បើកបរ​មិន​ប្រយ័ត្ន ទៅ​ព្រលះ​នឹង​ម៉ូតូ​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​

បើកបរ​មិន​ប្រយ័ត្ន ទៅ​ព្រលះ​នឹង​ម៉ូតូ​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​



បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ជា​ជនរងគ្រោះ បាន​រង​របួស​ជា​ទម្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ បន្ទាប់ពី​ជនរងគ្រោះ​រូប​នេះ​បាន​បើកបរ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ហើយ​ក៏​ត្រូវ​រថយន្ត​ស៊ីទែន​មក​បុក​ពីក្រោយ បណ្តាល​ឲ្យ​សន្លប់​ស្តូក​លែង​ដឹងខ្លួនតែម្តង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១និង​៤០​នាទី ត្រង់​ចំណុច​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ រវាង​រថយន្ត​ម៉ាក​ហិ​កលី​ណឺ​ធុន​ដឹក​ជញ្ជូន​(​ស៊ី​ទែន​) ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​3B-7451 និង​បើកបរ​ដោយ​ឈ្មោះ ត្រោ​ល សូ​នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ជា​មួយ​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា និង​បើកបរ​ដោយ​ឈ្មោះ គិ​ន ផល្លី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់ ឃុំ​តា​លាស់ ស្រុក​មោងឬស្សី។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​រថយន្ត​ស៊ីទែន​១​គ្រឿង​ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​រថយន្ត​នេះ​បាន​បើកបរ​យ៉ាង​លឿន ​គឺ​គេ​គ្មាន​គិត​ថា​នៅ​ក្នុង​តំបន់​នេះ​គឺជា​ទីប្រជុំជន​នោះ​ទេ លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ ក៏បាន​ជ្រុល​ចង្កូត​ទៅ​ប៉ះ​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ​ពីក្រោយ​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ធ្លាក់​បោក​ទៅ​នឹង​ថ្នល់ ព្រមទាំង​បាន​រង​របួស​ជា​ទម្ងន់​ផង​ដែរ ដោយ​ភ្លាមៗ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី​នេះ​តែម្ដង។

នៅពេល​នោះ​ដែរ​ គេ​សង្កេត​ឃើញ​ថា អ្នកបើកបរ​រថយន្ត​មិនបាន​រត់គេច​ទៅ​ណា​នោះ​ទេ​ដោយ​គេ​បាន​ចូលខ្លួន​ទៅ​ធ្វើ​ការ​ដោះស្រាយ​នៅ​ក្នុង​អធិការដ្ឋាន​ ដើម្បី​បញ្ចប់​បញ្ហា ប៉ុន្តែ​នៅ​ពេលនេះ​សមត្ថកិច្ច និង​ក្រុមគ្រួសារ​កំពុង​តែ​ធ្វើការ​តាមដាន​ស្ថានភាព​អ្នករបួស​សិន​ ទើប​ធ្វើ​ការ​សម្រប​សម្រួល​គ្នា៕