ទឹកដី​ខណ្ឌទួលគោក ពោរពេញ​ដោយ​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​

ក្រុមអាជីវករ​ក្នុង​ផ្សារ​ទួលគោក មួយចំនួន​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ក្នុង​ផ្សារ​នេះ​មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូចជា បៀ​កន្ទុយលេខ​ជាដើម ហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​លេងល្បែង​ភាគច្រើន​ជា​ស្ត្រី​ដែល​រកស៊ី​លក់ដូរ​នៅក្នុង​ផ្សារ​នេះ ហើយ​អ្នកខ្លះ​លេងល្បែង​ពី​ព្រឹក​ដល់​ល្ងាច​ដោយ​មិន​គិតគូរ​រកស៊ី​លក់ដូរ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឯក ឈុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​ទួលគោក ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ជាបន្ទាន់​។

តាម​ប្រភពពី​មន្ត្រី​សាលាខណ្ឌ​ទួលគោក​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការបង្ក្រាប​ល្បែងស៊ីសង​និង​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ខណ្ឌ​នេះ គឺជា​តួនាទី​របស់​អភិបាលរង​ម្នាក់​ឈ្មោះ ប៉ាង លីដា​។ ក៏ប៉ុន្តែ​ជាក់ស្តែង​រហូតដល់​ពេល​នេះ​មិនទាន់​ឃើញ​លោក ប៉ាង លីដា ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​ផ្សារ​ទួលគោក​ទេ ដែល​គេ​សង្ស័យថា​ខ្លាច​អំណាច​ប្រធាន​ផ្សារ​ទួលគោក​ដែលជា​មន្ត្រី​ប្រដាប់អាវុធ​។ ហេតុនេះហើយ​ទើប​ល្បែង​បៀ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ផ្សារ​ទួលគោក ចំណែក​ល្បែង​កន្ទុយ​លេខវិញ​ត្រូវគេ​បើក​លេង​យ៉ាង​ចំហ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​មាន​សេចក្ដីរាយការណ៍​ថា ប្រធាន​សន្តិសុខ​ផ្សារ​ទួលគោក គឺជា​អ្នកចាត់ចែង​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុង​ផ្សារ​នេះ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មន្ត្រី​សាលាខណ្ឌ​ទួលគោក​បា​នប​ង្ហើ​ប​ឲ្យ​ដឹងថា កន្លងមក​លោក ប៉ាង លីដា ធ្លាប់​ដឹកនាំ​បង្ក្រាប​ល្បែងស៊ីសង​ជាច្រើន​កន្លែង​ដូចជា ទូ​ហ្គេម ហ្គេម​បាញ់​ត្រី និង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។ ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​លោក ប៉ាង លីដា បង្ក្រាប​តែ​កន្លែង​ដែល​ខ្លួន​មិន​ទទួលបាន​ផលប្រយោជន៍​ប៉ុណ្ណោះ ចំណែក​កន្លែង​បក្ខពួក​របស់ខ្លួន​នៅតែ​បន្ត​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដែល​បញ្ហា​នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ​។ ក្នុងនោះ​ល្បែងស៊ីសង​នៅ​ផ្សារ​ទួលគោក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហេតុនេះ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ​៕

12900247_1538377596457817_173122380_nលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក aes-34