ក្រសួង​ការបរទេស​កម្ពុជា​ កំពុង​តាមដាន​លើ​ការ​ព្រមាន​របស់​កូរ៉េខាងជើង

ក្រសួង​ការបរទេស​កម្ពុជា​ កំពុង​តាមដាន​លើ​ការ​ព្រមាន​របស់​កូរ៉េខាងជើង



ភ្នំពេញ ​៖ ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក​ជុំ សុន្ទរី បាន​មានប្រសាសន៍​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា មកដល់ពេលនេះ ក្រសួងការបរទេស​កម្ពុជា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​ស្រុក ដែល​បាន​ផ្សាយ​អំពី​ការព្រមាន​របស់​កូរ៉េខាងជើង​ទៅ​លើ​បណ្ដា​ស្ថានទូត​ទាំងឡាយ ដែល​មាន​ទីតាំងនៅ​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​នោះ។

លោក​ជុំ សុន្ទរី បាន​បញ្ជាក់​ថា​ «​យើង​កំពុង​តាមដាន​លើ​ករណី​នេះ​យ៉ាង​យកចិត្តទុកដាក់ ពីព្រោះ​នៅ​ពេល​នេះ​ហាក់​ដូច​ជា​ស្ងាត់​នៅ​ឡើយ សម្រាប់​ព័ត៌មាន​ជា​អន្តរជាតិ ហើយ​លោក​ខាង​លិច​ក៏​អត់​មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដែរ សម្រាប់​កូរ៉េខាងជើង​ចេះតែ​ផ្សាយ​ជា​ញឹកញាប់​មក​ហើយ ចេះ​តែ​ក្ដួងក្ដាំង​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍ ​ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​ផ្លូវការ​ទេ​»។

គួរ​រំលឹក​ថា ផ្អែក​តាម​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​បក​ស្រង់​សារព័ត៌មាន​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​លើក​ឡើង​ថា ទំនងជា​មាន​ភាព​តានតឹង​មែនទែន​ហើយ បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង បាន​ចេញ​ការព្រមាន​ឲ្យ​ស្ថាន​កុងស៊ុល និង​ស្ថានទូត ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្យុងយ៉ាង ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ចាប់ផ្តើម​ចាត់វិធានការ​ជម្លៀស​ប្រជាជន​របស់ខ្លួន ចេញពី​ប្រទេស​កូរ៉េខាងជើង ព្រោះ​លទ្ធភាព​នៃ​ការវាយប្រហារ​មី​ស៊ី​ល នឹងមាន​ក្នុងពេល​ឆាប់ៗ​នេះ​។​

សារព័ត៌មាន​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា ខណៈ​កូរ៉េខាងជើង ត្រៀមខ្លួន​រួចរាល់ ដើម្បី​ការវាយប្រហារ​នុយក្លេអ៊ែរ គឺ​គេ​ទុកពេល​៥​ថ្ងៃ​ឲ្យ​ស្ថានទូត​អង់គ្លេស និង​មន្ត្រី​ទូត​ការបរទេស​ផ្សេងទៀត ក្នុង​ទីក្រុង​ព្យុងយ៉ាង ជម្លៀស​ប្រជាជន​ចេញ​។ ស្ថានទូត​បរទេស ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងជើង មានដូចជា​ប្រទេស​កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ចិន ប៊ុល​ការី ប្រេ​ស៊ី​ល គុយបា សាធារណរដ្ឋ​ឆែក អេ​ស៊ី​ល អាល្លឺម៉ង់ ឥណ្ឌា អ៊ីរ៉ង់ ម៉ុង​ហ្គូ​លៀ នី​ហ្ស៊េ​រី​យ៉ា ប៉ា​គី​ស្ថាន ប៉ូឡូញ រូ​ម៉ា​នី រូ​ស្ស៊ី ស៊ុយ​អ៊ែត ស៊ី​រៀ និង​ចក្រភព​អង់គ្លេស​។​

រដ្ឋាភិបាល​អូស្ត្រាលី កំពុង​រៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​អូស្ត្រាលី រាប់ពាន់នាក់​ចេញពី​កូរ៉េខាងត្បូង​។ ចំណែក​ប្រទេស​ថៃ ក៏មាន​ផែនការ​ត្រៀម​ជម្លៀស​ប្រជាជន​ខ្លួន​ប្រមាណ​ជា ៤៣.០០០ នាក់ ចេញពី​កូរ៉េខាងត្បូង ក្នុង​រយៈពេល ៤៨​ម៉ោង តាមរយៈ​យន្តហោះ​ដឹកជញ្ជូន​យោធា​ប្រភេទ C-130 ពីរ​គ្រឿង និង​យន្តហោះ​ដឹក​អ្នកដំណើរ Airbus A310 មួយគ្រឿង ក្នុងករណី​មាន​ផ្ទុះ​សង្គ្រាម ។ កូរ៉េខាងជើង​បាន​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់ ខ្លួន​ទៅកាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត តម្រង់​ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន និង​ប្រកាសអាសន្ន​ទូទាំងប្រទេស ត្រៀម​វាយប្រហារ​នុយក្លេអ៊ែរ​លើ​សហរដ្ឋអាមេរិក​។​ចំណែក​និស្សិត​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅ​កូរ៉េខាងត្បូង បាន​សម្តែង​ការព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ចាត់វិធានការ​ភ្លាមៗ នៅ​គ្រា ដែល​កូរ៉េខាងជើង កំពុង​ប្រកាសអាសន្ន​។ តាម​ការប៉ាន់ស្មាន ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េខាងត្បូង មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ដែល​កំពុងធ្វើការ​នៅតាម​ចម្ការ រោងចក្រ និង​នៅតាម​ផ្ទះ​។ ពួកគេ​អាច​រកប្រាក់​ចំណូល​ច្រើនជាង​កម្ពុជា រហូតដល់​២៨០០​ដុល្លារ ក្នុង​មួយខែ​៕​