ផ្ទះ​ស្ត្រី​មួយ​រូប​ត្រូវ​​ខ្ទេច​​ហ្មត់​ឈឹង ​​ដោយ​សារ​កំហុស​ Google Maps

ក្រុមការងារ​របស់​ក្រុមហ៊ុន​វាយ​កម្ទេច​​ ​Billy L. Nabors Demolition ​​ បាន​វាយ​កម្ទេច​ផ្ទះ​ស្ត្រី​មួយ​រូប​​​ដោយ​អចេតនា​ ​ព្រោះ​តែ​​ផែនទី​របស់​ក្រុមហ៊ុន​ Google ផ្ដល់​ព័ត៌មានខុសពី​ទិស​តំបន់​ដល់​ពួក​គេ​។

 

ផ្ទះ​ស្ត្រី​មួយ​រូប​ត្រូវ​​ខ្ទេច​​ហ្មត់​ឈឹង ​​ដោយ​សារ​កំហុស​ Google Maps

 

​​​​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​​ដែល​មាន​ទីតាំង​នៅ​​​ក្នុង​តំបន់​មួយ​នៃ​រដ្ឋ​តិចសាស​ សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ Lindsay Diaz។ ​នាង​បាន​ថ្លែង​​ទាំង​សោក​ស្ដាយ​​ថា៖​ “ព្រោះ​តែ​កំហុស​របស់​ Google ​បណ្ដាល​ឲ្យ​​ខ្ញុំ​បាត់​បង់​ផ្ទះ”។

 

ឆ្លើយ​តប​នឹង​ហេតុ​ការណ៍​​ខាង​លើ​ ក្រុមហ៊ុន​ Google បាន​ទទួល​ស្គាល់​ពី​ការ​ធ្វេស​ប្រហែស​​នៃ​ផែន​ទី​របស់​ខ្លួន​តាម​រយៈ​អ៊ីម៉ែល ហើយ​​ក៏​បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​លើ​បញ្ហា​មួយ​នេះ។ នេះ​បញ្ជាក់​ថា​ក្នុង​ចំណោម​​កម្មវិធី​ផែនទី​ទាំង​អស់​ដែល​មាន​ដូច​ជា​ Apple Maps, Yahoo Maps និង​ MapQuest គឺ​សុទ្ធ​តែ​បង្ហាញ​ព័ត៌មាន​ពី​ទីតាំង​បាន​ត្រឹម​ត្រូវ​ល្អ​​ លើក​លែង​តែ​កម្មវិធី​ Google Maps ទេ​ដែល​បង្ហាញ​ខុស​គេ។

 

​​រហូត​មក​ទល់​ពេល​នេះ​​គេ​មិន​ទាន់​ដឹង​ទេ​​ថា​តើ​​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ នឹង​​មាន​ក្រុមហ៊ុន​ណា​មួយ​​​សង​ថ្លៃ​ខូច​ខាត​ដល់​ម្ចាស់​ទ្រព្យ​សម្បត្តិ​ឬ​យ៉ាង​ណា៕​​​​​​​​​​

 

ចុច​អាន៖ ​រូបភាព​ដាស់​តឿន​បង្ហាញ​ថា​ ​អ្នក​គួរ​កាត់​បន្ថយ​ពេល​ប្រើ​ស្មាតហ្វូន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​​​​​​​