ចាប់​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​រឹបអូស​៤​គីឡូក្រាម

ចាប់​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​រឹបអូស​៤​គីឡូក្រាម



ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ម្នាក់​ដែល​ជា​មេ​ជួញ​គ្រឿងញៀន​នៅ​ប្រទេស​ឡាវ ត្រូវ​កំលាំង​នគរបាល​ជំនាញ​ចាប់ខ្លួន រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន និង​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកក​សរុប​ទាំងអស់​ចំនួន​៤​គីឡូក្រាម ។ ប្រភេទ​គ្រឿងញៀន​ដែល​រឹបអូស​បាន​នេះ​ជា​គ្រឿងញៀន​ដែល​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ងងឹត ។

ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់ខ្លួន​មេ​គ្រឿងញៀន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ មីនា នៅ​ចំណុច​ក្បែរ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា ឡាវ ភូមិ​ខាំ​ផា​ន់ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដោយ​បាន​សហការ រវាង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។

មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ជា​មេ​គ្រឿងញៀន​នេះ​ឈ្មោះ ខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ  រស់នៅ​ភូមិ​ចម​ភិត ស្រុក​ខាំ​ខេត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ ដែល​បច្ចុប្បន្ន​ត្រូវ​ចាប់ខ្លួន​រួម​និង​វត្ថុ​តាង និង​រថយន្ត​Vigo ពណ៌​ស​មួយ​គ្រឿង​ជា​មធ្យោបាយ ។

នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​បានឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ជា​មេ​គ្រឿងញៀន​នេះ​គឺជា​មុខសញ្ញា ដែល​កំលាំង​សមត្ថកិច្ច​បាន​តាមដាន មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​នេះ ក៏​មាន​បក្សពួក​២​នាក់​ទៀត ជា​ជនជាតិ​ឡាវ​ដូច​គ្នា​និង​ជា​អ្នក​កាន់​គ្រឿងញៀន​ទាំងនោះ បាន​រត់​រួច​ចូល​ក្នុង​ព្រៃ​ឆ្លង​ចូល​ទឹកដី​ឡាវ​បាត់ ។

នគរបាល​ដដែល​ឱ្យ​ដឹង​បន្ត​ថា​៖ ស្រប​ពេល​ឡោម​ព័ទ្ធ​នៅ​ចំណុច​ប​ង្កោ​ល​ឡាក់​លេខ​៣២​ក្នុង​ព្រៃ បុរស​ជនជាតិ​ឡាវ​២​នាក់ ជា​អ្នក​កាន់​គ្រឿងញៀន​បាន​ទម្លាក់​វត្ថុ​តាង​ទាំងនោះ​ចោល រួច​រត់​ប្រផាប់​ប្រ​ភីង​ឆ្លង​ទៅ​ព្រំដែន​ឡាវ​បាត់​ស្រមោល ។ គ្រានោះ​នគរបាល​ជំនាញ​បាន​ធ្វើការ​បន្ត​ទៀត រហូត​ឈាន​ដល់​ចាប់​មេ​គ្រឿងញៀន​នោះ​ដែល​បើករថយន្ត​Vigo ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ដើម្បី​មក​ទទួល​លុយ​ពី​ការ​លក់​គ្រឿងញៀន ក៏​ត្រូវ​កំលាំង​នគរបាល​ធ្វើការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន រួម​នឹង​មធ្យោបាយ​ហើយ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាំង​វត្ថុ​តាង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ មីនា និង​ធ្វើការ​ពិនិត្យ​លើ​ថ្នាំ​ញៀន​ទាំងនោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៦ ។ ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង និង​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​តុលាការ​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។ សមត្ថកិច្ច​មិន​បានអោយ​ដឹង​ទេ ថា​តើ​មេ​គ្រឿងញៀន​រូប​នេះ​មាន​ទំនាក់ទំនង​មេ​គ្រឿងញៀន​នៅ​កម្ពុជា​រូប​ណាខ្លះ​នោះ​ទេ គឺ​ក្រោយ​ពេល​ចាប់​បាន ក៏​ស្ងប់ស្ងាត់​ទៅ ដែល​សមត្ថ​កិ​ច​ប្រាកដជា​បានដឹង ៕