ថ្នាំ Zyloric គួរប្រើ​ដូច​ម្តេចទៅ​?

ថ្នាំ Zyloric គួរប្រើ​ដូច​ម្តេចទៅ​?

​ថ្នាំ​គ្រាប់ Zyloric ជា​អម្បូរ​ក្នុង​ត្រកូល​ថ្នាំ Allopurinol ។ ថ្នាំ​នេះ​មាន​លេខ ១០០ មី​លី​ក្រាម​, ២០០ មី​លី​ក្រាម និង ៣០០ មី​លី​ក្រាម​។ វា​ត្រូវ​បាន​គ្រូពេទ្យ យក​ទៅ​ប្រើប្រាស់ សម្រាប់​បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិក ដែល​កំពុងតែ​កើតមាន យ៉ាងច្រើន​ក្នុង​ខ្លួន អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ​ហ្គោដ ស្បែក​មាន​ដុំ​ពណ៌​ស​ដុះ​ឡើយ (Skin Tophi) ឬ​គ្រួស​ក្នុង​តម្រងនោម​។​

កម្រិត​នៃ​ការប្រើប្រាស់​លើ​មនុស្ស​ធំ​
ថ្នាំ Zyloric គួរតែ​ក្នុង​កម្រិត​ទាប់ ឬ ១០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​បន្ថយ​ការ​ប្រឈម នឹង​ផល​រំខាន​របស់​វា ហើយ​អាច​ដំឡើង កម្រិត​ប្រា​ស់បាន លុះត្រាតែ​ប្រើ​ទៅ មិន​មាន​ប្រសិទ្ធភាព ដល់​ការបញ្ចុះ​អាស៊ីត​អ៊ុយ​រិក​។ ខាងក្រោម​នេះ គឺជា​កម្រិត​ប្រើប្រាស់ ដែល​គ្រូពេទ្យ​អាច​ឲ្យប្រើ ៖

  • ​ករណី​ស្រាល គួរតែ​ប្រើ ១០០ ទៅ ២០០ មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​
  • ​ករណី​មធ្យម គួរតែ​ប្រើ ៣០០ ទៅ ៦០០ មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​
  • ​ករណី​ធ្ងន់ធ្ងរ​គួរតែ​ប្រើ ៧០០ ទៅ ៩០០ មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​

​ប្រសិនបើ​ការប្រើប្រាស់ ទាមទា​ឲ្យ​គិត តាម​ទម្ងន់​អ្នកជំងឺ គួរតែ​ប្រើ ២ ទៅ ១០ មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។​

​កម្រិត​នៃ​ការប្រើប្រាស់ ចំពោះ​កូន​ក្មេង​
​កូន​ក្មេង​អាយុ​តិចជាង ១៥ ឆ្នាំ​គួរតែ​ប្រើ ១០ ទៅ ២០ មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​កម្រិត​អតិបរមា ៤០០ មី​លី​ក្រាម​ជាង​រៀងរាល់ថ្ងៃ​។ ការប្រើប្រាស់​ថ្នាំ​នេះ ចំពោះ​កូន​ក្មេង គឺជា​រឿង​កម្រ​ណាស់ លើកលែងតែ ជំងឺមហារីក (​មហារីក​ឈាមស​) និង​បញ្ហា​លើ​អង់ស៊ីម​។​

កម្រិត​ប្រើប្រាស់​ចំពោះ​មនុស្ស​ចាស់​
ដោយសារតែ​គ្មាន​ទិន្នន័យ​ណាមួយ​ពិសេស ការប្រើ​កម្រិត​ថ្នាំ​ដ៏​តិច​បំផុត គួរតែ​អាច​ប្រើ សម្រាប់​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក​បាន​ហើយ​។​

ការប្រុងប្រយ័ត្ន​ពិសេសៗ​
Zyloric គួរតែ​ឈប់​ប្រើ​ភ្លាមៗ នៅ​ពេល​ចេញ​ជា​បញ្ហា​រមាស់​ស្បែក ឬ​បញ្ហា​ផ្សេងៗ​ទៀត ដែល​បញ្ជាក់​ថា​អា​លែ​ក​ស៊ី​។ ចូរ​បន្ថយ​កម្រិត​ថ្នាំ​ប្រើប្រាស់ លើ​អ្នកជំងឺ​មាន​បញ្ហា​ថ្លើម ឬ​តម្រងនោម​។ អ្នកជំងឺ​ដែល​កំពុងតែ​ប្រើ ថ្នាំ​បញ្ចុះ​ទឹកនោម ឬ ACE Inhibitor សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ខ្សោយបេះដូង ប្រហែលជា​អាច​មាន​បញ្ហា ខ្សោយតម្រងនោម​បាន​។ ការ​ដែល​គ្មាន​សញ្ញា លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ជាទូទៅ មិន​ត្រូវ​ប្រើ​ថ្នាំ Zyloric ឡើយ​។ ចំពោះ​ការ​ធ្វើ​ទុក្ខ​ស្រួចស្រាវ របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ ក៏​មិន​គួរ​ចាប់ផ្តើម​ប្រើ​ថ្នាំ​នេះ​ដែរ រហូត​ដល់​ស្ថានភាព​នោះ ធូរស្រាល​ទៅវិញ​អស់​សិន​។​

ផល​រំខាន​
ខាងក្រោម​នេះ គឺជា​ផល​រំខាន​មួយចំនួន ដែល​ត្រូវបាន​គេ​យល់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំ​មួយ​នេះ​។ ដោយសារ​តែ​ផល​រំខាន ចាប់ផ្តើម​កើតមាន វា​មិនមែន​មានន័យថា មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន បញ្ហា​អស់​ទាំងនោះ​ឡើយ​។​

  • ​អា​ឡែហ្ស៊ី​ស្បែក​ដូចជា កន្ទួល ឬ​រមាស់​
  • ​ងងុយដេក​
  • ​វិលមុខ​
  • ​មាន​បញ្ហា​ក្នុង​ពោះវៀន​ដូចជា រាគ​រុស ទល់​លាមក ក្អួតចង្អោ ឬ​ឈឺពោះ ក្តៅខ្លួន​
  • ​ល្ហិតល្ហៃ​
  • ​ឈឺក្បាល​
  • ​អស់កម្លាំង ស្ពឹកៗ ឬ​ឈឺ​ឈៀប ដូច​គេ​យក​ម្ជុលចាក់​
  • ​ស្របាំង​ភ្នែក​
  • ​ឈឺ​ទ្រូង​
  • ​ស្កូវ​សក់ ឬ​ប្រែ​ពណ៌​សក់​
  • ​លើស​សម្ពាធ​ឈាម​
  • ​សុដន់​រីក​ធំ​
  • ​ងាប់​លិង្គ ឬ​មិន​អាច​មាន​កូន​បាន​
  • ​មាន​បញ្ហា​ថ្លើម​
  • ​មាន​បញ្ហា​គ្រាប់​ឈាម​។​

​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​
​ថ្នាំ​មួយ​ប្រភេទ​នេះ មិន​គួរប្រើ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះកូន​ឡើយ​។ ចូរ​ប្រាប់​គ្រូពេទ្យ​ជានិច្ច ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ ឬ​មាន​គម្រោង​ចង់​មាន​ផ្ទៃពោះ មុន​ពេល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។