ល្បិចកល​ពុករលួយ​របស់លោក គង់ ផល្លា​គុណ ប្រធាន​ស្នាក់ការ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ត្រូវបាន​លាតត្រដាង​

កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​បង្ក្រាប​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ត​ប្រភេទ​សាម​សុង អាយ​ហ្វូ​ន និង​អិ​ល​ជី គេចពន្ធ​ជិត​៥០០​គ្រឿង ហើយ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​៣​នាក់​ផងដែរ​។ ការបង្ក្រាប​នេះ​ត្រូវបាន​ប្រភព​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា ជា​ល្បិចកល​របស់លោក គង់ ផល្លា​គុណ ក្នុងការ​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​។ ជាងនេះទៅទៀត​មកពី​លោក គង់ ផល្លា​គុណ ដឹងខ្លួន​ជាមុន​ថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ត្រៀម​បង្ក្រាប​ទំនិញគេចពន្ធ​ដែល​នាំចូល​តាម​ជើងហោះហើរ​លេខ​OZ737(Seoul SiemReap) ដោយមាន​ជនជាតិ​កូរ៉េ​លួច​បង្កប់​ទូរស័ព្ទ​ក្នុង​វ៉ា​លី​ស​ឆ្លងកាត់​ព្រលានយន្តហោះ​នេះ​។

​ប្រភពពី​សមត្ថកិច្ច​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​ឲ្យ​ដឹងថា​ការពិត​លោក គង់ ផល្លា​គុណ ប្រធាន​ស្នងការ​គយ​និង​រដ្ឋាករ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ ដោយសារ​បែកការ​មុន​ទើប​លោក គង់ ផល្លា​គុណ និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​ជនជាតិ​កូរ៉េ​ដែល​នាំចូល​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​លោក គង់ ផល្លា​គុណ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​បញ្ជាក់ថា កន្លងមក​ទូរស័ព្ទ​ទំនើបៗ គ្រឿងអលង្ការ នាឡិកា ភ្លុក​ដំរី គ្រឿងសំអាង និង​សំលៀកបំពាក់​ថ្លៃៗ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយមាន​ការឃុបឃិត​ជាមួយ​លោក គង់ ផល្លា​គុណ​។ ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប គឺ​ដោយសារតែ​បង់ប្រាក់​តិចជាង​ការចំណាយ​នាំចូល​ឆ្លងកាត់​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ តាម​ការ​បង្ហើប​ពី​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​សៀមរាប​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគេ​ត្រូវរ៉ូវ​ជាមួយ​លោក គង់ ផល្លា​គុណ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​។ ជាពិសេស​ប្រហែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ទទួលបាន​ផលប្រយោជន៍ ទើប​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​ដែល​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ជា​បន្តបន្ទាប់ និង​លាតត្រដាង​រឿងអាស្រូវ​របស់លោក គង់ ផល្លា​គុណ ជា​សាធារណៈ​ផងដែរ​៕

ass-1 ass-3 ass-4