បទល្មើស​បូម​ខ្សាច់​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ម៉ាស៊ីន​បូម​ខ្សាច់​ជាច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ ក៏ដូចជា​ការរស់នៅរ​បស់​ពួកគាត់​។ ការដែល​ឈ្មួញ​មួយចំនួន​អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​ស្ទឹង​ក្នុងស្រុក​ភ្នំក្រវាញ ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តពោធិ៍សាត់ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ច្រើនជាងគេ ទើប​មិន​ទប់ស្កាត់​បទល្មើស​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តពោធិ៍សាត់ និង​អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បូម​ខ្សាច់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រោះ​បើតាម​ដឹង​សកម្មភាព​បូម​ខ្សាច់​នោះ​ពុំមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ឡើយ​។ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ការ​បូម​ខ្សាច់​នៅ​ស្រុក​ភ្នំក្រវាញ​ផងដែរ ទើប​ខំ​ជួយ​បិទបាំង​សកម្មភាព​បូម​ខ្សាច់​ទាំងនោះ​។ ជាក់ស្តែង​លោក ម៉ៅ ធនិន មិនបាន​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​ស្របទៅតាម​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នោះទេ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​កន្លងមក​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ធ្លាប់បាន​ចុះបង្ក្រាប​ដោយផ្ទាល់​នៅតាម​មាត់​ស្ទឹង​ពោធិ៍សាត់ ដោយសារតែ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​។ ឥឡូវនេះ​សកម្មភាព​បូម​ខ្សាច់​តាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុង​ឃុំ​ដំណាក់​អំពិល កំពុង​កើតមាន​ជាច្រើន​កន្លែង​កំពុង​ធ្វើ​អាជីវកម្ម​តាមរបៀប​លាក់លៀម​ដោយមាន​ការឃុបឃិត​គ្នា​រវាង​ឈ្មួញ​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តពោធិ៍សាត់​។ ដូច្នេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏ដូចជា​ក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​សកម្ម​ភាព​បូម​ខ្សាច់​ខុសច្បាប់​នៅ​ស្រុក​ភ្នំក្រវាញ​ជាបន្ទាន់​៕

abc-18 abc-2-10 abc-6-3 abc-5-5