ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពី​បទ​លក់​គ្រឿងញៀន​

ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពី​បទ​លក់​គ្រឿងញៀន​



បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​ស្រុក​ស្វាយ​ចេ​ក​មួយ​ក្រុម ​បាន​ចុះ​ល្បាត​នៅ​ចំណុច​ផ្លូវលំ​ខាងជើង​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ​ធ្វើការ​ចាប់​ខ្លួន​ជនសង្ស័យ​កំពុង​ចែកចាយ​ថ្នាំញៀន​បាន​ម្នាក់​ ​ដកហូត​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ ដែល​លាក់​ទុក​ក្នុង​ខ្លួន​បាន​ចំនួន​១០​គ្រាប់ ​ឆ្លងតាម​ការស្រាវជ្រាវ​បន្ត​នោះ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​លុះ​នៅ​ម៉ោង​១២​ព្រឹក​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ត្រពាំង​សំរោង ​ឃុំ​គោ​រមៀត ស្រុក​ថ្មពួក​ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ទៀត​ និង​ធ្វើ​ការ​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ បាន​ចំនួន​២៨​គ្រាប់​បន្ត​ទៀត​សរុប​ថ្នាំញៀន​ដែល​បង្ក្រាប​បាន​នោះ​៣៨​គ្រាប់​។​

​លោក​វរសេនីយ៍​ឯក​ បាប ​សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១​មានឈ្មោះ​ តឹក ​ធី ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ មុខរបរ​កសិករ រស់​នៅ​ភូមិ​ដូន​ណូយ ឃុំ​ទ្រាស ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ ទី២​មានឈ្មោះ ​ឌឹ​ម សុ​ខន ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ ​មុខរបរ​កសិករ​ រស់នៅ​ភូមិ​ត្រពាំង​សំរោង ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មា​នជ័យ​។​

លោក ​ចាប​ សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​នគរបាល​ជំនាញ​គ្រឿងញៀន​ បាន​ធ្វើ​ការ​សាក​សួរ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រួចមក​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ទាំង​២​នាក់​ពិតជា​អ្នក​លក់​គ្រឿងញៀន​ពិតប្រាកដ​មែន ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ទៀត ​ដើម្បី​យក​មក​លក់​បន្ត​ឲ្យ​អ្នកភូមិ​ តែ​សំណាងអាក្រក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បានតែ​ម្តង​។​ ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ ​ជន​សង្ស័​យ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​