លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង មិនអាច​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​បានទេ

​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ លោក ជួប សារុន ដែលជា​ប្រធាន​មន្ទីរ បានបង្ហាញ​នូវ​ការខឹង​ច្រឡោត​យ៉ាងខ្លាំង​បន្ទាប់ពី​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​តាម​កាសែត គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ជាមួយគ្នានេះ​លោក ជួប សារុន កំពុង​ព្យាយាម​រកមុខ​មន្ត្រី​ក្នុង​មន្ទីរ​ដែល​ហ៊ាន​លាតត្រដាង​រឿងអាស្រូវ​របស់ខ្លួន​ផងដែរ ដើម្បី​ចាត់វិធានការ​សងសឹក​។ ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក ជួប សារុន ព្រោះ​រឿងនេះ​បានដឹង​ដល់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​រួចទៅហើយ ជាពិសេស​អគ្គាធិការដ្ឋាន​ក្រសួងបរិស្ថាន កំពុងបើក​ការស្រាវជ្រាវ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគេ​ធ្លាប់​ឃើញ​ក្រុមអធិការកិច្ច​និង​សវនកម្ម​នៃ​ក្រសួងបរិស្ថាន ធ្លាប់​ចុះទៅ​ត្រួតពិនិត្យ​ស៊ើបអង្កេត​នៅ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ផងដែរ​។ ក៏ប៉ុន្តែ​ចំណាត់ការ​របស់​ក្រុមអធិការកិច្ច​និង​សវនកម្ម​ក្រសួងបរិស្ថាន ធ្វើឡើង​តាមរបៀប​លេងសើច​ទើប​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងទៅនេះ លោក ជួប សារុន និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ក្នុង​មួយឆ្នាំៗ​មិនតិចជាង​២០០​លាន​រៀល​នោះទេ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ហើយ​គួរ​ចាត់ការ​តាម​ស្ថានភាព​ជាក់ស្តែង​ទៅលើ​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​។

​បន្ទាប់ពី​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ លោក ជួប សារុន កំពុង​ខំប្រឹងប្រែង​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ហើយ​ព្យាយាម​រកមុខ​មន្ត្រី​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​ទៅ​អ្នកកាសែត​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹងថា ចរិត​ប្ញ​ក​ពា​របស់លោក ជួប សារុន រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ខុសប្លែក​ពី​សព្វដង​ដោយសារតែ​មិនអាច​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​តទៅទៀត ក្នុងខណៈដែល​លោក ឈរ រតនៈ អគ្គាធិការ​នៃ​ក្រសួងបរិស្ថាន បាន​រាយការណ៍​រឿងនេះ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​សុំ​គោលការណ៍​។ មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ចាត់វិធានការ​ស៊ើបអង្កេត​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ប្រកបដោយ​តម្លាភាព​និង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក ជួប សារុន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

saysamal-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន