អង្គុយ​លក់​ផ្កា​ឈូក​១​ថ្ងៃ ១៥ ម៉ោង រក​ចំណូល​ចិញ្ចឹម​ជីវិត​កំព្រា

“ចេះ​តែ​លក់ៗ​ទៅ! ឈឺ​ផង​អី​ផង ធ្វើ​ម៉េច​មិន​ដឹង​ពឹង​នរណា​បើ​ប្ដី-កូន​អី​គេ​ស្លាប់​ចោល​អស់​ហើយ សព្វ​ថ្ងៃ​រស់​នៅ​តែ​ឯង​ក្រោម​ឆត្រ​តើ​ក្មួយ”។ នេះ​ជា​ការ​លើក​របស់​ស្ត្រី​វ័យ ៧០ ឆ្នាំ​ឈ្មោះ គង់ ចម្រើន មាន​របរ​ជា​អ្នក​លក់​ផ្កា​ឈូក​នៅ​ក្បែរ​ព្រះអង្គ​ដង្កើល។

 

អង្គុយ​លក់​ផ្កា​ឈូក​១​ថ្ងៃ ១៥ ម៉ោង រក​ចំណូល​ចិញ្ចឹម​ជីវិត​កំព្រា

 

ស្ត្រី​ចំណាស់​ខាង​លើ​បាន​បន្ត​ថា មាន​រយៈ​ពេល ២០ ឆ្នាំ​ហើយ​នៃ​ការ​ប្រកប​មុខ​របរ​នេះ ដោយ​ចំណាយ​ពេល​អង្គុយ​លក់​ចាប់​ពី​ម៉ោង ៧ ព្រឹក​រហូត​ដល់​ម៉ោង ១០ យប់​ឬ​អាច​លើស​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង។ និយាយ​ពី​ប្រាក់​ចំណូល​វិញ បាន​ត្រឹម​តែ​ដោះស្រាយ​ការ​ហូប​ចុក​ប៉ុណ្ណោះ លើក​លែង​តែ​ថ្ងៃ​សីល​មួយ​ទេ ទើប​អាច​មាន​គេ​មក​ទិញ​ច្រើន។

 

ស្ត្រី​ដដែល​បន្ថែម​ថា ជា​ទូទៅ​គាត់​អាច​សល់​ប្រាក់​ជា​មធ្យម​ពី ៨ ម៉ឺន​រៀល ទៅ ១០ ម៉ឺន​រៀល​ក្នុង ១ ខែ បាន​ពី​ការ​លក់​ផ្កា​ឈូក អម​ដោយ​ធូប ទៀន បន្តិចបន្តួច។ ចំណូល​នៅ​សល់ ត្រូវ​ត្រៀម​សម្រាប់​ព្យាបាល​ពេល​ជំងឺ​ហឺត​ពេល​ធ្វើ​ទុក្ខ​ម្ដងៗ ព្រោះ​មិន​អាច​ព្យាបាល​បាន ហើយ​ត្រូវ​ប្រើប្រាស់​ថ្នាំ​បាញ់​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​ណា​ក្ដី។ “ខ្ញុំ​គ្រាន់​តែ​អស់​កម្លាំង​ក៏​សន្លប់​ដែរ ជា​ពិសេស​ខែ​រងា​ត្រជាក់ ធ្វើ​អី​មិន​កើត​ទេ​ក្មួយ ឥឡូវ​ក្បាល​ជង្គង់​ហើម​ដើរ​មិន​ចង់​កើត​ទៀត”។

 

ទោះ​បី​ជា​យ៉ាង​ណា ក៏​ស្ត្រី​ចំណាស់​រូប​នេះ​អះអាង​ថា នៅ​បន្ត​ការ​តស៊ូ​របស់​ខ្លួន ដើម្បី​ជីវិត​រស់ ព្រោះ​គ្មាន​នរណា​ទីពឹង​ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ។ ម្យ៉ាង​ទៀត ក៏​នៅ​មាន​ស្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​ទៀត​កំពុង​ប្រកប​របរ​ដូច​គ្នា​ដែរ និង​មាន​ជីវភាព​រស់​នៅ​មិន​ខុស​គ្នា​ទេ៕

 

អង្គុយ​លក់​ផ្កា​ឈូក​១​ថ្ងៃ ១៥ ម៉ោង រក​ចំណូល​ចិញ្ចឹម​ជីវិត​កំព្រា

 

អត្ថបទ & រូបថត៖ សំ ជំនាញ