកម្តាយ​ពេលនោះ​ប្តី​នាង​ខ្ញុំ​ទុកឱ្យ​នាង​ខ្ញុំ​ជា​អ្នកសម្រេច​នាង​ខ្ញុំ​ក៏​ទៅពេទ្យ​យក​កូន​ចេញ ។ ក្រោយពី​យក​កូន​ចេញ​មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ក៏​ដឹងថា​ប្តី​មាន​ស្រី​នៅខាងក្រៅ ។

​នាង​ខ្ញុំ​ក៏ស្នើឱ្យ​គាត់​បញ្ចប់​ទំនាក់ទំនង​ជាមួយ​នាង​ម្នាក់​នោះ ប៉ុន្តែ​ម្តង​ជា​ពីរដង​នាង​ខ្ញុំនៅតែ​ឃើញថា​ពួកគេ​ទាក់ទង​គ្នា​ដដែល ។ ក្រោយមក​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ម្តងទៀតពេលនោះ​មិនដឹងថាទំនាក់ទំនង​រវាង​ប្តី និង នាង​នោះ​ស៊ីជម្រៅ​ដល់កម្រិតណា​នោះទេ ប៉ុន្តែ​ដោយសារ​ឃើញ​ប្តី​រីករាយ​នៅពេល​នាង​ខ្ញុំ​មាន​ផ្ទៃពោះនាង​ខ្ញុំ​ក៏​មិនបាន​សួរនាំ​អ្វី​ទាំងអស់ ។ រហូតដល់​នាង​ខ្ញុំ​មាន​ផ្ទៃ ៧ ខែ នាង​ខ្ញុំ​បាន​រកឃើញ ថា​ពួកគេ​នៅតែ​ផ្អែមល្ហែម​ជាមួយគ្នាទើប​សម្រេចចិត្ត​ទៅ​ជួប​ម្តាយ​របស់​នាង​ដើម្បី​ស្នើឱ្យ​ណែនាំ​កូនស្រី​កុំឱ្យ​ទាក់ទង​នឹង​ប្តី​នាង​ខ្ញុំ​ទៀត ។

M88


​អ្វីដែល​នាង​ខ្ញុំ​បានទទួល​នោះ​គឺ​ម្តាយ​របស់​នាង​បែរជា​ប្រាប់ថាឱ្យ​នាង​ខ្ញុំ​យក​លិខិតបញ្ជាក់អាពាហ៍ ពិពាហ៍​ទើប​គាត់​ជឿ ព្រោះ​មុននេះ​ក៏មានស្រី​ផ្សេង​មក​អះអាងថា​ជា​ប្រពន្ធ​របស់​ប្តី​នាងខ្ញុំ​ដែរ ។ ប៉ុន្មាន​ថ្ងៃក្រោយ​មក​នាង​ខ្ញុំ​យក​លិខិត​អាពាហ៍ពិពាហ៍​ទៅឱ្យ​ម្តាយ​របស់នាង​នោះ​មើលប៉ុន្តែ​មិន​ជួប​ពួកគេ​ទេ ហើយ​ពេល​ទូរស័ព្ទ​ទៅ​ក៏​មិន​លើក ។ ឃើញ​អាកប្បកិរិយា​បែបនេះ​នាង​ខ្ញុំ​សម្រេច​ថា​លែង​ខ្វល់​នឹង​បញ្ហា​នេះ ។ អ្វីដែល​ត្រូវ​ខ្វល់គឺ​បន្ទាប់ពី​ឆ្លងទន្លេ​រួច​ប្តី​នាង​ខ្ញុំ​ហាក់​លែង​យកចិត្តទុកដាក់​អ្វីទាំងអស់​ចំពោះ​នាង​ខ្ញុំ ។

​មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ប្រទះឃើញ​រូបថត​រៀបការរវាង​ប្តី​នាង​ខ្ញុំនិងនាង​ម្នាក់​នោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ ប្តី​ប្រពន្ធ​នាង​ខ្ញុំ​ក៏​ឈ្លោះគ្នា​ហើយគាត់​ក៏​សារភាព​ប្រាប់​រឿងនេះព្រមទាំង​ឱ្យ​នាង​ខ្ញុំ​ទទួលយក​រឿងនេះ ។ យើង​ឈ្លោះ​គ្នា​ជា​ញឹកញាប់ហើយ​ថែមទាំង​ចង់​លែងលះគ្នា​ទៀតផង​តែ​មិនទាន់បាន​ដាក់ពាក្យ​លែង លះ ។ ម្យ៉ាងទៀត​មួយរយៈ​ចុងក្រោយនេះ​ការរកស៊ី​របស់​ប្តី​នាង​ខ្ញុំ​ក៏មាន​បញ្ហា​ច្រើនទើប​នាង​ខ្ញុំ​មិន​ចង់​ធ្វើឱ្យប៉ះពាល់ដល់​ផ្លូវចិត្ត​របស់គាត់​បន្ថែម​ទៀត ។

​យើង​ក៏​បន្ត​រស់នៅ​ជាមួយគ្នា​ក្នុងស្ថានភាព​មើលមុខ​គ្នា​ស្ទើរ​មិន​ចំ​រហូតមកដល់​ពេលបច្ចុប្បន្ន ប៉ុន្តែ​ដោយសារតែ​កូនៗ​ទើប​នាង​ខ្ញុំ​ស៊ូទ្រាំ​ខាំមាត់​សង្កត់ចិត្ត ។ ទោះយ៉ាងណា​នៅពេល​បានឃើញ​ប្តី​នាង​ខ្ញុំ​យកចិត្តទុកដាក់​ទៅលើ​តែ នាង​ដែលជា​ប្រពន្ធចុង​របស់គាត់ចំណែក​ប្រាក់ចំណូល​ដែល​គាត់​រកបាន​ក៏ គាត់​ក្តោប​ក្តាប់​តែឯង នាង​ខ្ញុំ​មិនអាច​ទ្រាំ​បាន​នោះទេ ។ សូម​សួរថា​នាង​ខ្ញុំគួរតែ​ដាក់ពាក្យ​លែងលះ​ដែរ​ឬ​អត់ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​តាម​ការរៀបរាប់ស្ថានភាព​បច្ចុប្បន្ន​អ្នក​ទាំងពីរ​ហាក់​បាន​បែក​គ្នា​រួចទៅហើយ​នៅតែមនោសញ្ចេតនា​ជាមួយ​កូនៗនិងការ​លែងលះ​តាមផ្លូវ​ច្បាប់ដូច្នេះ​នាង​ប្រៀបបាននឹង​ស្ត្រី​មេម៉ាយ​មួយរូប​កំពុង​ចិញ្ចឹម​កូន​តែឯង ។​

​បើតាម​ការយល់ឃើញរ​បស់«​ប្រជាប្រិយ»ដើមឡើយ​អាពាហ៍ពិពាហ៍របស់​នា និងស្វាមីប្រហែល​មិនមែន​ដោយ​ការ​ស្ម័គ្រស្មោះ​ទាំងសងខាងនោះទេស្វាមី​របស់​នាង​មាន​ដៃគូ​ស្នេហាប្តូរផ្តាច់​មួយ​មុននឹង​រៀបការ​ជាមួយនាងហើយ​នាង​នោះ​ក៏​ប្រហែលជា​ប្រពន្ធចុង​បច្ចុប្បន្នរបស់​ស្វាមី​នាង ។ នៅពេល​ភាគី​មួយ​ក្នុងចំណោម​ប្តី​ប្រពន្ធចូល​រោងការ​ដោយ​ភាគី​ម្ខាង​មិនស្មោះត្រង់​ហើយ​នោះគឺ​វា​ងាយ​នឹងមាន​ការព្រងើយកន្តើយនិងអាចមានបញ្ហា​បែកបាក់​នៅពេល​មានការ​អូសទាញ​ពី​ខាងក្រៅ ។ ស្វាមី​របស់​នាង​ហាក់ដូចបានរៀបចំ​គម្រោង​រួច​ជាស្រេច​ថា​នឹង​ជ្រើសរើស​ស្រី​ស្នេហ៍​ដំបូង​របស់ខ្លួន​ជាជាង​នៅ​ជាមួយ​នាង ។​

ការពិត​ប្រហែលជា​បានកើត​ឡើងទៅតាម​ដំណើរ​បែបនេះ ។ បន្ទាប់ពី​បែកធ្លាយ​រឿង​រៀបការស្វាមី​របស់​នាងក៏បាន​ស្នើឱ្យ​នាង​ទទួលយក​ករណីនេះ ។ ប្រការនេះ​បញ្ជាក់ថាស្វាមី​របស់នាង​បានចាត់ទុក​នាងនិងកូនៗ​ជា​របស់​គ្មាន​ន័យ​ទៀតហើយ​សម្រាប់​គាត់ហើយ​អា​ពា​ហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរបាន​ដើរ​ដល់«​មាត់ជ្រោះ​មរណៈ​»រង់ចាំតែ​ខ្យល់​បក់​ទម្លាក់​ប៉ុណ្ណោះ ។​

​និយាយ​អំពី​ផ្លូវច្បាប់​វិញ តាម«​ប្រជាប្រិយ»​ដឹងកម្ពុជា​មានច្បាប់ឯក​ពន្ធភាព (​ប្តី​មួយ​ប្រពន្ធ​មួយ​) ដូច្នេះ​ទង្វើ​របស់​ស្វាមី​នាង​គឺជា​សកម្មភាពខុសច្បាប់ ព្រោះ​គាត់​មិនមែន​លួចលាក់មាន​ស្រី​នោះទេ ប៉ុន្តែ​នេះ​គាត់​បានរៀបការ​ជាមួយ​ស្រី​ផ្សេង​ពេលដែល​ខ្លួន​មាន​ប្រពន្ធពេញ​ច្បាប់រួចហើយ ។

​ជា​យោបល់​របស់«​ប្រជាប្រិយ»នាង​គួរតែ​ទៅរក​អ្នកច្បាប់​ឱ្យជួយដោះស្រាយហើយ​នាងក៏​គួរតែ​ត្រៀម​ចិត្តនិងកាយដើម្បី​ចិញ្ចឹម​កូនៗម្នាក់ឯងក្នុងករណីស្វាមី​ទទួលយក​ការលែងលះ ។ នាង​មិនគួរ​ព្រួយបារម្ភច្រើនពេក​នោះទេចូរ​រឹងមាំ​ឡើងកូនៗ​ទាំងពីរ​នឹង​ជាទីសង្ឃឹម​របស់​នាងហើយ​ចូរ​គិតថា​បុរស​ម្នាក់នេះ​លែង​ជាស្វាមី​របស់ខ្លួន​ទៀតហើយ គេ​គឺជាមនុស្ស​ដទៃ​ម្នាក់និងគ្រាន់តែ​ជា​អ្នក​ដែលមាន កាតព្វកិច្ច​ចិញ្ចឹម​កូនៗ​ទៅតាមអ្វីដែល​ច្បាប់បានកំណត់ ។ បើ​គិត​បាន​បែបនេះនាង​នឹង​លែងមាន​អារម្មណ៍ខ្វល់ខ្វាយ​ប្រចណ្ឌឬមួយខូចចិត្តក្នុងការ​សម្លឹងមើល​ស្វាមីមាន​ប្រពន្ធចុង ។​

​ក៏ប៉ុន្តែ​ក្នុងករណី​ដែល​ស្វាមី​របស់​នាង​មិន​ព្រម​លែងលះខ្ញុំ​យល់ថាវា​គឺជា​បញ្ហា​ធំ​ដែលនាង​ត្រូវ​ប្រឈម​ក្នុង​ជីវិតប្រសិន​គាត់​នៅតែ​ជាម​នុស្សដូច​បច្ចុប្បន្ន ព្រោះថា​អ្នក​ទាំងពីរហាក់​លែងមាន​មនោសញ្ចេតនា​ប្តីប្រពន្ធ ម្យ៉ាងទៀត​រឿង​សេដ្ឋកិច្ច​គ្រួសារ​គឺជា​រឿង​សំខាន់ប្រសិន​គាត់​ចេះតែ​ក្តោប​ក្តាប់​ប្រាក់ចំណូល​របស់គាត់ហើយ​ផ្តល់ទៅឱ្យ​តែ​ប្រពន្ធចុងពេលនោះ​នាង​នឹងមាន​អារម្មណ៍​ឈឺចាប់​បែបណា ?