ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ ​បិទ​ក្លិប «​អា​រី​ណា​»​ ​

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ ​បិទ​ក្លិប «​អា​រី​ណា​»​ ​



ភ្នំពេញ ​៖ ​ក្រោយពី​មាន​អំពើ​ហិង្សា​វាយ​កាប់​គ្នា​សឹង​មិនសូវ​លុះ​ថ្ងៃ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ក្លិប «​អា​រី​ណា​» បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ក្លិប​កម្សាន្ត​នោះ​ចោល បន្ទាប់​ពី​ក្រុម​ផឹកស៊ី​ស្រវឹង បង្កជម្លោះ​វាយតប់​គ្នា​នៅក្នុង​ក្លិប សាជាថ្មី​រហូតដល់​សមត្ថកិច្ច​បាញ់កាំភ្លើង​ពី​គ្រាប់​គំរាម​ទើប​ឈប់​។​

​អំពើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា​ជាថ្មី​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង១៥​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ក្លិប «​អា​រី​ណា​»​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៤ កែង​នឹង​ផ្លូវ​លេ​ខ​១០៣ ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បណ្ដាលឲ្យ​របួស​២​នាក់ ដោយ​ម្នាក់​ត្រូវ​ជើង និង​ម្នាក់​ទៀត​បែក​មាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​បង្ក​មួយ​ក្រុម​ប្រហែល​៦​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង បា​ន​នាំគ្នា​ចូល​ផឹកស៊ី នៅក្នុង​ក្លិប​កម្សាន្ត អា​រី​ណា ហើយ​ក៏បាន​បង្កជម្លោះ​វាយតប់​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ហើយ​ពេលនោះ​សន្តិសុខ​ក្លិប​ក៏បាន​ឃាត់ និង​ឲ្យ​ចេញ​មក​ក្រៅ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​អន្តរាគមន៍។​ បន្ទាប់​មក​ភាគី​ម្ខាង​ទៀត បាន​ចូល​ទៅ​ក្នុង​ក្លិប​វិញ ចំណែក​ភាគី​ជន​ទំនើង​មិន​អស់ចិត្ត ក៏បាន​ហៅ​បក្ខពួក​ជាច្រើន​នាក់​ទៀត មក​បន្ថែម​ចាំ​វាយ​ពេល​ចេញ​មកវិញ​។ បន្ទា​ប់​មក​សមត្ថកិច្ច បាន​ទៅ​ធ្វើ​ការណែនាំ ប៉ុន្តែ​ក្មេង​ទំនើង​ស្រវឹងស្រា​ជោកជាំ បាន​ស្រែក​ខ្លាំងៗ​មក​លើ​និង​មិន​ស្តាប់​សមត្ថកិច្ច​ឡើយ ដោយ​បាន​ទាញ​ដំបង និង​ខ្សែក្រវាត់​ដេញ​វាយ​បណ្ដាលឲ្យ​របួស​២​នាក់ ដោយ​ម្នាក់​ត្រូវ​ជើង និង​ម្នាក់ទៀត​បែក​មាត់ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ឡើងលើ​មេឃ​២​គ្រាប់ ដើម្បី​គំរាម។​

ប្រភព​ដដែល​បន្ត​ថា បើ​ទោះបីជា​សមត្ថកិច្ច​បាញ់​គំរាម​បែប​នោះ​ក្តី​ក៏​ពួកគេ​មិន​ខ្លាច​អ្វី​ឡើយ​បាន​ដេញ​វាយ​សមត្ថកិច្ច​ ដើម្បី​ដណ្ដើម​កាំភ្លើង ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​តាម​ក្បែរ​នោះ និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ ទើប​ពួកគេ​ជិះ​ម៉ូតូ​រត់​ធ្លាក់​ជង្ហុក​ខ្លួនឯង​ដួល តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន និង​ទប់​កំហឹង​មិនបាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង របួស​បែក​មុខ​បែក​មាត់។​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ទំនើង​រូប​នោះ ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​សួរនាំ​បន្ត​ចាត់ការ​តាមច្បាប់​។​
​ ​
ប្រជាពលរដ្ឋ​នៅ​ក្បែរ​ក្លិប​កម្សាន្ត​ «​អា​រី​ណា​» សុទ្ធតែ​ក្រុម​ក្មេង​ស្ទាវ​ចូល​ទៅ​ផឹកស៊ី បង្ក​ជា​ជម្លោះ​វាយ​កាប់​គ្នា​មិនសូវ​លុះ​ថ្ងៃ​ឡើយ ​ចំណែក​ជា​អាជ្ញាធរ​ និង​សមត្ថកិច្ច​មិនដែល​មាន​វិធានការ​ចំពោះ​ទីតាំង​នោះ​ឡើយ ទុក​ឲ្យ​បើក​រហូតដល់​មាន​អំពើ​ហិង្សា​សាជាថ្មី។​ ជាមួយ​គ្នា​នេះ ​ប្រជា​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​ក្លិប «​អា​រី​ណា​» បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចុះ​បិទ​ទីតាំង​ក្លិប​កម្សាន្ត​នោះ​ចោល ដើម្បីឲ្យ​ពួក​គាត់​មាន​សន្តិសុខ​សុវត្ថិភាព​ផង​៕

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ ​បិទ​ក្លិប «​អា​រី​ណា​»​ ​