ស្រ្តីកូរ៉េ​ខាងជើង​ម្នាក់ ​សុំឲ្យ​អាជ្ញាធរ​ចិន​ឈប់​បញ្ជូន​ជនជាតិ​កូរ៉េ​ខាងជើង​ត្រឡប់​ទៅវិញ

ស្ត្រី​កូរ៉េ​ខាងជើង​ម្នាក់ ​ដែល​បាន​លួច​រត់​គេច​ចេញ​ពី​ប្រទេស ​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ពិពណ៌​សៀវភៅ​នៅក្រុង​ប៉េកាំង ​ ហើយ​បាន​ឆ្លៀត​ឱកាស​នេះ ​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ចិន​ ធ្វើការ​លើកលែង ​កុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​កូរ៉េ​ខាងជើង ​ឲ្យ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញអី។ ជានិច្ច​ជាការល​​អាជ្ញាធរ​ចិន ​តែងតែ​ចាប់​ឃាត់​ខ្លួន​ប្រជាជន​កូរ៉េ​ខាងជើង ​ហើយ​បន្ទាប់​មក​បាន​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​វិញ​ ​ដែល​នេះ​គឺ​ជា​ទង្វើ​អមនុស្សធម៌​ណាស់។

ស្រ្តី​កូរ៉េ​ខាងជើង​ម្នាក់​ឈ្មោះ ​ហ៊ិនសេវ លី​ បាន​រត់​គេច​ចេញ​ពី​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​នៅ​ឆ្នាំ​១៩៩៧ ​ដោយ​បាន​លួច​ឆ្លង​ទៅ​កាន់​ប្រទេស​ចិន​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ នៅ​ថ្ងៃ​ទី​២៦ ​មីនា ​នៅក្នុង​ពិធី​តាំង​ពិពណ៌​សៀវភៅ ​នៅ​ទីក្រុង​ប៉េកាំង ​លោកស្រី​ម្នាក់​នេះ​ បានមានវត្តមាន ដើម្បីបង្ហាញ​​សៀវភៅ​មួយ​ដែល​គាត់​ទើបតែ​និពន្ធ​ ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​លោកស្រី ​ដែល​បាន​រត់ឆ្លង​ពី​កូរ៉េ​ខាង​ជើង ​ មក​កាន់​ប្រទេស​ចិន។

ស្រ្តីកូរ៉េ​ខាងជើង​ម្នាក់ ​សុំឲ្យ​អាជ្ញាធរ​ចិន​ឈប់​បញ្ជូន​ជនជាតិ​កូរ៉េ​ខាងជើង​ត្រឡប់​ទៅវិញលោកស្រី hyeonseo Lee អ្នកនិពន្ធសៀវភៅដែល​បាន​រត់​គេច​ខ្លួន​​ពីកូរ៉េ​ខាងជើង​

លោកស្រី​បាន​អំពាវនាវ​ថា ​សុំឲ្យ​អាជ្ញាធរចិន​ ឈប់​ចាប់​បញ្ជូន​ប្រជាជន​កូរ៉េ​ខាងជើង ​ឲ្យ​ត្រឡប់​ទៅ​កូរ៉េ​ខាងជើង​តទៅ​ទៀត។ ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​កូរ៉េ​ខាងជើង ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​វិញ​ ​គឺ​មាន​ន័យ​ថា ​ ប្រគល់​ប្រជាជន​ទាំងនោះ​ទៅ​ឲ្យ​អាជ្ញាធរ​ផ្តាច់ការ​កូរ៉េ​ខាងជើង ​ ធ្វើ​ទារុណកម្ម ​ ចាប់​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ​ និង​អាច​ត្រូវ​គេ​សម្លាប់ចោល​ផង​ក៏បាន ​ដោយចោទ​ថា​ជា​ខ្មាំង​ក្បត់ជាតិ។

យ៉ាង​ណាមិញ​លោកស្រី​បាន​រៀបរាប់​ពី​ បទ​ពិសោធន៍​ជីវិត​លោកស្រី​ថា​​ ពេល​ដែល​គាត់​បាន​រត់​ឆ្លង​ចូល​មក​ខាង​ទឹកដី​ចិន ​គាត់​ត្រូវ​បាន​នគរបាល​ចិន​ចាប់​ដាក់​ឃុំ​មួយ​រយៈ​ធំ។ ក្រោយ​មក​​គេ​​ក៏​បាន​ដោះលែង​គាត់ ​ ប៉ុន្តែ​គាត់​បាន​បង្ខំ​ចិត្ត​រស់​នៅ ​ដោយ​លាក់​កំបាំង​ខ្លួន ​និង​អត្តសញ្ញាណ​អស់​រយៈពេល​១១​ឆ្នាំ ​ដោយសារ​តែ​គាត់​ខ្លាច​ក្រែង​នគរបាល​ចិន​ ចាប់​បញ្ជូន​ឲ្យ​ទៅ​កូរ៉េ​ខាង​ជើង​វិញ។ សម្រាប់​លោកស្រី ​ប្រទេស​ចិន​ប្រៀប​បាន​នឹង​ស្ថានសួគ៌ ​ បើ​ប្រៀបធៀប​ទៅ​នឹង​កូរ៉េ​ខាង​ជើង ​ ​ក៏​ប៉ុន្តែ​លោកស្រី​នៅ​តែ​សុំ​សំណូមពរ​ទៅ​ខាង​អាជ្ញាធរ​ចិន​ មេត្តា​អត់ឱន​ដល់​ជនភៀស​ខ្លួន​កូរ៉េ​ខាងជើង ​ ដែល​ពួក​គេ​រត់​គេច​ពី​គ្រោះ​ទុរភិក្ខ​ ពី​ការ​កៀបសង្កត់​គ្រប់​បែបយ៉ាង​របស់​របប​កុម្មុយនីស្ត​ព្យុងយ៉ាង។

សូម​បញ្ជាក់ថា​ កន្លងមក ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន ​ តែងតែ​ធ្វើ​ការ​រិះគន់​ទៅ​ដល់​ចំណាត់ការ​របស់​អាជ្ញាធរ​ចិន ​ដែល​តែងតែ​ធ្វើបាប ​និង​ចាប់​បញ្ជូន​ជនភៀសខ្លួន​កូរ៉េ​ខាង​ជើង ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ​ ទាំងដឹង​ថា​ពេល​ត្រលប់​ទៅ​ដល់​កូរ៉េ​ខាង​ជើង​វិញ ​ ជន​ភៀស​ខ្លួន​ទាំង​នោះ ​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុគ ​ ធ្វើ​ទារុណកម្ម ​រឺ​ក៏​សម្លាប់​ចោល​ក៏​អាច​មាន។

យ៉ាងណា​ក៏ដោយ ​ រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា​ គេ​បាន​ចាប់​បញ្ជូន​តែ​ជន​អន្តោប្រវេស្តន៍​កូរ៉េ​ខាងជើង​ណា​ ដែល​រត់​មក​សំដៅ​រក​ការងារ​ធ្វើ​ នៅ​ចិន​តែ​ប៉ុណ្ណោះ។ ការ​ឆ្លើយ​ដោះសារ​បែប​នេះ​របស់​ចិន​ ត្រូវ​បាន​គេ​រិះគន់​បន្ថែម​ទៀត ​ថា​វា​មិន​សម​ហេតុផល​ទាល់តែ​សោះ​ ព្រោះ​ជា​ការពិត​ ជនភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​​ផ្សង​គ្រោះថ្នាក់​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាងជើង​ ព្រោះ​ពួក​គេ​មិន​អាច​ទ្រាំទ្រ​បាន​ នឹង​របប​នយោបាយ​ផ្តាច់ការ​ ​ហើយ​ចង់​មិន​ចង់ ​ពួក​គេ​ត្រូវតែ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹក​ដី​ចិន ​ដើម្បី​ចិញ្ចឹម​ជីវិត៕

ប្រភពៈ RFI