តុលាការ​ចេញ​ដីកាចាប់ខ្លួន​សកម្មជនអារ៉ែង លោក អាឡិច

សកម្មជន​អារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អះអាង​ថា​លោក​នឹង​ចូលមក​ប្រទេសកម្ពុជា បើទោះជា​លោក​មិន​ទទួល​បាន​ទិដ្ឋា​ការ​ក៏​​​ដោយ​ ដើម្បី​ប្រឈម​មុខ​នឹង​តុលាការ ខណៈ​ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តកោះកុង​​​បាន​ចេញ​ដីកា​ចាប់ខ្លួន​រូបលោក។​

លោក អាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា​កាលពីឆ្នាំ២០១៥ ប្រាប់​វីអូឌី(VOD)​ថា​លោក​​បាន​ទទួល​​ដីកាមួយ​ ដោយ​ចៅក្រម​ស៊ើប​សួរ​ លោកស្រី ឈុន ដាវី​ ​ចោទ​ប្រកាន់​លោក​ពី​បទ​សមគំនិត​​​ក្នុង​អំពើ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយភ្ជាប់នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ​២០១៥និង​នៅថ្ងៃទី​១២ខែសីហា ឆ្នាំ​២០១៥។​ លោក​ អាឡិច​ ​បន្ត​ថា​តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកនិង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវ​ជ្រាវ​​ចាប់និង​នាំ​ខ្លួន​រូបលោក​ទៅពន្ធនាគារ​កោះកុងឬ​មណ្ឌ​លឃុំខ្លួន​បណ្តោះអាសន្ននៅកន្លែង​ចាប់ខ្លួន។

តុលាការ​ចេញ​ដីកាចាប់ខ្លួន​សកម្មជនអារ៉ែង លោក អាឡិច

សកម្មជនអារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥(រួបថតដោយMonica Prieto)

លោក អាឡិច ឲ្យ​ដឹង​ទៀត​ថា​លោក​​ក៏​បាន​ស្នើ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង សុំទិដ្ឋាការ​ចូល​មក​កម្ពុជាវិញ ដើម្បីចូល​រួម​សវនាការ​បំភ្លឺ​នៅខេត្តកោះកុង។ ប៉ុន្តែ​​លោក​ថា​ក្រសួងមហាផ្ទៃ​បានបដិសេធមិន​ទទួល​លិខិតនោះ។

វីអូឌីមិនអាចទាក់ទងមន្រ្តីក្រសួងមហាផ្ទៃ ដើម្បី​សុំការឆ្លើយ​តបភ្លាមៗ​បាននៅ​ឡើយទេ។

លោក អាឡិច បាន​បញ្ជាក់ថា​លោក​នឹង​រកមធ្យោបាយផ្សេងទៀត​ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា បើ​ទោះ​លោក​មិន​ទទួល​បាន​ទិដ្ឋាការ​ក៏ដោយ។​ លោកមានប្រសាសន៍ថា៖ “មានមូលហេតុពីរដែលខ្ញុំត្រូវត្រឡប់ទៅកម្ពុជាវិញ។ ហេតុផលទី១គឺដោយសារតែបេះដូងរបស់ខ្ញុំនៅកម្ពុជានិងទី២ខ្ញុំអាចចូលខ្លួនទៅឆ្លើយបំភ្លឺនៅសវនាការដើម្បីការពារយុត្តិធម៌សម្រាប់ខ្លួនខ្ញុំផ្ទាល់ រួមទាំងសកម្មជនមាតាធម្មជាតិ៣រូបទៀតដែលត្រូវចោទប្រកាន់ដោយគ្មានមូលដ្ឋាន”

លោកបញ្ជាក់ថា៖ “បើសិនជារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តមិនផ្តល់ទិដ្ឋាការដល់រូបខ្ញុំបាទ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើដំណើរទៅភ្នំពេញវិញនៅពេលសវនាការមកដល់នោះទេ។ ធ្វើបែបនេះ នគរបាលនឹងត្រូវអនុវត្តតាមដីកាដែលចេញដោយតុលាការខេត្តកោះកុងក្នុងការឃាត់ខ្លួនរូបខ្ញុំ ដែលនេះនឹងអាចធានាបានថាខ្ញុំអាចមានវត្តមាននៅក្នុងការជំនុំជំរះក្តី។ ខ្ញុំជឿជាក់ថានេះជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយដែលពិបាកនឹងយល់ ប៉ុន្តែខ្ញុំត្រូវតែមានជំហរដ៏ក្លាហានមួយដែលជាកត្តាលើកទឹកចិត្តដល់យុវជនដ៏ទៃទៀត”

គួរបញ្ជាក់ថា​សកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ហើយលោកអាឡិចត្រូវតុលាការខេត្តកោះកុងចោទលោកពីបទសមគំនិត។

កន្លងទៅ លោក អាឡិច បាន​អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ។ លោកបានហៅការចោទប្រកាន់របស់តុលាការថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោក អាឡិច មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគេចវេស ហើយខ្ញុំរីករាយក្នុងការចូលរួមក្នុងសវនាកាដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ…ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយសម្រួលឲ្យខ្ញុំបានចូលបំភ្លឺនៅតុលាការ”

សព្វថ្ងៃនេះ លោក អាឡិច ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីជនជាតិអេស្បាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ។ ការចាប់បញ្ជូនខ្លួនលោកអាឡិចធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។

លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំ និងចេះនិយាយភាសាខ្មែរ បានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕

ប្រភពៈ VOD