រឿង​មេឃុំ​ត្រពាំង​ផ្លុ​ង រក្សាទុក​ឈើ​គ្រញូង​ជាង​១០​តោន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​តុលាការ​បាន​ចុះទៅ​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​ប្រណីត​ជាង​១០​តោន​របស់​មេឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​ដឹងថា លោក​មេឃុំ​គឺជា​ឈ្មួញ​ជួញដូរ​និង​រក្សាទុក​ឈើ​គ្រញូង​ខុសច្បាប់​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុងស្រុក​ពញាក្រែក ក៏​រង់​ចាំមើល​ចំណាត់ការ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទៅលើ​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង​ផងដែរ ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​។

សូមបញ្ជាក់ថា​កន្លងមក​ខេត្ត​ត្បូងឃ្មុំ បានក្លាយ​ទៅជា​គោលដៅ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ស្រុក​យួន ហើយ​លោក ប្រាជ្ញ ចន្ទ ជា​អភិបាលខេត្ត មិនបាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ទាល់តែសោះ​។ លើស​នេះ​ទៅទៀត​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា វ័ន ប៊ុន​ថៃ និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ មន្ត្រីរាជការ​ក្នុងស្រុក​ពញាក្រែក បាន​លើកឡើងថា​ការដែល​មេឃុំ​ត្រពាំង​ផ្លុ​ង ស្តុក​ឈើ​គ្រញូង​ជាង​១០​តោន​ទុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន ក៏​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ងី វីរៈ ផងដែរ​។

ករណី​មន្ត្រី​តុលាការខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត និង​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក ដើម្បី​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​គ្រញូង​របស់​មេឃុំ​ត្រពាំង​ផ្លុ​ង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក គឺជា​ភស្តុតាង​បង្ហាញថា បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​បន្ត​កើតមាន​ឥតឈប់ឈរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មេឃុំ​ត្រពាំង​ផ្លុ​ង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ដោយ​ស្ម័គ្រចិត្ត​ទេ ហើយ​ថែមទាំង​ចោទប្រកាន់​លើ​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ថា​មក​ប្លន់​ទ្រព្យសម្បត្តិ​គាត់​ទៀតផង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ និង​ស្ថាប័ន​ជំនាញ ទៅលើ​មេឃុំ​ត្រពាំង​ផ្លុ​ង​ជា​បន្តទៀត ហើយ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនគួរ​មើលរំលង​ករណីនេះ​ឡើយ​៕

IMG_2736 IMG_2738 IMG_2737