​សមត្ថកិច្ច​ចិន​ដោះលែង​អ្នកព័ត៌មាន​ពាក់ព័ន្ធ​ការស្នើឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​

សមត្ថកិច្ច​ចិន​បាន​ដោះលែងអ្នកសរសេរ​សារព័ត៌មាន​មួយ​រូបដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ការចុះផ្សាយ​អត្ថបទ​មួយ​ផ្សព្វផ្សាយ​ជា​សាធារណៈអំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី ស៊ី​ជីន ពីង ចុះចេញ​ពី​តំណែង​។​

​អ្នកសារព័ត៌មាន​ល្បីឈ្មោះ​មួយ​រូប​នៅ​ចិន​ឈ្មោះ Jia Jia ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពីដើម​ខែ​នេះ ដោយសារ​ចោទថា គាត់​សរសេរ​អត្ថបទ​ដោយដកស្រង់​ខ្លឹមសារពី​លិខិត​មួយអំពាវនាវ​ឲ្យ​លោក ស៊ី ជីន​ពីង ចុះចេញ​ពី​តំណែង​ជា​ប្រធានាធិបតី និង តំណែង​ផ្សេងទៀត​នៅក្នុង​បក្ស​។

​ប៉ុន្តែ​សារព័ត៌មាន​BBC ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា អ្នកសារព័ត៌មាន​រូប​នេះ​ត្រូវបានដោះលែង​វិញ​ហើយ បន្ទាប់​ពី​ការស៊ើបអង្កេត​។

មេធាវី​ការ​ក្តី​ឲ្យ​លោក​Jia Jia ថ្លែងថា ពេលនេះ កូនក្តី​របស់​លោក​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាពអាច​ទៅ​ជួប​ប្រពន្ធ​របស់​គាត់​វិញ​ហើយ​។​

​កាលពីដើម​ខែ​មីនា​នេះ លោក​Jia Jia បាន​ចុះផ្សាយ​លិខិត​មួយ ក្នុងន័យ​អំពាវឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង តែ​ការចុះផ្សាយ​នោះ​បាន តែ​រយៈពេល​ខ្លីក៏​ត្រូវ​អាជ្ញាធរ​បាន​លុប​ចេញ​វិញ​។​

​លិខិត​សរសេរ​ថា​“​សម​មិត្ត ស៊ី ជីន​ពីង ជាទី​ស្រលាញ់ យើង​ជា​សមាជិក​គណបក្ស​កុម្មុយនីស្ត​របស់​រដ្ឋ​។ យើង​សរសេរ​លិខិត​នេះ​សូមឲ្យ​លោក​លាលែង​ពី​តំណែង​ទាំង​អស់​នៅក្នុង​បក្ស​និង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​“​។​

​ក្រោយ​ការចុះផ្សាយ លោក Jia Jia និង​ក្រុមការងារ​១៦​នាក់​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ចនាំខ្លួន​ទៅ​សួរនាំ​ក្នុងនោះ​រួមទាំង អ្នកគ្រប់គ្រង អ្នក​កែសម្រួល​អត្ថបទ និង បុគ្គលិក ផ្សេងៗទៀត​។

​សមត្ថកិច្ច​ចិន​ដោះលែង​អ្នកព័ត៌មាន​ពាក់ព័ន្ធ​ការស្នើឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​លោក​Jia Jia​ អ្នកសារព័ត៌មាន​ជនជាតិ​ចិន​ដែលត្រូវដោះលែង(រូបថតពីសារព័ត៌មានBBC)

ប្រភពៈ VOD