ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាលខេត្ត​កំពត​ថ្មី លុបបំបាត់​ល្បែងស៊ីសង​និង​អំពើចោរកម្ម​

កាល​ជំនាន់​លោក ខូ​យ ឃុន​ហួរ នៅ​ធ្វើជា​អភិបាល​ខេត្តកំពត បទល្មើស​ផ្សេងៗ​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម​។ ចំណែក​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ពុំមាន​សមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​នោះទេ​។ យូរៗ​ម្តង​នៅពេល​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងពេក​ទើប​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន ប៉ុន្តែ​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច គឺ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ មិនអាច​បង្ក្រាប​បានឡើយ​។

កាលពី​ថ្ងៃទី​២៤ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​កម្លាំង​នគរបាល​ខេត្តកំពត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ ចុះបង្ក្រាប​សង្វៀន​បញ្ជល់​មាន់​មួយកន្លែង​នៅ​ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ដែលមាន​ម្ចាស់​សង្វៀន​ឈ្មោះ តុ​ប យិន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់​រឹបអូស​បាន​ម៉ូតូ​ចំនួន​១៦​គ្រឿង និង​មាន់​៩​ក្បាល ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ក៏ប៉ុន្តែ​ប្រតិបត្តិការ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា ជា​ចំណាត់ការ​តូច​មួយ​ប៉ុណ្ណោះ ព្រោះ​នៅក្នុង​ខេត្តកំពត មាន​កន្លែង​លេងល្បែង​ស៊ីសង​និង​សង្វៀន​បញ្ជល់មាន់​ជាច្រើន​ទៀត​ដែល​សមត្ថកិច្ច​មិន​បង្ក្រាប​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាលខេត្ត​កំពត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ខូ​យ ឃុន​ហួរ យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន ជាពិសេស​ត្រូវ​លុបបំបាត់​អំពើចោរកម្ម​លួច​ឆក់​ប្លន់ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង ប្រកបដោយ​ប្រសិទ្ធភាព​។ បើ​មិន​ដូច្នេះ​ទេ​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ជាមិនខាន ព្រោះ​បច្ចុប្បន្ន​នៅ​ស្រុក​ទឹកឈូ ក្រុង​កំពត ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច​ជាដើម បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ជាងនេះទៅទៀត​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ក៏​គួរ​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​និង​ការជឿជាក់​ពី​ប្រជាពលរដ្ឋ​ផងដែរ​៕

12899934_1536708033291440_1081787150_nលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត 7ebfba8e-73c0-45e4-a536-08573d859dc4 e3cec425-ce22-47dd-9ecc-ede4b53732fc 69ff2194-bbd5-4e93-b8cf-b581762a87df