ក្រុមម្ចាស់ពាន Khmer United រកបាន ៣ពិន្ទុយ៉ាងងាយ ដើម្បីឈរកំពូលតារាង

ភ្នំពេញ៖ ក្រុមបាល់ទាត់ Khmer United របស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុន រៀបចំពានរង្វាន់បាល់ទាត់ ពាក់កណ្ដាលអាជីព Khmer Real Estate Cup លើកទី៥ បានបន្ដយក ៣ពិន្ទុយ៉ាងងាយ បន្ទាប់ពីប្រកួតឈ្នះក្រុម Poukmak United ដោយលទ្ធផល ៧-១ សម្រាប់ការប្រកួតសប្ដាហ៍ទី២ នៃពូលA ដែលធ្វើឡើង នៅលើទីលានដំរីស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ ។

ជាមួយនឹងជ័យជម្នះលើកទី២នេះ បានធ្វើឲ្យក្រុម Khmer United ទទួលបាន ៦ពិន្ទុពេញ ដើម្បីឈរកំពូលតារាងពូលA ជាបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះក្រុម Blue Dragon ក្នុងថ្ងៃប្រកួតបើកឆាកដោយលទ្ធផល ៩-១ ។ ប៉ុន្ដែក្រុម RFL ក៏រកបាន ៦ពិន្ទុស្មើគ្នាផងដែរ បន្ទាប់ពីក្រុមនេះយកឈ្នះក្រុម Multi Media ដោយលទ្ធផល ៣-២ ធ្វើឲ្យក្រុមនេះឈររៀងទី២ ព្រោះមានគ្រាប់បាល់ចំណេញតិចជាងក្រុម Khmer United ។

ចំណែលទ្ធផល ៤ប្រកួតផ្សេងទៀត រួមមានក្រុម YFC បានយកឈ្នះក្រុម DN Youth ៤-០ ខណៈក្រុម Good Hill បានយកឈ្នះក្រុម V.Train ៣-០ ធ្វើឲ្យក្រុមទាំងពីរ មាន ៦ពិន្ទុស្មើគ្នា ដើម្បីឈរលេខរៀងទី៣ និងទី៤ ក្នុងតារាង ។ រីឯក្រុម Blue Dragon បានយកឈ្នះលើដំបូងលើក្រុម HHK ដោយលទ្ធផល ៣-០ និងក្រុមនិស្ស័យ យកឈ្នះក្រុមបក្សីស ដោយលទ្ធផល ៥-១ ។

ដោយឡែក ចំពោះលទ្ធផលការ ប្រកួតសន្សំពិន្ទុក្នុងពូលB នៅលើទីលានទន្លេមេគង្គវិញ ពេលនេះក្រុម EDC បានឈរកំពូលតារាងម្នាក់ឯង ព្រោះមាន ៦ពិន្ទុខ្ពស់ជាងគេ ក្រោយរកបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះ លើក្រុមបាសាក់ ដោយលទ្ធផល ៥-២ ស្របពេលក្រុមខ្លាំង ៣ក្រុមរកបានម្នាក់ ១ពិន្ទុ បន្ទាប់ពីប្រកួតស្មើគូប្រកួត ក្នុងនោះក្រុម Black Eagle ប្រកួតស្មើក្រុមរុក្ខាកីឡា ១-១ រកបាន ៤ពិន្ទុស្មើគ្នា ខណៈក្រុមស្ថាបនា ប្រកួតស្មើក្រុម Anvaya ១-១ ធ្វើឲ្យក្រុមស្ថាបនាមាន ៤ពិន្ទុក្នុងដៃផងដែរ ។

រីលទ្ធផល ៣ប្រកួតទៀត គឺក្រុមព្រៃសាលា បានយកឈ្នះលើកដំបូង លើក្រុម Ford ដោយលទ្ធផល ៤-៣, ក្រុមកូនខ្មែរ យកឈ្នះក្រុមខ្លាស ២-២ និងក្រុម  V.K United ប្រកួតស្មើក្រុម អាកាសចរណ៍ស៊ីវិល ១-១ ៕

ក្រុមម្ចាស់ពាន Khmer United រកបាន ៣ពិន្ទុយ៉ាងងាយ ដើម្បីឈរកំពូលតារាង

ក្រុមម្ចាស់ពាន Khmer United រកបាន ៣ពិន្ទុយ៉ាងងាយ ដើម្បីឈរកំពូលតារាង