ល្បាត ​ឈាន​ដល់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​សំខាន់​ម្នាក់​

ល្បាត ​ឈាន​ដល់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​សំខាន់​ម្នាក់​



កណ្ដាល ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ដែល​សមត្ថកិច្ច​អះអាងថា​ជា​មុខសញ្ញា​សំខាន់​ម្នាក់​ធ្វើ​សកម្មភាព​យ៉ាង​ងងើល​ក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល ដែល​សមត្ថកិច្ច​តាមដាន​ស៊ើបអង្កេត​ជា​យូរ​មកហើយ​នោះ មក​ដល់ពេលនេះ ​ដោយមាន​កិច្ចសហការ​ល្អ​ពី​ប្រជាពលរដ្ឋ​ល្អ​ ទើប​ឈានដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​លើ​ខ្នង​ប្រឡាយ​ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល។​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស៊ីម លី​ហៀ​ង​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ លក់​សាំង​ មាន​ទីលំនៅ​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

ចំណែក​វត្ថុតាង​ដកហូត​បាន​រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធន់​មធ្យម។ ទូរស័ព្ទ​ចំនួន​០២​គ្រឿង ​ម៉ាក​ណូគា​អ៊ិន​ចុច​ពិល​ចំនួន​០១​គ្រឿង ​និង​អាយ​ហ្វូ​ន​ស៊ីក​ចំនួន​០១​គ្រឿង​។ ម៉ូតូ​ម៉ាក​ឌូ​ក​ស៊េរី​២០១៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FE-៣៨៧៤។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ដែល​គេ​បាន​តេ​ប្រាប់​ថា​ ជនសង្ស័យ​បាន​ទាក់ទង​ដើម្បី​ទិញ​ថ្នាំញៀន​ទៅ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ទៀត បន្ទាប់ពី​និយាយ​គ្នា​ត្រូវរ៉ូវ​ហើយ ​ទើប​ផ្ដល់​ដំណឹង​ដល់​សមត្ថកិច្ច​ ដើម្បី​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ម្កាក់ ក៏​បាន​ចុះ​ល្បាត ហើយ​ប្រទះឃើញ​មុខសញ្ញា​ជា​ជន​សង្ស័យ​ខាងលើ និង​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ ទើប​រក​ឃើញ​ម្សៅ​ពណ៌​ស​ថ្លា ​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ធន់​មធ្យម។

ក្រោយពេល​សាកសួរ​ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា ​ខ្លួន​ពិត​ជា​បាន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ ជា ប៊ុន លី​ ហៅ​ង៉ុ​យ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ក​ ឃុំ​លំហាច​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល និង​ទិញ​ពី​ឈ្មោះ​ នៅ វិចិត្រ​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ប្រាកដ​មែន។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​រូបនេះ​ជា​មុខសញ្ញា​សកម្ម​ម្នាក់​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ ​ទើប​មកដល់ពេលនេះ​ ឃាត់ខ្លួន​បាន​ ហើយ​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕