លំ​ហាត់ប្រាណ​ដោយ​ដើរ​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​ហានិភ័យ​មហារីក​ដោះ

យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​ដោយ​ដើរ​រយៈពេល​៣០​នាទី​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ជួយ​ឱ្យ​ស្ត្រី​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ដោះ​បាន​ប្រមាណ​ជា​១០​ភាគរយ ។

ការ​ពិសោធ​លើ​ស្ត្រី​អស់​រដូវ​ជិត​៦​ម៉ឺន​នាក់​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​បាន​រក​ឃើញ​ថា អ្នក​ដែល​ហាត់ប្រាណ​ច្រើន​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​មហារីក​ដោះ​បាន​១០​ភាគរយ​ធៀប​ទៅ​នឹង​អ្នក​ដែល​ហាត់ប្រាណ​តិច​ជាង​នេះ ។

លោក Agnes Fournier អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​វិទ្យាស្ថាន Institut Gustave Roussy បាន​ថ្លែង​ថា​៖ «​យើង​បាន​រក​ឃើញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ពេល​សម្រាក​ពី​ការងារ​ហាក់​មាន​កម្លាំង​ប្រឆាំង​យ៉ាង​រហ័ស​មួយ​ទៅ​លើ​ហានិភ័យ​មហារីក​ដោះ ។ ទោះជា​យ៉ាងណា ការ​ថយ​ចុះ​ហានិភ័យ​ដែល​យើង​បាន​រក​ឃើញ​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រាង​កាយ គឺ​បាន​ធ្លាក់​ចុះ​នៅ​ពេល​ដែល​សកម្មភាព​ត្រូវ​បាន​បញ្ឈប់​។ ជា​លទ្ធផល បណ្តា​ស្ត្រី​អស់​រដូវ​ដែល​ចាប់​យក​ការ​ហាត់ប្រាណ​គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កុំ​បញ្ឈប់​ទាំង​ពាក់កណ្តាល​ទី ខណៈ​អ្នក​មិន​ទាន់​ហាត់​គួរ​ពិចារណា​ចាប់ផ្តើម​ដ្បិត​ហានិភ័យ​របស់​គេ​អាច​នឹង​ថយ​ចុះ​យ៉ាង​រហ័ស​» ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​៖ «១២ MET-h ក្នុង​មួ​យស​ប្តា​ហ៍​អាច​ស្មើនឹង​ការ​ដើរ ឬ​ជិះ​កង់​៤​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ស្មើនឹង​ការ​លេង​កីឡា​ផ្សេង​ទៀត​២​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ម្យ៉ាងវិញទៀត វា​ស្រប​នឹង​អនុសាសន៍​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក​ដែល​កំណត់​ឱ្យ​ដើរ​យ៉ាងតិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ។ ដូច្នេះ​ការ​សិក្សា​របស់​យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​គេ​មិន​ចាំបាច់​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​លើសលប់​នោះ​ទេ ពោល​គឺ​ការ​ដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃជា​ការ​ស្រេច ។

ចំណែក​លោកស្រី Sally Greenbrook មក​ពី​មូលនិធិ Breakthrough Breast Cancer ថ្លែង​ថា​៖ «​មហារីក​ដោះ​ជា​ជំងឺ​សាមញ្ញ​ដែល​តែង​កើត​លើ​ស្ត្រី​អស់​រដូវ ។ ដូច្នេះ​វា​ពិតជា​ល្អ​ខ្លាំង​ណាស់​ដែល​លទ្ធផល​រក​ឃើញ​លើក​នេះ​បាន​បង្ហាញ​ភ័ស្តុតាង​ក្នុង​ន័យ​គាំទ្រ​ដល់​សារ​សុខភាព​របស់​យើង​ដែល​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​សម្រាប់​ស្ត្រី​ក្នុង​វ័យ​នេះ​គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​» ៕

ប្រភព៖ everyday

  • លំ​ហាត់ប្រាណ​ដោយ​ដើរ​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​ហានិភ័យ​មហារីក​ដោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: