គន្លឹះ ៨ ដើម្បី​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ពី​លោក Marcus Lemonis ម្ចាស់​ក្រុមហ៊ុន Camping World

លោក Marcus Anthony Lemonis គឺ​ជា​សេដ្ឋី​ពាណិជ្ជកម្ម​មួយ​រូប​សញ្ជាតិ​អាមេរិក លោក​ជា​វិនិយោគិន និង មាន​ជា​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទៀត​ផង​។ បច្ចុប្បន្ន​លោក Marcus Anthony Lemonis គឺ​ជា​នាយក​ប្រតិបត្តិ និង ជា​ប្រធាន​ក្រុមហ៊ុន Camping World និង ក្រុមហ៊ុន Good Sam Enterprises។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លះ​នៃ​ការ​ចែក​រំលែក​បទពិសោធន៍​របស់​លោក​ ដើម្បី​បង្កើត​ការ​រកស៊ី​មួយ​ប្រកប​ដោយ​ភាព​ជោគជ័យ។

 

១) បង្កើត​គម្រោង​អាជីវកម្ម ៖ លោក Marcus Lemonis បាន​រៀប​រាប់​ថា​ ប្រសិន​អ្នក​មិន​បង្កើត​គម្រោង​ឬ​ផែនការ​អាជីវកម្ម​នោះ​ទេ អ្នក​មិន​អាច​ប្រតិបត្តិការ​បាន​ល្អ​ឡើយ។ អ្នក​គួរ​ចេះ​សរសេរ​ចេញ​នូវ​គំនិត​ក្នុង​អាជីវកម្ម​របស់​អ្នក​រួច​ហើយ​ពិគ្រោះ​ជា​មួយ​អ្នក​ប្រឹក្សា​យោបល់​របស់​អ្នក​ដើម្បី​ទទួល​បាន​មតិ​យោបល់​ត្រលប់​មក​វិញ​។ អ្នក​ត្រូវ​រៀប​ចំ​ទុក​ជា​មុន​នូវ​គម្រោង​វាយ​ប្រហារ​ទីផ្សារ គម្រោង​ដើម្បី​យក​ឈ្នះ​គូ​ប្រជែង និង គម្រោង​ធ្វើ​ឲ្យ​ទាក់​ចិត្ត​មនុស្ស​គ្រប់​រូប​ឲ្យ​មក​រក​អ្នក។

 

២) ត្រូវ​មាន​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ក្នុង​រយៈ​ពេល​ច្បាស់​លាស់ ៖ លោក Marcus Lemonis ថ្លែង​ថា​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​មួយ​ចំនួន​ដួល​រលំ​ទៅ​វិញ​មិន​ដែន​ដោយ​សារ​ពួក​គេ​មាន​ផែន​ការ​អាជីវកម្ម​អន់​នោះ​ឡើយ ឬ មិន​អាច​រក​ធនធាន​មនុស្ស​បាន​ល្អ​នោះ​ទេ គឺ​ពួក​គេ​មិន​មាន​កញ្ចប់​ថវិកា​មួយ​ច្បាស់​លាស់​ក្នុង​ដែន​កំណត់​ពេល​វេលា​មួយ ហើយ​អ្នក​ក៏​ត្រូវ​ចេះ​ត្រៀម​ទុក​ជា​មុន​ផង​ដែរ​ នូវ​ហិរញ្ញវត្ថុ​បម្រុង​ពេល​មាន​ហានិភ័យ​ដើម្បី​កុំ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ក្ស័យធន​ទៅ​វិញ។

 

៣) រៀប​ចំ​ការងារ​ប្រចាំ​ថ្ងៃ ៖ លោក Marcus Lemonis ផ្តល់​ដំបូន្មាន​ថា នៅ​មុន​ពេល​ថ្ងៃ​ស្អែក​មក​ដល់​អ្នក​ត្រូវ​រៀប​ចំ​កាល​វិភាគ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​សិន​ថា​អ្នក​ត្រូវ​ធ្វើ​ការងារ​អ្វី​ខ្លះ ហើយ​នរណា​ខ្លះ​ដែល​អ្នក​នឹង​ជួប​ចរចា​ជាមួយ​នៅ​ថ្ងៃ​ស្អែក។

 

៤) យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​ខ្លួន ៖ លោក Marcus Lemonis ពន្យល់​ថា​ រឿង​សំខាន់​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ដើរ​ទៅ​មុខ​បាន​ល្អ គឺ​ការ​ធ្វើ​ឲ្យ​បុគ្គលិក​ខ្លួន​សប្បាយ​ចិត្ត​ ព្រោះ​នូវ​ពេល​បុគ្គលិក​ខ្លួន​សប្បាយ​ចិត្ត ពួក​គេ​នឹង​ធ្វើ​ឲ្យ​អតិថិជន​សប្បាយ​ចិត្ត នៅ​ពេល​ពួក​គេ​សប្បាយ​ចិត្ត​ពួក​គេ​នឹង​នៅ​ជា​មួយ​អ្នក​ជា​និច្ច​។

 

៥) ត្រូវ​មាន​ចំណេះ​ដឹង​ជំនាញ​ណា​មួយ​ច្បាស់​លាស់ ៖ លោក Marcus Lemonis រៀបរាប់​ថា​ប្រសិន​បើ​អ្នក​ចង់​បើក​អាជីវកម្ម​មួយ អ្នក​គួរ​តែ​ចេះ​ហាត់រៀន​ ឬ ធ្វើ​ការងារ​ឲ្យ​គេ​បាន​មួយ​រយៈ​សិន​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ច្បាស់​លាស់​ពី​ឧស្សាហកម្ម​ដែល​អ្នក​ចង់​ធ្វើ។

 

៦) បន្ត​បង្កើត​អ្វី​ដែល​ថ្មី​ដោយ​ខ្លួន​ឯង ៖ ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​ចេះ​បន្ត​បង្កើត​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត​ឲ្យ​ផលិតផល​ផល​ខ្លួន ឬ សេវាកម្ម​ខ្លួន​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ និង ដើម្បី​ទប់ទល់​នឹង​ការ​ប្រកួត​ប្រជែង​ពី​ដៃ​គូ​អាជីវកម្ម​ដទៃ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក Marcus Lemonis។

 

៧) យក​ចិត្ត​ផ្តោត​លើ​រឿង​តែ​មួយ​ក្នុង​ពេល​តែ​មួយ ៖ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​មួយ ឬ សេវាកម្ម​មួយ​ល្អ​ឥត​ខ្ចោះ​ អ្នក​ត្រូវ​ផ្តោត​ចិត្ត​តែ​មួយ​គត់​លើ​វា​ ដើម្បី​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ មាន​សារសំខាន់​ជាង​មុន គឺ​វា​ល្អ​ជាង​ទៅ​បង្កើត​អ្វី​ដែល​ថ្មី ហើយ​មិន​សូវ​មាន​ភាព​សំខាន់​ចំពោះ​អតិថិជន។

 

៨) ត្រូវ​ហ៊ាន​ដើរ​ឆ្លង​ភាព​ភ័យ​ខ្លាច​នៃ​ការ​បរាជ័យ ៖ លោក Marcus Lemonis ពន្យល់​ថា​ដើម្បី​ដើរ​ឲ្យ​ដល់​ភាព​ជោគជ័យ​ពិត អ្នក​ត្រូវ​ចេះ​ព្រងើយ​កន្តើយ និង កាត់​បន្ថយ​ឲ្យ​អស់​រាល់​ភាព​ភ័យ​ខ្លាច​នៃ​ការ​បរាជ័យ រាល់​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​ ចេញ​ពី​ក្នុង​ខ្លួន​ឲ្យ​អស់ ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com