ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ រួម​ទាំង​ថ្នាំញៀន​ជាង​២០០​គ្រាប់​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ រួម​ទាំង​ថ្នាំញៀន​ជាង​២០០​គ្រាប់​



​បាត់ដំបង ៖ គ្រឿងញៀន​ប្រមាណ​ជាង​២០០​គ្រាប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​បា​ន​ព្រមទាំង​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​មុខ​សញ្ញា​ជួញដូរ​យ៉ាងសកម្ម​ផង​ដែរ ខណៈ​ដែល​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង នៅក្នុង​មូលដ្ឋាន​។​ កិច្ចប្រតិបត្តិការ​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ ម៉ោង​២​រសៀល ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក អញ កា​ម៉ា​ល់ មេបញ្ជា​ការ​រង​ស្រុក​សំពៅ​លូន បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​នៅ​ចំណុច ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ ឡាញ់ លឹប ភេទ​ប្រុស អា​យុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ ព្រមទាំង​​ដកហូត​បាន​នូវ​គ្រឿ​ង​ញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​២១០​គ្រាប់ ដែល​ជន​នេះ​បាន​លាក់​ទុក​នៅ​ក្នុង​ខ្លួន។​

​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុខសញ្ញា​នេះ​គឺ​កម្លាំង​បាន​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​​គ្មាន​ឱកាស​ទាល់តែសោះ លុះ​នៅ​ថ្ងៃនេះ​កម្លាំង​បាន​ពើបប្រទះ​ក្នុងករណី​ជាក់ស្តែង​ទើប​យើង​អាច​បង្ក្រាប​តែម្តង ព្រមទាំង​បាន​ដកហូត​នូវ​គ្រឿងញៀន​ជាច្រើន​ថែមទៀត។​

​បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​កសាង​ឯកសារ​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​បាត់ដំបង​ដាក់ទោស​តាម​នីតិ​វិធី​ច្បាប់៕