ប្រដាល់​អន្តរជាតិ​នៅ CTN កម្ពុជា ឈ្នះ​ថៃ​ទាំង​អស់ ប៉ុន្តែ​ SEATV ថៃ​ឈ្នះ​​៣នាក់

ការ​ប្រកួត​ប្រដាល់​មិត្ត​ភាព​អន្តរជាតិ និង​ដណ្តើមខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន CTN ឬ​CNC និង​សង្វៀន SEATV សរុប​ចំនួន​៨​គូ កាល​ពី​ថ្ងៃ​សៅរ៍ និង​​ព្រឹក​ថ្ងៃ​អាទិត្យនេះ បាន​បង្ហាញ​ឲ្យ​ឃើញពី​លទ្ធ​ផល​ខុស​គ្នា​ដាច់ គឺ​នៅ CTN កីឡាករ​កម្ពុជា​បាន​ឈ្នះ​ទាំង​៤​នាក់ ប៉ុន្តែ​នៅ SEATV កីឡាករ​កម្ពុជា​បាន​ឈ្នះ​តែ​ម្នាក់​គត់ និង​បាន​ចាញ់​ថៃ​រហូត​ដល់​ទៅ​៣​នាក់។
2
សម្រាប់​ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិ នៅ​សង្វៀន CTN កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ អ្នក​​ប្រដាល់​មុខ​ស្រស់ ឡុង សុវណ្ណឌឿន និង​​ជា​ពិធី​ករ​ប្រដាល់​នៅ CTN បាន​​បុក​កែង​បណ្តាល​ឲ្យកីឡាករ​ចំណូល​ថ្មី​របស់​ថៃ Pyaseur Sitkroudoy សន្លប់​ធំត្រឹម​ទឹក​ទី​៣ រីឯ ចាន់ សំអាត បាន​ប្រើ​ពេលត្រឹម​១​ទឹក ក្នុង​ការ​វាយ​កីឡាករ​ថៃ Beer Thai Damkon Kongfa សន្លប់។
3
ចំណែក​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​កំពូល​អ្នក​ប្រដាល់​គោជល់ ទម្ងន់​៦៩​គីឡូ​ក្រាម កីឡាករ​កម្ពុជា សរ រាជសីហ៍ បាន​ឈ្នះ​កីឡាករ​ថៃ Fanimit Viriyakfarm ដោយ​ពិន្ទុ ខណៈ ពេជ្រ សីហា បាន​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Phangnum Loukmakhamvan ដោយ​ពិន្ទុ។
4
​នេះ​ជា​លទ្ធ​ផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ព្រោះ​កាល​ប្រកួត​បើក​ឆាក សរ រាជសីហ៍ ត្រូវ​បាន​ Phangnum វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ខណៈ ពេជ្រ សីហា បាន​ចាញ់​ Fanimit Viriyakfarm ដោយ​ពិន្ទុ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​ទាំង សីហា និង រាជសីហ៍ បាន​បង្ហាញ​ការ​ប្រកួត​ល្អ​បំផុត ក្នុង​ការ​វាយប្តូរ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ​ទាំង​២​នេះ ក្រោម​អ្នក​ទស្សនា​យ៉ាង​ច្រើន ហើយ​អាច​និយាយបាន​ថា ការ​ប្រកួត​ទាំង​២​គូ​នេះ បាន​ការជក់​ចិត្ត​ជាង​គូ​ប្រដាល់​ណាទាំង​អស់។
5
ដោយ​ឡែក សម្រាប់ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិ នៅសង្វៀន SEATV កាល​ពី​ថ្ងៃ​សៅរ៍ កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ស្រាល​របស់​កម្ពុជា ហ៊ឹម សេរី បាន​ចាញ់​អ្នក​ប្រដាល់​ថៃ Khun Lek ដោយ​ពិន្ទុ​ទាំង​​ទ្រោម​ខ្លួន ប៉ុន្តែ ជា សំនៀង បាន​ព្យាយាម​តាម​បុក​ជង្គង់​រហូតបាន​ឈ្នះ​កីឡាករ​ថៃ Chak Norounglek ដោយ​ពិន្ទុ។
6
1
ចំណែក​ការ​ប្រកួត​​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ម្ចាស់​ខ្សែ​ក្រវាត់​២ សុខ សុវណ្ណ បាន​ចាញ់​ពិន្ទុ​ថៃ Sakoun Phach Lek ហើយ​កីឡាករ​កម្ពុជា ម៉ន រដ្ឋា បាន​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Pheach Ngenthang ដែរ។ រីឯ កន ចន្ថា ​ត្រូវ​បាន​កីឡាករ​ថៃ Supper Chhai ទាត់​ឲ្យ​ខូច​ជើង​ក្រោម​នៅ​ទឹក​ទី​៣ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើមខ្សែ​ក្រវាត់​ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀនប៉ុស្តិ៍​លេខ​៥ កាល​ពី​ថ្ងៃ​សៅរ៍៕